បទយកការណ៍ឯកទេស

យុវវ័យផ្ញើទុក – ស្លាកស្នាមប្រវត្តិសាស្ត្រនៃសម័យកាលដ៏អង់អាចក្លាហាន

តាំងពិព័រណ៍ “យុវវ័យផ្ញើទុក” បង្ហាញនូវឯកសារ រូបភាព និងវត្ថុអនុស្សាវរីយ៍ដ៏ពិសេស ដែលផ្សារភ្ជាប់ទៅនឹងមនុស្សមួយជំនាន់ បានលះបង់យុវវ័យរបស់ខ្លួន ដើម្បីបុព្វហេតុ​តស៊ូរំដោះជាតិ និងបង្រួបបង្រួម​ប្រទេសជាតិ។

នៅទីស្នាក់ការ នាយកដ្ឋានកិច្ចការបណ្ណសារ និងបណ្ណសារដ្ឋានរដ្ឋ(ផ្ទះលេខ ១២ វិថី Dao Tan សង្កាត់ Giang Vo ទីក្រុងហាណូយ) ពិធីតាំងពិព័រណ៍ “យុវវ័យផ្ញើទុក” បាន​ដាក់​តាំងបង្ហាញ​នូវឯកសារ រូបភាព និងវត្ថុអនុស្សាវរីយ៍ដ៏ពិសេស ដែលផ្សារភ្ជាប់ទៅនឹងមនុស្សមួយជំនាន់ បានលះបង់យុវវ័យរបស់ខ្លួន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិ។ ទីធ្លាតាំងពិព័រណ៍មិនត្រឹមតែឆ្លុះបញ្ចាំងឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រដ៏មហាអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកបង្ហាញនូវរឿងរ៉ាវដ៏រំជួលចិត្តអំពីឆន្ទៈ ឧត្តមគតិ និងការពលីកម្មរបស់បុគ្គលទាំងឡាយ ដែលបានចេញដំណើរទៅបំពេញភារកិច្ច ខណៈដែលប្រទេសជាតិកំពុងស្ថិតក្នុងឆ្នាំដ៏លំបាកនៃសង្គ្រាម។

ទិដ្ឋភាព​នៃទីធ្លាតាំងពិព័រណ៍ "យុវវ័យ​ផ្ញើទុក" នៅនាយកដ្ឋានកិច្ចការបណ្ណសារ និងបណ្ណសារដ្ឋានរដ្ឋ។​ រូបថត៖ កុងដាត​ / កាសែតរូបភាពវៀតណាម
តំបន់ដាក់តាំងបង្ហាញសំណុំឯកសារ និងវត្ថុអនុស្សាវរីយ៍របស់កម្មាភិបាលដែលចេញទៅបំពេញបេសកកម្មនៅភាគខាងត្បូង (កម្មាភិបាលទៅ B) នៅក្នុងអង្គតាំងពិព័រណ៍ "យុវវ័យផ្ញើទុក"។ រូបថត៖ កុងដាត​ / កាសែតរូបភាពវៀតណាម

តាមរយៈឯកសារបណ្ណសារ ដែលបានជ្រើសរើសយកមកដាក់តាំងបង្ហាញ សាធារណជនមានឱកាសស្វែងយល់ អំពីស្លាកស្នាមពិតប្រាកដ នៃជីវិត ដំណើរការបំពេញការងារ និង​ការលះបង់របស់កម្មាភិបាល​ទៅ B – អ្នកធ្វើដំណើរពីភាគខាងជើងទៅកាន់ភាគខាងត្បូង ដើម្បីបំពេញភារកិច្ចក្នុងសម័យតស៊ូប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះជាតិ។ រាល់ទំព័រនៃសំណុំឯកសារ រូបថត សំបុត្រ សៀវភៅកំណត់ហេតុ ឬវត្ថុតាងដែលដាក់តាំងបង្ហាញ សុទ្ធតែបង្កប់នូវរឿងរ៉ាវដោយឡែក អំពីមនុស្សម្នាក់ គ្រួសារមួយ និងដំណាក់កាលប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន។

