ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phan Van Giang ទទួលជួបរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង

នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Sébastien Lecornu រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង ដែលកំពុងអមដំណើរប្រធានាធិបតីបារាំង Emanuel Macron មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
រូបថត៖ Anh Huyen/VOV

ក្នុងពិធីទទួលជួប នាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម - បារាំង ជាពិសេសការដែលប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (ខែតុលា ឆ្នាំ ២០២៤)។

ដោយអះអាងថា នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងទាំងពីរ នាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ដោយផ្អែកលើពិធីសារដែលបានចុះហត្ថលេខានាព្រឹកថ្ងៃទី ២៦ ឧសភា ភាគីទាំងពីរបន្តអនុវត្តន៍បានល្អនូវទិសដៅសហប្រតិបត្តិការលើមូលដ្ឋាននៃការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកម្មវិធីសហប្រតិបត្តិការប្រចាំឆ្នាំ ដោយផ្តោតលើខ្លឹមសារមួយចំនួន ដូចជា៖ ការផ្លាស់ប្តូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការការពារជាតិ; កិច្ចសហប្រតិបត្តិការពេទ្យ យោធា វារីអគ្គិសនី ការបណ្តុះបណ្តាល ការចងចាំប្រវត្តិសាស្ត្រ ការស្វែងរកទាហានដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម ការដោះដូរវត្ថុអនុស្សាវរីយ៍; ការងារជួយសង្គ្រោះ ; កិច្ចសហប្រតិបត្តិការយោធា សន្តិសុខដែនសមុទ្រ ការពារព្រំដែន; ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខតំបន់ និងពិភពលោក...។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងលោក Sébastien Lecornu បានចាត់ទុកថា ជំនួបរវាងរដ្ឋមន្ត្រីទាំងពីរគឺជាសញ្ញាសំគាល់ដ៏សំខាន់ដែលបង្ហាញពីការអភិវឌ្ឍដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រគឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ វៀតណាម និងបារាំងចែករំលែកបំណងប្រាថ្នាសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងគោរពគ្នាទៅវិញទៅមក។

ដោយរំលឹកឡើងវិញនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីបារាំង E. Macron រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញយ៉ាងសកម្មថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមចំណែកជាក់ស្តែងនិងមានអត្ថន័យចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕


top