ដាណាំង (Da Nang) ជាតំបន់ដែលមានរបរសិប្បកម្មប្រពៃណីជាច្រើន និងល្បីល្បាញទូទាំងប្រទេសដូចជា ចម្លាក់ថ្ម ងូ ហាញសឺន (Ngu Hanh Son) ធ្វើកន្ទេលនៅកឹមនេ (Cam Ne)...
ដាណាំង (Da Nang) ជាតំបន់ដែលមានរបរសិប្បកម្មប្រពៃណីជាច្រើន និងល្បីល្បាញទូទាំងប្រទេសដូចជា ចម្លាក់ថ្ម ងូ ហាញសឺន (Ngu Hanh Son) ធ្វើកន្ទេលនៅកឹមនេ (Cam Ne) ទឹកត្រីណាមអូ (Nam O) នំបាញ់ត្រាង ទុយលាន់ (Tuy Loan) នំស្ងួតល្ង យាយលៀវ (Lieu) ... ហើយមានទាំងរបរធ្វើនំបញ្ចុកក្រៀម ហ័រវ៉ាង (Hoa Vang)។ ថ្វីត្បិតតែរបរធ្វើនំបញ្ចុកក្រៀមនេះមិនទទួលប្រាក់ចំណូលបានច្រើនក៏ដោយ ប៉ុន្តែផលិតផលនេះទទួលបានការពេញនិយម
នំបញ្ចុកត្រូវបានថ្កល់លើធ្នើខ្ពស់យ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាអនាម័យក៏ដូចជាទាញយកសមត្ថភាពសម្ងួតតាមធម្មជាតិនៃពន្លឺនៃ
ប្រសិនបើប្រជាជននៃភាគខាងជើងចូលចិត្តមីសួរ ប្រជាជនភាគខាងត្បូងចូលចិត្តមីស្រស់ រីឯប្រជាជនក្នុងតំបន់ក្វាង (Quang) វិញ ចូលចិត្តហូបនំបញ្ចុកក្រៀម ដើម្បីកែច្នៃក្លាយទៅជាម្ហូបរបស់ពួកគេ។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងពិធីជប់លៀងសែនខួបម្ដងៗ ប្រជាជនក្នុងតំបន់ក្វាង (Quang) តែងតែប្រើប្រាស់នំបញ្ចុកក្រៀម ដើម្បីរៀបចំម្ហូបឆានិងសំឡ ដើម្បីទទួលភ្ញៀវ។ សរសៃនំបញ្ចុកក្រៀមគឺសាមញ្ញណាស់ នៅពេលកែច្នៃជាមួយគ្រឿងផ្សំមួយចំនួនដូចជា សាច់ ត្រី បន្លែ មើម ផ្លែ... ប្រែមកជាម្ហូបមានរសជាតិឆ្ងាញ់ និងស្រស់មិនអាចពិពណ៌នាបានទេ។ ហេតុដូច្នេះហើយ បើទោះបីជាមានវត្តមានរបស់គុយទាវ មីសួរ ហ្វើ... ជាមួយនឹងប្រភេទជាច្រើនដែលមានលក់នៅលើទីផ្សារក៏ដោយ ប៉ុន្តែនំបញ្ចុកក្រៀម ដាណាំង (Da Nang) នៅតែលេចចេញក្នុងតារាងមុខម្ហូបរបស់ស្ត្រីមេផ្ទះដែលប៉ិនប្រសប់ក្នុងតំបន់ក្វាង (Quang) ។
ដំណាក់កាលកែច្នៃអង្ករ មុនកិនម្សៅដើម្បីធ្វើនំបញ្ចុក។ រូបថត៖ ង្វៀនទ្រីញ
នៅក្នុងប៉ុន្មានថ្ងៃក្តៅនៃខែឧសភា យើងបានទៅភូមិ យឿងសើន (Duong Son) (ឃុំ ហ័រទៀន (Hoa Tien) ស្រុក ហ័រវ៉ាង (Hoa Vang) ទីក្រុង ដាណាំង (Da Nang)) ដើម្បីមកទស្សនារោងជាងធ្វើនំបញ្ចុកក្រៀម មានតាំងពីយូរយារណាស់មកហើយនិងល្បីល្បាញក្នុងភូមិនេះ។ នោះគឺរោងជាងធ្វើនំបញ្ចុករបស់លោក ង្វៀន ហុងយឿង (Nguyen Hong Duong) និងលោកស្រី ផាម ធីត្រា (Pham Thi Tra)។ ថ្ងៃដែលយើងមកជួបលោក យឿង (Duong) និងលោកស្រី ត្រា (Tra) ពួកគេកំពុងមមាញឹកក្នុងការធ្វើដំណាក់កាលចុងក្រោយនៃការធ្វើនំបញ្ចុក ដើម្បីត្រៀមរៀបចំនិងផ្តល់ដល់អតិថិជន។ លោកស្រី ត្រា (Tra) បាននិយាយថា រោងជាងធ្វើនំបញ្ចុករបស់គាត់មានអាយុ ៣០ ឆ្នាំហើយ ដែលស្ថិតក្នុងចំណោមរោងជាងវ័យចំណាស់បំផុត នៅទីក្រុង ដាណាំង (Da Nang) - ខេត្ត ក្វាងណាម (Quang Nam) ។