នៅក្នុងការចងចាំរបស់មនុស្សជាច្រើនជំនាន់ ពាក្យថា “ទៅ B” បានផ្សារភ្ជាប់ទៅនឹងសម័យកាលដ៏ពិសេសមួយ នៅពេលដែលកម្មាភិបាល បញ្ញវន្ត និងយុវជនភាគខាងជើងជាច្រើន បានលាគ្រួសារ និងស្រុកកំណើត ដើម្បីចេញដំណើរទៅកាន់សមរភូមិភាគខាងត្បូង។ មុនថ្ងៃចេញដំណើរ មនុស្សជាច្រើនបានផ្ញើទុកនូវឯកសារផ្ទាល់ខ្លួន សំណុំឯកសារការងារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ឯកសារទាំងនោះ ក្រោយមកត្រូវបានទទួលយក និងថែរក្សាទុកនៅតាមស្ថាប័នបណ្ណសារដ្ឋានរដ្ឋ ដោយក្លាយជាប្រភពឯកសារដ៏មានតម្លៃ សម្រាប់បម្រើដល់ការស្រាវជ្រាវប្រវត្តិសាស្ត្រ ការស្វែងរកព័ត៌មាន និងការតភ្ជាប់អនុស្សាវរីយ៍​ រវាងអតីតកាល និងបច្ចុប្បន្នកាល។

ហិបឈើលាបពណ៌បៃតង ដែលត្រូវបានប្រើប្រាស់សម្រាប់ដាក់តាំងបង្ហាញសំណុំឯកសារ និងវត្ថុអនុស្សាវរីយ៍របស់កម្មាភិបាលទៅ B។ រូបថត៖ កុងដាត​​ / កាសែតរូបភាពវៀតណាម

ចំណុចពិសេសនៃការតាំងពិព័រណ៍ “យុវវ័យផ្ញើទុក” មិនត្រឹមតែស្ថិតនៅលើតម្លៃប្រវត្តិសាស្ត្រនៃឯកសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើសមត្ថភាព​ដាស់អារម្មណ៍មនោសញ្ចេតនាចេញពីចំណុចតូចតាចបំផុត នៃជីវិតប្រចាំថ្ងៃ។ អក្សរមួយជួរនៅក្នុងសៀវភៅកំណត់​ហេតុ រូបថតមួយ​សន្លឹក​​ដែលប្រែពណ៌តាម​កាលវេលា សំបុត្រមួយ​​ផ្ញើទុកជូន​សាច់ញាតិ ឬឯកសារផ្ទាល់ខ្លួន សុទ្ធតែអាច​និទាន​ឡើងវិញ នូវរឿងរ៉ាវអំពីមនុស្សមួយ​ជំនាន់ ដែល​បានជ្រើសរើស​លះបង់យុវវ័យ​របស់ខ្លួន ដើម្បីប្រទេសជាតិ។

ឯកសារដែលបានណែនាំនៅក្នុងពិធីតាំងពិព័រណ៍នេះ ជួយឱ្យអ្នកទស្សនាស្រមៃឃើញកាន់តែច្បាស់ អំពីជីវភាពរស់នៅ ទឹកចិត្ត និងមនោសញ្ចេតនា របស់មនុស្សនៅក្នុងកាលៈទេសៈដ៏ពិសេស។ នោះមិនត្រឹមតែជារឿងរ៉ាវនៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារឿងរ៉ាវ អំពីសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ទំនួលខុសត្រូវចំពោះប្រទេសជាតិ និងសេចក្តីប្រាថ្នា​រួមចំណែក ដើម្បីថ្ងៃសន្តិភាព។ នៅពីក្រោយឯកសារ ដែលមើលទៅសាមញ្ញទាំងនោះ គឺជាឆ្នាំខែ នៃការឃ្លាតឆ្ងាយពីផ្ទះ ការបែកបាក់ព្រាត់ប្រាស និងការលះបង់ ដោយស្ងៀមស្ងាត់។

