ព័ត៌មាន

រដ្ឋសភាបន្តការផ្លាស់ប្តូរថ្មី និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីបម្រើប្រទេសជាតិ

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សម័យប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ បានបើកជាផ្លូវការនៅវិមានរដ្ឋសភា ទីក្រុងហាណូយ។ ប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃ (បញ្ចប់នៅរសៀលថ្ងៃទី ៩ ខែមករា) កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងសម្រេចលើខ្លឹមសារ បញ្ហាសំខាន់ៗមួយចំនួនរបស់ប្រទេសជាតិ តាមសំណើរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ បញ្ជាក់ជាថ្មីនូវស្មារតីផ្លាស់ប្តូរថ្មីដ៏រឹងមាំ និងខ្លាំងក្លារបស់រដ្ឋសភា ដើម្បីគោលដៅដ៏ឧត្តុងឧត្តមគឺបម្រើជាតិ និងប្រជាជាតិ។
  ពិធីគោរពទង់ជាតិក្នុងសម័យប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ ។ (រូបថត៖ quochoi.vn)  

នេះជាលើកទី២ហើយ ដែលរដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាចាំបាច់ និងបន្ទាន់របស់ប្រទេសជាតិ បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញលើកទី ១ បានធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២២។ ការរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២ បន្តបង្ហាញភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់រដ្ឋសភា ក្នុងការបង្កើតមូលដ្ឋានច្បាប់ ដើម្បីដោះស្រាយកិច្ចការបន្ទាន់របស់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះ ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ដ្ឋសភា បន្តការច្នៃប្រឌិតនិង ប្រតិបត្តិការកាន់តែមានភាពបត់បែន និងមានប្រសិទ្ធភាព។

បន្តស្មារតីនវានុវត្តន៍ លើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ

បើប្រៀបធៀបនឹងសម័យប្រជុំលើកទី១ កាលពីមុននេះមួយឆ្នាំ  ចំណុចថ្មីក្នុងសម័យប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភា នីតិកាលទី១៥ លើកនេះគឺការរៀបចំកិច្ចប្រជុំទល់មុខគ្នានៅវិមានរដ្ឋសភា ជំនួសឲ្យការប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត ដែលតភ្ជាប់បណ្តាញពីវិមានរដ្ឋសភាទៅកាន់ខេត្ត និងក្រុងទូទាំងប្រទេស។ គួរកត់សម្គាល់ថា ពេលវេលារៀបចំកិច្ចប្រជុំត្រូវបានកាត់បន្ថយត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ (ចាប់ពីថ្ងៃទី ៥-៩ ខែមករា ឆ្នាំ ២០២៣ ធៀបនឹងថ្ងៃទី ៤-១១ ខែមករា ឆ្នាំ ២០២២)។ ដូច្នេះ សូម្បីតែនៅក្នុងសកម្មភាពច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់បំផុតរបស់រដ្ឋសភានាពេលថ្មីៗនេះនៃសម័យប្រជុំវិសាមញ្ញក៏ដោយ ក៏ស្មារតីនៃការច្នៃប្រឌិតនៅតែបន្តត្រូវបានលើកកម្ពស់យ៉ាងខ្លាំងក្លាផងដែរ។

ទន្ទឹមជាមួយគ្នានោះ ការរៀបចំសម័យប្រជុំវិសាមញ្ញរដ្ឋសភាលើកទី២ ក៏ស្របតាមខ្លឹមសារ និងស្មារតីនៃសេចក្តីសម្រេចចិត្តលេខ២៧-NQ/TW ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការបន្តកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី រួមទាំងការតម្រូវឱ្យបន្តមានការផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភាក្នុងទិសដៅស្រាវជ្រាវដើម្បីបង្កើនចំនួនសម័យប្រជុំរដ្ឋសភាដោយសមហេតុផល។

លោក Nguyen Si Dung អតីតអនុប្រធានការិយាល័យរដ្ឋសភាបានមានប្រសាសន៍ថា នាពេលកន្លងមក ជាពិសេសក្នុងឆ្នាំ ២០២២ រដ្ឋសភាបន្តជំរុញស្មារតីនៃការបង្កើតថ្មីយ៉ាងខ្លាំងក្លា និងរឹងមាំក្នុងខ្លឹមសារ និងរបៀបប្រតិបត្តិការ។ ប្រកាន់ខ្ជាប់នូវការពិតជាក់ស្តែងនៃជីវភាពប្រចាំថ្ងៃដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលា បន្តរួមដំណើរជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយការលំបាកដែលបានជួបប្រទះ។ នេះជាការផ្លាស់ប្តូរអភិបាលកិច្ចជាតិគួរឲ្យកត់សម្គាល់។  “រដ្ឋាភិបាលរួមជាមួយរដ្ឋសភា ដែលជាស្ថាប័នពីរនៃអភិបាលកិច្ចជាតិ។ រដ្ឋាភិបាលរៀបចំគោលនយោបាយ ហើយរដ្ឋសភាវាយតម្លៃគោលនយោបាយ។ រដ្ឋាភិបាលរៀបចំការអនុវត្ត ហើយរដ្ឋសភាត្រួតពិនិត្យ។ ដូច្នេះ ការរៀបចំសម័យប្រជុំវិសាមញ្ញរដ្ឋសភាជាកាតព្វកិច្ចត្រូវប្រតិបត្តិការ។ ក្នុងដំណើរការអភិបាលកិច្ច  ជារឿងធម្មតាដែលមានប្រតិកម្មនៅពេលដែលបញ្ហាជីវភាពកើតឡើង។ ការដែលរដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញកាន់តែច្រើន គឺជាសញ្ញាល្អ ព្រោះ ជួយយើងឆ្ពោះទៅរកអភិបាលកិច្ចជាតិកាន់តែប្រសើរ រដ្ឋសភាមួយប្រកបដោយវិជ្ជាជីវៈជាង”។

ពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើន ដើម្បីគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ

សម័យប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភានីតិកាលទី១៥ ប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិទាំងមូលកំពុងបន្តខិតខំប្រឹងប្រែងអនុវត្តភារកិច្ចនយោបាយ ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ , សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣, សេចក្តីសម្រេចចិត្តសម័យប្រជុំលើកទី ៤ រដ្ឋសភា នីតិកាលទី ១៤។ ការរៀបចំសម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាលទី១៥ មានអត្ថន័យសំខាន់ ដើម្បីពិចារណា និងសម្រេចលើបញ្ហាបន្ទាន់ និងចាំបាច់ ហើយឆ្លើយតបភ្លាមៗទៅនឹងតម្រូវការនៃជីវភាពប្រចាំថ្ងៃ។

អគ្គលេខាធិការដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា លោក Bui Van Cuong បានសង្កត់ធ្ងន់លើលក្ខណៈ “វិសាមញ្ញ” នៃសម័យប្រជុំដែលផ្សាភ្ជាប់នឹងកត្តា “បន្ទាន់”។ នេះមានន័យថា ការរៀបចំកិច្ចប្រជុំវិសាមញ្ញ គឺសម្រាប់ដោះស្រាយរឿងហេតុចាំបាច់ និងបន្ទាន់ ប្រសិនបើទុកចោល វានឹងចំណាយពេលច្រើនខែទៀតក្នុងការសម្រេចចិត្ត។ តាមនោះ នៅពេលមានបញ្ហាចាំបាច់ និងបន្ទាន់ រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញ   ទន្ទឹមនឹងសម័យប្រជុំប្រចាំចំនួនពីរ ដោយមានគោលដៅចុងក្រោយគឺបម្រើប្រជាជន បម្រើការអភិវឌ្ឍប្រទេសជាតិ។ ស្មារតីនេះក៏ត្រូវបានប្រធានរដ្ឋសភា លោក Vuong Dinh Hue គូសបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីរៀបចំសម្រាប់សម័យប្រជុំវិសាមញ្ញនេះ។ “គោលការណ៍គឺបន្ទាន់ ចាំបាច់ ឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការនៃជីវភាព ដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន    និងច្បាស់លាស់ គ្រប់គ្រាន់។ ទីមួយ គឺផែនការមេជាតិ; ទី២ គឺការពិចារណា និងអនុម័តច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ ធ្វើវិសោធនកម្ម។ ទី៣ គឺជារបាយការណ៍បូកសរុបការអនុវត្តប្រការ៣ នៃសេចក្តីសម្រេចចិត្តលេខ ៣០/២០២១/QH១៥ ស្តីពីគោលនយោបាយបង្ការ និងទប់ស្កាត់ជំងឺ កូវីដ ១៩ ក៏ដូចជាការស្នើសុំយន្តការ និងគោលនយោបាយមួយចំនួន សម្រាប់វិស័យសុខាភិបាល…។ ទី៤ គឺបញ្ហាហិរញ្ញវត្ថុ និងថវិកាបន្ទាន់មួយចំនួនទៀត”។

សមាជិកសភា និងអ្នកបោះឆ្នោតទូទាំងប្រទេសបានវាយតម្លៃខ្ពស់ចំពោះស្មារតីច្នៃប្រឌិត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋសភា ដើម្បីរួមដំណើរជាមួយរដ្ឋាភិបាល និងប្រទេសជាតិក្នុងការដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងជីវភាព; ជឿជាក់ថា សម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាលទី១៥ នឹងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ហើយទន្ទឹមនឹងនោះ ផ្តល់កម្លាំងចិត្តបន្ថែមទៀតសម្រាប់បក្សទាំងមូល និងប្រជាជនទាំងមូល ដើម្បីសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ និងបណ្តាឆ្នាំបន្តបន្ទាប់ខាងមុខ៕


top