ការតុបតែងផ្កាស្រស់ និងរុក្ខជាតិលម្អនៅក្នុងលំនៅឋាន រាល់ឱកាសបុណ្យចូលឆ្នាំប្រពៃណី បានក្លាយជាសម្រស់វប្បធម៌របស់ប្រជាជនវៀតណាម តាំងពីយូរយារណាស់មកហើយ ដើម្បីផ្ញើនូវបំណងប្រាថ្នានៃការជួបជុំ សំណាងល្អ និងការចាប់ផ្តើមដ៏សុខសាន្ត។ ស្របតាមចង្វាក់នោះ របរដាំផ្កាសម្រាប់បុណ្យចូលឆ្នាំ នៅបណ្តាខេត្តក្រុងភាគខាងត្បូង កំពុងឈានចូលដល់រដូវកាលមមាញឹកបំផុត ដោយបង្កើតបានជាបរិយាកាសការងារយ៉ាងសស្រាក់សស្រាំ
ការតុបតែងផ្កាស្រស់ និងរុក្ខជាតិលម្អនៅក្នុងលំនៅឋាន រាល់ឱកាសបុណ្យចូលឆ្នាំប្រពៃណី បានក្លាយជាសម្រស់វប្បធម៌របស់ប្រជាជនវៀតណាម តាំងពីយូរយារណាស់មកហើយ ដើម្បីផ្ញើនូវបំណងប្រាថ្នានៃការជួបជុំ សំណាងល្អ និងការចាប់ផ្តើមដ៏សុខសាន្ត។ ស្របតាមចង្វាក់នោះ របរដាំផ្កាសម្រាប់បុណ្យចូលឆ្នាំ នៅបណ្តាខេត្តក្រុងភាគខាងត្បូង កំពុងឈានចូលដល់រដូវកាលមមាញឹកបំផុត ដោយបង្កើតបានជាបរិយាកាសការងារយ៉ាងសស្រាក់សស្រាំ និងអ៊ឹកធឹក ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីឆ្នាំ២០២៦ កំពុងតែខិតជិតមកដល់។
ស្តុកផ្កាល្បីល្បាញ នៅភាគខាងត្បូង
ភាគខាងត្បូងមានភូមិរបរដាំផ្កា និងចម្ការរុក្ខជាតិលម្អជាច្រើន ដែលមានអាយុកាលយូរមកហើយ។ ក្នុងនោះ ភូមិផ្កា សាដែក (Sa Dec) (ខេត្តដុងថាប - Dong Thap) ត្រូវបានចាត់ទុកជា ទីតាំងដាំផ្កាធំបំផុត នៅក្នុងតំបន់ដីសណ្តទន្លេគឺវឡុង។ ជាមួយនឹងប្រវត្តិសាស្ត្រជាងមួយសតវត្សរ៍ ក្នុងថ្ងៃចុងឆ្នាំ នៅគ្រប់ចម្ការទាំងអស់ សុទ្ធតែមមាញឹកក្នុងការថែទាំ និងកំណត់ពេលវេលាឱ្យផ្ការីក ដើម្បីផ្គត់ផ្គង់ឱ្យទាន់ទីផ្សារបុណ្យចូលឆ្នាំ។
ភូមិផ្កាសាដែក (Sa Dec) បានប្រៀបប្រដូចទៅនឹង “ដែនដីនៃផ្ការាប់ពាន់” នៃភាគខាងត្បូង ដែលមានប្រវត្តិ និងការអភិវឌ្ឍជាង ១០០ ឆ្នាំ។ រូបថត៖ គីមកឿង
ភូមិផ្កាសាដែកដាំផ្កា និងដើមឈើលម្អជាច្រើនប្រភេទ ទៅតាមរដូវកាលនីមួយៗក្នុងឆ្នាំ។ រូបថត៖ គីមកឿង
មហោស្រពផ្កា និងរុក្ខជាតិលម្អ សាដែក លើកទីពីរ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ស្របពេលជាមួយបុណ្យចូលឆ្នាំ២០២៦ យ៉ាងមមាញឹក កាន់តែធ្វើឱ្យតម្រូវការប្រើប្រាស់ផ្កាលម្អកើនឡើងយ៉ាងខ្លាំង។ នៅមុនថ្ងៃមហោស្រព ម្ចាស់ចម្ការផ្កា និង សហករណ៍ជាច្រើន បានម្ចាស់ការពង្រីកផ្ទៃដីផលិតកម្ម ត្រៀមផើងផ្ការាប់សែនផើង ដើម្បីបម្រើព្រឹត្តិការណ៍ និងទីផ្សារបុណ្យចូលឆ្នាំ។ ក្រៅពីផ្កាចំប៉ី ដែលជាផលិតផលប្រពៃណីបង្កើតកេរ្តិ៍ឈ្មោះឱ្យ សាដែក ពូជផ្កាស្បៃរឿង (Cuc) និងផ្កាឈូករ័ត្ន ដែលមានពណ៌ និងរូបរាងថ្មីៗ ក៏បន្តទទួលបានការនិយមពីទីផ្សារផងដែរ។