សម្រាប់យុវជនជំនាន់ក្រោយនាពេលបច្ចុប្បន្ន ស្លាកស្នាមប្រវត្តិសាស្ត្រដែលបានណែនាំនៅក្នុងអង្គតាំងពិព័រណ៍ គឺជាវិធីសាស្ត្រដ៏ជិតស្និទ្ធមួយ ដើម្បីយល់កាន់តែច្បាស់អំពីអតីតកាល។ ជំនួសឱ្យការស្គាល់ប្រវត្តិសាស្ត្រត្រឹមតែតាមរយៈសៀវភៅសិក្សា អ្នកទស្សនាអាចទទួលអារម្មណ៍ដោយផ្ទាល់នៃដាន​ពេលវេលា តាមរយៈទំព័រឯកសារ និងវត្ថុតាងនីមួយៗ ដែលបានថែរក្សា។ នោះក៏ជាតម្លៃដ៏សំខាន់ នៃការងារបណ្ណសារផងដែរ – ពោលគឺមិនត្រឹមតែរក្សាទុកឯកសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយករឿងរ៉ាវប្រវត្តិសាស្ត្រឱ្យកាន់តែជិតនឹងសហគមន៍ថែមទៀត។

ទង់ជាតិ​រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានព្យួរយ៉ាងឱឡារិក នៅក្នុងទីធ្លាតាំងពិព័រណ៍។​ រូបថត៖ កុងដាត​ / កាសែតរូបភាពវៀតណាម

នៅក្នុងបរិបទដែលប្រទេសទាំងមូល កំពុងអនុវត្ត “យុទ្ធនាការ ៥០០ថ្ងៃ​យប់ ជំរុញស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” លើកកម្ពស់តម្លៃ នៃប្រភពឯកសារ​ប្រវត្តិសាស្ត្រ រឹតតែមានអត្ថន័យជាក់ស្តែងថែមទៀត។ សំណុំឯកសារ និងរូបភាពដែលបានរក្សាទុក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ បានរួមចំណែករំឭក អំពីបុគ្គលដែលបានលះបង់ និងពលីជីវិត ដើម្បីឯករាជ្យ និងបង្រួបបង្រួមជាតិ ព្រមទាំងផ្សព្វផ្សាយ​ស្មារតីដឹងគុណ និងទំនួលខុសត្រូវ របស់មនុស្សជំនាន់បច្ចុប្បន្ន ក្នុងដំណើរស្វែងរក កំណត់អត្តសញ្ញាណ និងនាំយកយុទ្ធជនពលីត្រឡប់មកជួបជុំគ្រួសារ និងស្រុក​កំណើតវិញ។

ពាក្យប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ៖ "ការថែទាំយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងអ្នកមានសគុណចំពោះប្រទេសជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជន..." ត្រូវបានដាក់តាំងជាផ្លូវការ​ នៅក្នុងទីធ្លាតាំងពិព័រណ៍។ រូបថត៖ កុងដាត​/ កាសែតរូបភាពវៀតណាម
ភ្ញៀវចូលទស្សនាទីធ្លាតាំងពិព័រណ៍ "យុវវ័យផ្ញើទុក"។ រូបថត៖ កុងដាត​/ កាសែតរូបភាពវៀតណាម

យុវវ័យផ្ញើទុក” មិនត្រឹមតែជាពិធីតាំងពិព័រណ៍ស្តីពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណើរតំណភ្ជាប់អនុស្សាវរីយ៍​ផងដែរ។ រាល់ឯកសារ​ដែលបានណែនាំ និង​រាល់រឿងរ៉ាវ ដែល​បាននិទាន​ឡើងវិញ នោះជា​ស្ពានតភ្ជាប់ រវាងឆ្នាំខែនៃសង្គ្រាម ជាមួយនឹងជីវភាពរស់នៅនាពេលបច្ចុប្បន្ន។ តាមរយៈនោះ គុណតម្លៃនៃសម័យកាលដ៏អង់អាចក្លាហាន នៅតែបន្ត​បានថែរក្សា ផ្សព្វផ្សាយ និងក្លាយជាកម្លាំងចលករ សម្រាប់មនុស្សជំនាន់​បច្ចុប្បន្ន ឱ្យកាន់តែគោរពតម្លៃនៃសន្តិភាព ឯករាជ្យភាព និងការលះបង់ របស់បុព្វបុរសជំនាន់មុន៕

អត្ថបទ និងរូបថត៖ កុង​ដាត​/ កាសែតរូបភាពវៀតណាម

ប្រែសម្រួល៖ រីកើង​


top