សេដ្ឋកិច្ច

រដ្ឋធានីហាណូយបង្កើតខ្សែសង្វាក់ផលិតកម្មតែ សម្រាប់ការនាំចេញ

ក្នុងដំណើរ៨០ឆ្នាំ នៃការកសាង​និងអភិវឌ្ឍ​ប្រទេសជាតិ​ វិស័យ​កសិកម្មនៃរដ្ឋធានី​ហាណូយ បានធ្វើ​ការផ្លាស់​ប្តូរយ៉ាងខ្លាំង ពីការផលិតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទៅជា​ការផលិតទំនិញ ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់ និង​បន្តិចម្តងៗធ្វើសមាហរណកម្មទៅ​ក្នុងពិភពលោក។

ក្នុងដំណើរ៨០ឆ្នាំ នៃការកសាង​និងអភិវឌ្ឍ​ប្រទេសជាតិ​ វិស័យ​កសិកម្មនៃរដ្ឋធានី​ហាណូយ បានធ្វើ​ការផ្លាស់​ប្តូរយ៉ាងខ្លាំង ពីការផលិតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទៅជា​ការផលិតទំនិញ ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់ និង​បន្តិចម្តងៗធ្វើសមាហរណកម្មទៅ​ក្នុងពិភពលោក។ ដំណាំ​តែ ជា​​ដំណាំ​ឧស្សាហកម្មប្រពៃណីនៃរដ្ឋធានី​ហាណូយ ក៏មិនស្ថិតនៅក្រៅ​លំហូរនេះ​ដែរ ដោយ​បច្ចុប្ប​ន្ន​កំពុង​បានរៀបចំផលិត​តាមខ្សែសង្វាក់តភ្ជាប់គ្នា ឆ្ពោះទៅរកគោលដៅ​នាំចេញ និង​អភិវឌ្ឍ​ប្រកប​ដោយចីរភាព។

បាត្រាយ (Ba Trai) គឺជាតំបន់ដាំដុះតែធំជាងគេបំផុត នៃរដ្ឋធានី​ហាណូយ ដែលមានផ្ទៃដីជាង ៤៧០ ហិកតា។
កម្មាភិបាល​កសិកម្ម នៃមន្ទីរកសិកម្ម និងបរិស្ថានរដ្ឋធានី​ហាណូយ បាន​ចុះ​ណែនាំ​ដោយផ្ទាល់ ដល់បងប្អូន​កសិករ ពីបច្ចេកទេសប្រមូលផលត្រួយតែ នៅលើភ្នំតែបាត្រាយ (Ba Trai)។

លែង​មានការផលិតជាលក្ខណៈតូចតាច លក្ខណៈគ្រួសារទៀតហើយ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ រដ្ឋធានី​ហាណូយ​បានបង្កើតតំបន់ដាំតែ​ប្រមូលផ្តុំ​ជាច្រើន ដែល​មាន​ផែន​ការ​ច្បាស់​លាស់ និង​ការគ្រប់គ្រង​តឹងរ៉ឹង ចាប់តាំង​ពីពូជ ដំណើរ​ការបច្ចេកទេស រហូត​ដល់​ការ​ប្រើប្រាស់​សម្ភារៈ​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព។ តាមរយៈសហករណ៍​កសិកម្ម រដ្ឋធានី​បាន​រៀបចំ​ខ្សែ​សង្វាក់​ផលិតកម្មតែ តាមទម្រង់រូបភាព​បិទជិត រួមមាន​ ការដាំដុះ ការប្រមូលផល ការកែច្នៃបឋម និងប្រើប្រាស់​។ ដំណើរការ​ទាំងមូល បានត្រួត​ពិនិត្យហ្មត់ចត់​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដារ​បច្ចេកទេសខ្ពស់ នៃទីផ្សារអន្តរជាតិ។ សកម្មភាព​តាមដាន​ប្រភព និង​ការ​ផ្តល់​លេខ​កូដតំបន់ដាំដុះ ក៏កំពុង​​បានអនុវ​ត្តស្របគ្នា ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​វិស័យ​តែ​របស់រដ្ឋធានី​ហាណូយ ក្នុង​ការចូលទៅកាន់​ទីផ្សារនាំចេញ​មានសក្តានុពល។