សាដែក ល្បីល្បាញដោយសារពូជផ្កាខ្លីថ្ងៃជាច្រើនដូចជា៖ ផ្កាស្បៃរឿង ផ្កា Chrysanthemum ផ្កា Gerbera ផ្កា Petunia ផ្កា Gladiolus ផ្កាឈូករ័ត្ន។ល។ រួមទាំងពូជផ្កាកុលាបរាប់សិបប្រភេទផ្សេងទៀត ដែលឆ្លើយតបបានទាំងតម្រូវការអាជីវកម្ម និងទេសចរណ៍ ។ មិនត្រឹមតែជាកន្លែងផ្គត់ផ្គង់ផ្កានាបុណ្យចូលឆ្នាំប៉ុណ្ណោះទេ ភូមិផ្កានេះថែមទាំងបានក្លាយជាគោលដៅទេសចរណ៍ដ៏ធ្លាប់ស្គាល់ សម្រាប់ភ្ញៀវទេសចររាល់ពេល រដូវផ្ការីកម្តងៗ។
ចម្ការផ្កា Chrysanthemum ដែលជាប្រភេទផ្កាតំណាងឱ្យភូមិផ្កាសាដែក បង្ហាញសម្រស់យ៉ាងស្រស់ស្អាត រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មី និងនិទាឃរដូវមកដល់។ រូបថត៖ គីមកឿង
ក្រៅពី សាដែក ភាគខាងត្បូងនៅមានស្តុកផ្កាធំៗជាច្រើនទៀតដូចជា៖ ភូមិផ្កាលម្អ កៃម៉ឹន (Cai Mon) (ខេត្តវិញឡុង - Vinh Long) ល្បីល្បាញដោយសាររុក្ខជាតិលម្អ ដែលកាត់តម្រឹមតាមទម្រង់សិល្បៈ។ ភូមិផ្កា ថើយញឹក (Thoi Nhut) (ទីក្រុងកឹនធើ - Can Tho) ដែលមានប្រវត្តិជាង ១០០ ឆ្នាំ ។ តំបន់ផ្កា តឹនបា (Tan Ba) (សង្កាត់តឹនហ៊េបដុង - Tan Dong Hiep ទីក្រុងហូជីមិញ) ដែលមានឯកទេសដាំផ្កាស្បៃរឿង និងផ្កាឈូករ័ត្ន។ ឬ គូជី (Cu Chi) ដែលជាកន្លែងផ្គត់ផ្គង់ផ្កាអង្គារសីល ផ្កាអ័រគីដេ និងរុក្ខជាតិលម្អ សម្រាប់ទីផ្សារទីក្រុង។
ផ្កានិទាឃរដូវ - លក្ខណៈពិសេស នៃទេសចរណ៍ទីក្រុងហូជីមិញ
ទីក្រុងហូជីមិញ គឺជាទីផ្សារប្រើប្រាស់ផ្កាធំបំផុតនៅភាគខាងត្បូង និងទូទាំងប្រទេស ហើយក៏ជាកន្លែង ដែលបង្កើតបាននូវទម្រង់ទេសចរណ៍ផ្កានិទាឃរដូវយ៉ាងច្បាស់លាស់។ រៀងរាល់ឱកាសជិតចូលឆ្នាំថ្មី ទីតាំងសំខាន់ៗដូចជា ផ្សារផ្កា ហូធីគី (Ho Thi Ky) (សង្កាត់វឿងឡាយ - Vuon Lai) ផ្សារផ្កានិទាឃរដូវ បេនប៊ិញដុង (Ben Binh Dong) (សង្កាត់ប៊ិញដុង- Binh Dong) ក្លាយជាកន្លែងដ៏មមាញឹកទាំងយប់ទាំងថ្ងៃ មិនត្រឹមតែបម្រើការជួញដូរប៉ុណ្ណោះទេ ថែមទាំងទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនា និង ថតរូបទៀតផង។
