នារសៀលថ្ងៃទី ២៧ ខែវិច្ឆិការ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវលោក សាឡឺមសៃ កុម្ម៉ាស៊ីត(Saleumxay Kommasith) និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ (CLMV ១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ (ACMECS ១១)។
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរជំរុញការផ្សារភ្ជាប់យុទ្ធសាស្ត្រលើគ្រប់វិស័យ អនុវត្តន៍កិច្ចព្រមព្រៀងជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព និងត្រៀមរៀបចំឱ្យបានល្អនូវសកម្មភាពសហប្រតិបត្តិការឆ្នាំ ២០២៧។ ក្នុងនោះ បន្តរក្សាជាប្រចាំនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ បង្កើតរបកគំហើញថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ៥ ពាន់លានដុល្លារអាមេរិក ឆ្ពោះទៅរក ១០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ; ពន្លឿនការអនុវត្តរាល់គម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងថាមពលសំខាន់ៗ បង្កើនកិច្ចសហប្រតិបត្តិការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពគម្រោងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ និងអត្តសញ្ញាណប័ណ្ណពលរដ្ឋនៅឡាវ។ ទន្ទឹមនឹងនេះ សហការរៀបចំឱ្យបានល្អនូវឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០២៧ បង្កើនការសម្របសម្រួលនៅតាមវេទិកាតំបន់ អន្តរជាតិ និងពង្រីកប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការបីប្រទេស វៀតណាម-ឡាវ-កម្ពុជា។
រីឯនាយករដ្ឋមន្ត្រីលោក Saleumxay Kommasith បានសម្តែងការឯកភាពចំពោះការវាយតម្លៃ និងទិសដៅដឹកនាំកិច្ចសហប្រតិបត្តិការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ព្រមទាំងបញ្ជាក់ថា រដ្ឋាភិបាលឡាវនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព ជំរុញគម្រោងសំខាន់ៗ និងបង្កើតការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព លើកកម្ពស់ទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់កំពុងវិវត្តស្មុគស្មាញ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សា ពូនជ្រំ និងពង្រីកទំនាក់ទំនងមិត្តភាពដ៏ឧត្តុង្គឧត្តម សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការផ្សារភ្ជាប់យុទ្ធសាស្ត្រវៀតណាម-ឡាវ ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិរបស់ប្រទេសនីមួយៗ។
នាយប់ថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកត្រឹន ថាញ់មិន បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ Saleumxay Kommasith។ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ រៀបចំឱ្យបានល្អនូវសកម្មភាពអបអរសាទរខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងខួប ៥០ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ នៅឆ្នាំ ២០២៧ ដើម្បីផ្សព្វផ្សាយប្រពៃណីមិត្តភាព និងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ដល់ប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ៕
វៀតណាម និងឡាវ មានទំនាក់ទំនងប្រពៃណីមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការផ្សារភ្ជាប់យុទ្ធសាស្ត្រ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២។ ប្រទេសទាំងពីរមានព្រំដែនគោករួមគ្នាប្រវែងប្រមាណ ២.៣៣៧ - ២.៣៤០ គីឡូម៉ែត្រ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ៣ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក៕