នៅតាម​ភូមិភុក​ស្វឹន​ (Phuc Xuan) និង ឌូលឿង​ (Do Luong) (ឃុំត្រុង​យ៉ា - Trung Gia) តែ​រាប់​រយហិកតា បានដាំដុះ​តាម​ទិសដៅ​សុវត្ថិភាព និង​ប្រសិទ្ធភាព។ យោងតាម លោកស្រីដាវ​ ធី​គ្វី (Dao Thi Quy) នាយិកា​សហករណ៍កសិកម្ម និងរុក្ខាកម្ម​បាក់សើន​ (Bac Son) ជាមួយនឹង​ដំណើរការ​បច្ចេកទេស ដែល​បាន​កែលម្អ តែមួយ​ហិកតា​អាច​ផ្តល់​ទិន្នផល​ប្រហែល ៥តោន​នៃត្រួយ​ស្រស់ ស្មើនឹង១តោន​នៃ​តែស្ងួត។ ដោយសារ​បាន​កែច្នៃ និង​វេចខ្ចប់​ប្រកប​ដោយ​វិជ្ជាជីវៈ ផលិតផល​មានការ​រចនាប្រអប់ ផ្លាកសញ្ញា និង​ការ​តាមដាន​ប្រភព​ច្បាស់​លាស់ យើយ​បានទទួលស្គាល់សម្រេច​ស្តង់ដារ OCOP ផ្កាយ៤​ ដូច្នេះ​តម្លៃ​លក់​តែ​មាន​ស្ថិរភាព ការ​លក់​មាន​ភាពងាយស្រួល ដែល​​ផ្តល់ប្រាក់ចំណូលដល់កសិករ ពី ២៥០ - ៣០០លានដុងក្នុងមួយ​ហិកតា ក្នុងមួយ​​ឆ្នាំ។

 

ប្រជាជននៅភូមិបាត្រាយ  (Ba Trai) ឃុំស៊ូយហាយ (Suoi Hai) លីងតែតាមវិធីសាស្ត្រ​បុរាណ។
សហករណ៍ និងសហគ្រាសមួយចំនួន នៅ​ក្នុងតំបន់រដ្ឋធានី​ហាណូយ បាន​ផ្តោត​លើ​ការ​កសាង​ពាណិជ្ជញ្ញា​តែ ពង្រឹង​ការជំរុញពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផល ដែល​នាំមក​នូវ​ប្រាក់​ចំណូល​ខ្ពស់​ ដល់បងប្អូនកសិករ។

ចំណែក​នៅភូមិបាត្រាយ​ (Ba Trai) (ឃុំស៊ុយ​ហាយ​ - Suoi Hai) ជា​តំបន់​ដាំតែ​ធំបំផុត​របស់​រដ្ឋធានី ដោយ​​មាន​ទំហំ​ជាង ៤៧០ហិកតា ដំណាំ​តែ​បាន​លូត​លាស់​ខ្លាំង​នៅ​លើ​ដីខ្ពង់រាប ដែល​មាន​អាកាសធាតុ​ត្រជាក់ និង​លក្ខណៈដី​សមស្រប។ ផលិតផលតែបាត្រាយ​ (Ba Trai)  មាន​គុណភាព​ខ្ពស់ ក្លិនក្រអូប​ធម្មជាតិ រសជាតិ​ឆ្ងាញ់​ពិសេស មាន​រហស្សនាម​ថា តែលេខ​មួយ​នៃ​រដ្ឋធានី។ បង​ស្រី វូ ធីតឹម (Vu Thi Tam)​ ជាប្រជាពលករ​ម្នាក់ នៅ​ក្នុងតំបន់ បាន​ចែក​រំលែក​ថា៖ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​វិស័យ​កសិកម្មរដ្ឋធានី​ហាណូយ ក្នុង​ការ​នាំ​យក​ពូជ​ថ្មី​មកដាំ និង​កែលម្អចម្ការ​តែចាស់ៗ យើងខ្ញុំ​បានអនុវត្តដំណើរការ VietGAP ដូច្នេះ​ទិន្នផល គុណភាព និងតម្លៃ​តែបាន​កើនឡើង​​ច្បាស់​លាស់

តាមលោក តា វ៉ាន់​ទឿង​ (Ta Van Tuong) អនុប្រធាន​មន្ទីរកសិកម្ម និង​បរិស្ថាន​ហាណូយ រដ្ឋធានី​ទាំងមូល បច្ចុប្បន្នមានផ្ទៃដីដាំតែជាង ២០០០ហិកតា ក្នុងនោះមាន ៣៥៦​ហិកតា បាន​ផលិត​តាមទិសដៅ​អនុវត្តបច្ចេកវិទ្យាខ្ពស់ ស្រូប​យក​ប្រហែល ១០,២% នៃផ្ទៃ​ដីសរុប។ តំបន់ដាំ​តែល្បីៗនៃរដ្ឋធានី​ហាណូយ ដូចជា បាក់សើន (Bac Son) ឡុង​ភូ (Long Phu) បាត្រាយ​ (Ba Trai)។ល។ មិនត្រឹមតែ​អនុវត្តការប្រើប្រាស់គ្រឿងយន្ត ក្នុងការថែ​ទាំ និង​ប្រមូល​ផល​ប៉ុណ្ណោះទេ ថែមទាំង​វិនិយោគ​លើប្រព័ន្ធកែច្នៃ​ទំនើប ធានាបាន​អនាម័យ​និង​សុវត្ថិភាព​ស្បៀង​អាហារ ព្រមទាំង​ឆ្លើយតបទៅ​នឹង​ស្តង់ដារអន្តរ​ជាតិ​។ ហេតុ​នេះ ផលិតផល​តែ​របស់​តំបន់ បាន​ចាប់​ផ្តើម​ជ្រៀតចូល​ទីផ្សារពិបាក​​មួយចំនួនដូចជា៖ រុស្ស៊ី តៃវ៉ាន់ (ចិន) មជ្ឈិមបូព៌ា។ល។​ គូស​បញ្ជាក់​ជំហាន​ទៅមុខថ្មី ក្នុង​ដំណើរការ​ឈាន​ទៅដល់​ពិភពលោក នៃ​កសិផល​របស់​រដ្ឋធានី​។