“កាលពីជាង ៣០ ឆ្នាំមុន នៅទីក្រុង ដាណាំង (Da Nang) - ខេត្ត ក្វាងណាម (Quang Nam) មានរោងជាងនំបញ្ចុកតែ ១ ឬ ២ ប៉ុណ្ណោះ ឥឡូវនេះ ទីក្រុង ដាណាំង (Da Nang) មានការអភិវឌ្ឍ ប៉ុន្តែមានរោងជាងមិនហួស ៥ កន្លែងឡើយ។ មូលហេតុដែលមនុស្សតិចតួចធ្វើប្រកបមុខរបរនេះ ព្រោះវាពិបាកណាស់ ហើយអ្នកត្រូវមានភាពល្អិតល្អន់គ្រប់ដំណាក់កាល ប៉ុន្តែចំណូលក៏មិនច្រើនដែរ» ។ លោកស្រី ត្រា (Tra) បានចែករំលែក។
ដើម្បីធ្វើនំបញ្ចុកក្រៀមស្វិតឆ្ងាញ់ត្រូវតែឆ្លងកាត់ដំណាក់កាលកែច្នៃយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ជាច្រើន។ រូបថត៖ ង្វៀនទ្រីញ
ដើម្បីមាននំបញ្ចុកក្រៀមមួយកញ្ចប់ជូនដល់អតិថិជន គឺដំណើរការដ៏យូរដូចជា ជ្រើសរើសអង្ករ ផ្អបអង្ករ កិនស្រូវ កៀបម្សៅ វេចខ្ចប់... លោកស្រី ត្រា (Tra) បាននិយាយថា ជារៀងរាល់ថ្ងៃ ប្រហែលម៉ោង ១ និង ០០ នាទី រសៀល ត្រូវយកអង្ករទៅលាង បន្ទប់មកទុកឲ្យស្ងួតក្នុងខណៈពេលប្រហែល ២ ម៉ោង ហើយកិនជាម្សៅ បន្ទាប់មកម្សៅត្រូវផ្អបក្នុងរយៈពេលប្រហែល ២ ម៉ោងទៀត ហើយយកទៅកៀបជាសរសៃ។ បន្ទាប់ពីកៀបម្សៅជារួចរាល់ហើយ ទុកនំបញ្ចុកក្នុងខណៈពេលមួយយប់ ដើម្បីទុកឲ្យស្ងួតតាមបែបធម្មជាតិ នាព្រឹកថ្ងៃបន្ត នំបញ្ចុកនឹងហាលថ្ងៃឱ្យស្ងួតទាំងស្រុង។
ការធ្វើនំបញ្ចុកក្រៀមពិតជាការងារដ៏លំបាកមួយនិងទាមទារភាពល្អិតល្អន់ ក្នុងដំណាក់កាលនីមួយៗ។ រូបថត៖ ង្វៀនទ្រីញ
ដើម្បីធ្វើនំបញ្ចុកក្រៀមតាមស្តង់ដា ពេលកែច្នៃជាមុខម្ហូប នំបញ្ចុកត្រូវមានសភាពទន់ ស្វិត មិនម៉ត់ ឆ្ងាញ់ មិនជូរ ហើយទាមទារអ្នកធ្វើមានបទពិសោធន៍ក្នុងការជ្រើសរើសអង្ករ ផ្អបអង្ករ ស្ងោនំបញ្ចុក ..ព្រោះពេលវេលាផ្អប និងសីតុណ្ហភាពទឹកពុះ គឺកំណត់គុណភាពនៃសរសៃនំបញ្ចុក។
នំបញ្ចុកធ្វើដោយដៃស្ទើរតែទាំងស្រុង មានតែដំណាក់កាលកៀបម្សៅក្លាយជាសរសៃដែលប្រើប្រាស់ម៉ាស៊ីន ដើម្បីសរសៃនំបញ្ចុកមានប្រវែងស្មើគ្នា និងជួយកាត់បន្ថយកម្លាំងពលកម្មផងដែរ។ ជាពិសេស នំបញ្ចុកក្រៀម ហ័រវ៉ាង (Hoa Vang) ធ្វើពីវត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ដោយមិនប្រើសារធាតុរក្សាទុក ដូច្នេះហើយ នំបញ្ចុកបានធានាសុវត្ថិភាពនិងអនាម័យចំណីអាហារ និងអាចរក្សាទុកបានយូរ។
ប្រជាជនភូមិ យឿងសើន (Duong Son) ឃុំ ហ័រទៀន (Hoa Tien) ស្រុក ហ័រវ៉ាង (Hoa Vang) មានរបរធ្វើនំបញ្ចុកក្រៀមប្រពៃណី
បច្ចុប្បន្ននេះ មុខរបរធ្វើនំបញ្ចុកក្រៀមនៅស្រុក ហ័រវ៉ាង (Hoa Vang) មានប្រជាជនដែលប្រកបមុខរបរនេះមិនច្រើនឡើយ ប៉ុន្តែដោយក្តីស្រលាញ់ និងការជក់ចិត្តចំពោះមុខរបរនោះ ប្រជាជនដូចជាលោក យឿង (Duong) និងលោកស្រី ត្រា (Tra) បានរក្សានូវមុខរបរប្រពៃណីរបស់ទីក្រុង ដាណាំង (Da Nang)។ ដោយផលិតផលនំបញ្ចុកក្រៀម ហ័រវ៉ាង (Hoa Vang) នៅតែបានអ្នកប្រើប្រាស់នៅក្រុង ដាណាំង (Da Nang) និងខេត្ត ក្វាងណាម (Quang Nam) និងឆ្ងាយបន្តិចទៀតគឺ ខេត្តក្វាងង៉ាយ (Quang Ngai) ជ្រើសរើស ដើម្បីធ្វើពិពិធកម្មម្ហូបអាហារប្រចាំថ្ងៃថែមទៀត និងរាល់ពេលមានកម្មវិធីជប់លៀង ទទួលភ្ញៀវពីជិត និងឆ្ងាយ./.
អត្ថបទនិងរូបថត៖ សហការី ង្វៀនទ្រីញ
ប្រែសម្រួលដោយង្វៀនយ៉ាង