ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal Bin Farhan Al Saud

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud (ថ្ងៃទី ១៧-១៨ ខែមីនា ឆ្នាំ ២០២២) នារសៀលថ្ងៃទី ១៧ ខែមីនា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត។
  រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud។ (រូបថត៖ Van Diep/TTXVN)  

នៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud បានឯកភាពគ្នាដោយវាយតម្លៃថា នាពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង វៀតណាម-អារ៉ាប៊ីសាអូឌីតមានការអភិវឌ្ឍវិជ្ជមានលើវិស័យជាច្រើនផ្សេងៗគ្នា។ ទំនាក់ទំនងនយោបាយមានការអភិវឌ្ឍដ៏ល្អប្រសើរ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងទំនាក់ទំនងដោយផ្ទាល់រវាងមេដឹកនាំនៃក្រសួងការបរទេសទាំងពីរ ហើយភាគីទាំងពីរបានរក្សាការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនានា។

ភាគីទាំងពីរបានឯកភាពគ្នាថា ចាំបាច់ត្រូវបន្តរក្សានិងពង្រីកការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិនានា ជាពិសេសអង្គការសហប្រជាជាតិ; ហើយបានបញ្ជាក់ពីការគាំទ្រចំពោះពហុភាគីនិយម ដោះស្រាយការខ្វែងគំនិតគ្នាដោយឈរលើមូលដ្ឋាននៃកិច្ចសន្ទនានិងច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាអនុវត្តឲ្យបានឆាប់ៗនូវយន្តការសហប្រតិបត្តិការដូចជា គណៈ កម្មាធិការអន្តររដ្ឋាភិបាល ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ; ជំរុញការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញនិងការពារការវិនិយោគ; ពង្រឹងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន៕


top