 

ប៉ុន្មានឆ្នាំថ្មីៗ​នេះ រដ្ឋធានី​ហាណូយ បានបង្កើតតំបន់ដាំតែប្រមូលផ្តុំជាច្រើន ដែលមាន ការរៀបចំផែនការច្បាស់លាស់ ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចាប់ពី​ពូជ បច្ចេកទេស និង​ការ​ប្រើប្រាស់​សម្ភារៈ​កសិកម្ម ប្រកបដោយសុវត្ថិភាព។
លោកស្រី ផាម ធីលី (Pham Thi Ly) (​ខាងឆ្វេងបំផុត) - ​នាយិកាក្រុមហ៊ុនទទួលខុសត្រូវ​មានកម្រិត​យិនសិន​ញឹត​យឿង​ស៊ីញ (Nhat Duong Sinh) បានដឹកនាំគណៈកម្មាធិការ​ នៃមន្ទីរកសិកម្ម និង​បរិស្ថាន​រដ្ឋធានី​ហាណូយ ពិនិត្យមើលចម្ការ​បណ្តុះតែផ្កាពណ៌មាស នៅក្នុងតំបន់ឃុំជុងយ៉ា (Trung Gia)។

ទន្ទឹមនឹងការរៀបចំផលិតកម្ម រដ្ឋធានី​ហាណូយ​បាន​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ ចំពោះ​ការ​កសាងពាណិជ្ជសញ្ញា​ និង​ការពង្រីក​ទីផ្សារ​លក់។ ជាក់ស្តែង ផលិតផល តែ​ស្អាតបាត្រាយ​ (Ba Trai)​ត្រូវបានផ្តល់ការការពារពាណិជ្ជសញ្ញា​ មានលេខកូដ QR សម្រាប់​តាមដាន​ប្រភព និង​មាន​ផ្លាកសញ្ញា​បញ្ជាក់គុណភាពពេញលេញ។ ផលិតផលនេះ បច្ចុប្បន្នមាន​ស្តង់ដារ OCOP ផ្កាយ៣ និង​​បាន​ចែកចាយនៅ​តាមប្រព័ន្ធ​ហាងលក់​អាហារ​ស្អាត ហាង​លក់​កសិផល​ជាច្រើន​ ផ្តល់​ប្រាក់ចំណូល​ស្ថិរភាព​ប្រហែល ៣០០លានដុងក្នុងមួយ​ហិកតា ក្នុង​មួយ​​ឆ្នាំ​ដល់​ប្រជា​កសិករ។ ជាមួយគ្នានេះ ផលិតផលតែរដ្ឋធានី​ហាណូយ កំពុង​បាន​ដាក់​លក់​បន្តិច​ម្តងៗ នៅ​លើទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ចូលរួម​ពិព័រណ៍កសិផល​ក្នុងតំបន់អាស៊ាន អាស៊ីបូព៌ា អឺរ៉ុប ដូច្នេះបាន​ចូលរួមចំណែក​លើកកម្ពស់ទីជំហរ​ និងពាណិជ្ជសញ្ញា​​លើទីផ្សារ​អន្តរជាតិ។​

 


ការ​បង្កើតខ្សែសង្វាក់ផលិតកម្ម - កែច្នៃ - លក់តែ របស់រដ្ឋធានី​ហាណូយ មិនត្រឹម​តែ​ជួយ​គ្រប់​គ្រង​គុណភាព កាត់បន្ថយ​ចំណាយអន្តរការី​ប៉ុណ្ណោះទេ ថែម​ទាំង​បង្កើត​បាន​​ទីផ្សារ​លក់​មាន​ស្ថិរភាព កាត់​បន្ថយហានិភ័យសម្រាប់ប្រជា​កសិករ។ នេះគឺ ជា​វិធីសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ជួយបង្កើន​តម្លៃ​​កសិផល​ ព្រមទាំង​បញ្ជាក់​ពី​តួនាទី​ដឹកនាំ​នៃរដ្ឋធានី​ហាណូយ ក្នុង​ដំណើរ​ការ​ផ្លាស់ប្តូរ​ទៅរក​កសិកម្ម​ទំនើប ប្រកបដោយ​ចីរភាព និង​មាន​ការ​ប្រកួត​ប្រជែង​ជា​សកល​។

អត្ថបទនិងរូបថត៖ ហ្វាង​ហា​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top