ទិដ្ឋភាពទូទៅនៃកំពង់ផែប៊ិញដុង មើលពីទីខ្ពស់ ដែលជាចំណុចលេចធ្លោនៃផ្សារផ្កាបុណ្យចូលឆ្នាំថ្មី របស់ទីក្រុងហូជីមិញ។ រូបថត៖ គីមកឿង
ស្ទើរតែគ្រប់ទូកដែលដឹកជញ្ជូនផ្កា និងដើមឈើលម្អ មកកាន់កំពង់ផែប៊ិញដុង គឺមានប្រភពចេញពីបណ្តាខេត្តនៅភាគខាងលិច (តំបន់វាលទំនាបទន្លេមេគង្គ)។ រូបថត៖ គីមកឿង
ជាពិសេស ផ្សារផ្កានិទាឃរដូវ បេនប៊ិញដុង ជាមួយនឹងទម្រង់លក់ដូរ "លើកំពង់ ក្រោមទូក" បានក្លាយជាលក្ខណៈវប្បធម៌ទីក្រុងដ៏ពិសេស របស់ទីក្រុងនេះ។ រៀងរាល់ឆ្នាំ ទូករាប់រយគ្រឿង មកពីបណ្តាខេត្តភាគខាងលិច ដែលផ្ទុកពេញដោយផ្កាបុណ្យចូលឆ្នាំ បានចូលចត បង្កើតបានជាទិដ្ឋភាពរស់រវើក ដោយបង្ហាញឡើងវិញនូវលំហព្រែកទន្លេនៃតំបន់ណាមបូ (ភាគខាងត្បូង) នៅកណ្តាលទីក្រុងទំនើប។
ទន្ទឹមនឹងនោះ ទីក្រុងក៏បានរៀបចំលំហ និងព្រឹត្តិការណ៍កម្សាន្តនានិទាឃរដូវជាច្រើនដែលមានលក្ខណៈសម្គាល់ផ្ទាល់ខ្លួនដូចជា៖ មហោស្រពផ្កានិទាឃរដូវ តាវដាន (Tao Dan) ផ្សារផ្កាសួនច្បារ ២៣ កញ្ញា ផ្លូវផ្កា ង្វៀនហ្វេ (Nguyen Hue)។ល។ ទីតាំងនីមួយៗ សុទ្ធតែបានវិនិយោគយ៉ាងហ្មត់ចត់លើទេសភាព និងប្រធានបទតាំងបង្ហាញ រួមផ្សំជាមួយសកម្មភាពវប្បធម៌ - សិល្បៈប្រពៃណី ដូចជាការលោតម៉ុងសាយ តន្ត្រីចាប៉ី និងការសម្តែងសិល្បៈតាមដងផ្លូវ ដែលរួមចំណែកបង្កើតបរិយាកាសពិធីបុណ្យដ៏ពិសេស នៅក្នុងថ្ងៃដើមឆ្នាំថ្មី។
ពណ៌ផ្កាដ៏ស្រស់ឆើតឆាយ បានគ្របដណ្តប់ពេញផ្លូវប៊ិញដុង ដែលជាសញ្ញាបញ្ជាក់ថា និទាឃរដូវកំពុងខិតជិតមកដល់ហើយ។ រូបថត៖ ឡេលិញ
មកកាន់ទីក្រុងហូជីមិញក្នុងឱកាសបុណ្យចូលឆ្នាំ ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់ផ្កា និងរុក្ខជាតិលម្អចម្រុះពណ៌ប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ដឹងនូវចង្វាក់ជីវិតរស់រវើក និងការលាយបញ្ចូលគ្នាយ៉ាងចុះសម្រុង រវាងវប្បធម៌ប្រជាប្រិយ និងដង្ហើមនៃទីក្រុងទំនើប។ ហេតុនេះ ទេសចរណ៍ផ្កានិទាឃរដូវ បានក្លាយជាចំណុចលេចធ្លោផ្ទាល់ខ្លួន របស់ទីក្រុង រួមចំណែកផ្សព្វផ្សាយរូបភាព រក្សានូវសម្រស់បុណ្យចូលឆ្នាំប្រពៃណី និងបង្កើនការទាក់ទាញភ្ញៀវទេសចរ រាល់ពេលនិទាឃរដូវចូលមកដល់៕
អត្ថបទ៖សើនងៀ រូបថត៖ សើនងៀ ឡេលិញ គីមកឿង
ប្រែសម្រួល៖ រីកើង