ព័ត៌មាន

រដ្ឋាភិបាលវេណេស៊ុយអេឡាប្រគល់មេដាយ «វីរបុរសវេណេស៊ុយអេឡា» ជូនក្រុមជួយសង្គ្រោះវៀតណាម

នាព្រឹកថ្ងៃទី ៦ ខែកក្កដា (ម៉ោងក្នុងតំបន់) លោកវរសេនីយ៍ទោ Raúl Serrano Chacón បញ្ជាការដ្ឋានកងអង្គរក្សប្រធានាធិបតី អ្នកសម្របសម្រួលក្រុមជួយសង្គ្រោះវៀតណាម បានប្រគល់មេដាយ «វីរបុរសវេណេស៊ុយអេឡា» ថ្នាក់ទីមួយជូនក្រុមជួយសង្គ្រោះវៀតណាម និងមេដាយថ្នាក់ទីពីរដល់សមាជិកនៃក្រុម។

លោកវរសេនីយ៍ទោ Raúl Serrano Chacón បញ្ជាការដ្ឋានកងអង្គរក្សប្រធានាធិបតី ប្រគល់មេដាយជូនសមាជិកនៃក្រុមជួយសង្គ្រោះវៀតណាម។ រូបថត៖ VNA

នេះគឺជាពានរង្វាន់ដ៏ថ្លៃថ្នូរមួយពីរដ្ឋាភិបាលវេណេស៊ុយអេឡា ដើម្បីទទួលស្គាល់ការលះបង់ ភាពថ្លៃថ្នូរ និងវីរៈនិយមរបស់មនុស្សដែលមិនអើពើដល់ការលំបាកលំបិនណាមួយ បានលះបង់កម្លាំងកាយចិត្តដើម្បីការងារជួយឧបត្ថម្ភមនុស្សធម៌នៅប្រទេសវេណេស៊ុយអេឡា។

រដ្ឋាភិបាលវេណេស៊ុយអេឡាប្រគល់មេដាយ «វីរបុរសវេណេស៊ុយអេឡា» ជូនក្រុមជួយសង្គ្រោះវៀតណាម។ រូបថត៖ VNA

ថ្ងៃទី ៦ ខែកក្កដា គឺជាថ្ងៃធ្វើការទី ៦ របស់ក្រុមជួយសង្គ្រោះវៀតណាមនៅទីតាំងដីជាក់ស្ដែង ពោលគឺជាង ១០ ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីបានកើតឡើង។ រហូតមកដល់ពេលនេះ ក្រុម ជួយសង្គ្រោះវៀតណាមបាននាំជនរងគ្រោះចំនួន ៥៧ នាក់ចេញពីគំនរបាក់បែក ហើយបានប្រគល់ឲ្យវិញនិងជួយផ្លាស់ទីទ្រព្យសម្បត្តិជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់។ ទន្ទឹមនឹងការងារជួយសង្គ្រោះ ក្រុម វៀតណាមបានទៅសួរសុខទុក្ខ និងចែករំលែកជាមួយគ្រួសារប្រហែល ៥០០ ដែលបានបាត់បង់ផ្ទះសម្បែងហើយកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកខ្លាំង។ សាច់កំប៉ុងជាង ៣៦០ គីឡូក្រាម ទឹកដោះគោ ១០០ កេស មីជិត ៥០ កេស រួមជាមួយនឹងបរិមាណធំនៃភួយនិងសម្លៀកបំពាក់ការពារជំងឺរាតត្បាត ត្រូវបានប្រគល់ជូនប្រជាជនផងដែរ។

ទោះបីជាតម្លៃសម្ភារៈមិនធំក៏ដោយ ប៉ុន្តែវត្តមាននិងការជួយឧបត្ថម្ភទាន់ពេលវេលារបស់ក្រុមជួយ សង្គ្រោះវៀតណាមបានផ្តល់កម្លាំងខាងស្មារតីដល់ប្រជាជននៃប្រទេសមិត្តក្នុងអំឡុងពេលដ៏លំបាកបំផុត៕


top