ព័ត៌មាន

រដ្ឋសភាអនុម័តលើសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី១៦ មិថុនា នៅទីក្រុងហាណូយ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣; ច្បាប់ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់មូលដ្ឋាន (វិសោធនកម្ម)។
ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

គួរកត់សម្គាល់ថា មាត្រា ១១០ នៃរដ្ឋធម្មនុញ្ញ(វិសោធនកម្ម)បានចែងថា អង្គភាពរដ្ឋបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមត្រូវបានរៀបចំជាពីរកម្រិត រួមមានខេត្ត និងក្រុងចំណុះមជ្ឈិម និងអង្គភាពរដ្ឋបាលក្រោមខេត្ត និងក្រុងចំណុះមជ្ឈិម ដែលត្រូវបានកំណត់ដោយច្បាប់។ អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេសត្រូវបានបង្កើតឡើងដោយរដ្ឋសភា។ សេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ចូលជាធរមានចាប់ពីថ្ងៃអនុម័ត (ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥)។ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖ “ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញបានក្លាយទៅជាសកម្មភាពនយោបាយដ៏ទូលំទូលាយ ដែលបង្ហាញពីស្មារតីនៃភាពជាម្ចាស់ លើកកម្ពស់បញ្ញាសមូហភាព ទំនួលខុសត្រូវ និងសេចក្តីស្នេហាជាតិរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ សេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះត្រូវបានរដ្ឋសភាពិភាក្សាជាក្រុម និងពិភាក្សានៅសាលប្រជុំចំនួន ៣លើក ដោយបង្ហាញពីភាពប្រុងប្រយ័ត្ន មឹងម៉ាត់ ចង់ចេះចង់ដឹង និងទំនួលខុសត្រូវរបស់រដ្ឋសភានិយាយរួម និងសមាជិកសភានីមួយៗនិយាយដោយឡែក ចំពោះការងារដ៏មានសារៈសំខាន់នេះ។ មកទល់ពេលនេះ អាចបញ្ជាក់បានថា ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញបានធានានូវនីតិវិធីដែលបានកំណត់ ធានាតម្រូវការនៃវឌ្ឍនភាព ធ្វើពិពិធកម្មទម្រង់សម្រាប់ប្រជាជនចូលរួមមតិ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងបានត្រៀមខ្លួនជាស្រេចសម្រាប់សមាជិកសភាបញ្ចេញមតិក្នុងឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ”។

បន្ទាប់ពីសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំអង្គភាពរដ្ឋបាលមូលដ្ឋាន (វិសោធនកម្ម) ត្រូវបានរដ្ឋសភាអនុម័តរួចមក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តចំនួន ៣៤ ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ រួមជាមួយនឹងសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្ត។ នេះនឹងក្លាយជាមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងស៊ីសង្វាក់គ្នា ដោយធានាថាអង្គភាពរដ្ឋបាលទាំងអស់នៅទូទាំងប្រទេសអនុវត្តប្រកបដោយសមកាលកម្មនូវគំរូអង្គភាពរដ្ឋបាលមូលដ្ឋានពីរកម្រិត និងអង្គភាពរដ្ឋបាលបន្ទាប់ពីការបង្រួម នឹងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥៕


top