ព័ត៌មាន

រដ្ឋាភិបាលវៀតណាមនឹងចេញផ្សាយភ្លាមៗ នូវដំណោះស្រាយជាច្រើនដើម្បីជំរុញគម្រោងសំខាន់ៗ នៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី ២៧ កក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញអំពីស្ថានភាពសេដ្ឋកិច្ចសង្គមខែកក្កដា និង ៧ ខែដំបូងនៃឆ្នាំ និងគម្រោងវិនិយោគសាធារណៈសំខាន់ៗ មួយចំនួនរបស់ទីក្រុង។
  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទីក្រុងហូជីមិញសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដូចជា៖ អត្រាកំណើន GRDP ក្នុងរយៈពេល ៦ ខែដំបូងត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជាង ៣,៨%; ការនាំចេញសរុបនៃទំនិញក្នុងរយៈពេល ៦ ខែត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជិត ២៥ ពាន់លានដុល្លារ ហើយការទាក់ទាញការវិនិយោគពីបរទេសសម្រេចបានជាង ២ ពាន់លានដុល្លារ… ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើនូវទិសដៅ និងភារកិច្ចមួយចំនួនដែលទីក្រុងត្រូវអនុវត្តន៍នាពេលខាងមុខ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងហូជីមិញបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺផ្សេងៗដូចជាជំងឺគ្រុនឈាម ជំងឺអុតស្វា...។ ជាពិសេស ទីក្រុងត្រូវផ្តោតការយកចិត្តទុកដាក់លើការពិនិត្យឡើងវិញ និងបំពេញបន្ថែមដំណោះស្រាយ ដោយប្តេជ្ញាថា នឹងសម្រេចបាននិងលើសពីការអនុវត្តន៍គោលដៅសេដ្ឋកិច្ច សង្គមចំនួន ១៩ សម្រាប់ ឆ្នាំ ២០២២។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃខាងមុខ រដ្ឋាភិបាលនឹងចេញផ្សាយភ្លាមៗនូវដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីជម្រុញគម្រោងការសំខាន់ៗនៅទីក្រុងហូជីមិញ ដូចជា៖ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ទីក្រុងហូជីមិញ; គម្រោងសាងសង់ស្ថានីយ T3 អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និងតភ្ជាប់ផ្លូវចរាចរណ៍។

មុននោះ នាព្រឹកថ្ងៃទី ២៧ កក្កដា នាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗចំនួនពីរនៅទីក្រុងហូជីមិញ គឺគម្រោង Metro Ben Thanh - Suoi Tien និងគម្រោងសាងសង់ផ្លូវបំបែកចរាចរណ៍ An Phu ទីក្រុង Thu Duc៕


top