នៅពេលខ្យល់ត្រជាក់ នៃចុងរដូវរងាររសាត់បាត់ទៅបន្តិចម្តង ៗ ម៉ុកចូវ (Moc Chau) - វាលស្មៅដ៏ស្រស់ស្អាតនៃខេត្តសឺនឡា (Son La) - ភ្លាក់ដឹងខ្លួនឡើងជាមួយនឹង "អាវថ្មី" ដ៏រស់រវើក។
នៅពេលខ្យល់ត្រជាក់ នៃចុងរដូវរងាររសាត់បាត់ទៅបន្តិចម្តង ៗ ម៉ុកចូវ (Moc Chau) - វាលស្មៅដ៏ស្រស់ស្អាតនៃខេត្តសឺនឡា (Son La) - ភ្លាក់ដឹងខ្លួនឡើងជាមួយនឹង "អាវថ្មី" ដ៏រស់រវើក។ និទាឃរដូវនៅម៉ុកចូវ (Moc Chau) មិនត្រឹមតែនាំមកនូវភាពកក់ក្តៅប៉ុណ្ណោះទេ ថែមទាំងដាស់ពិភពនៃផ្កា មានមន្តស្នេហ៍ ដែលជាទីធម្មជាតិ និងមនុស្សលាយឡំគ្នាក្នុង "ចង្វាក់ភ្លេងស៊ីមហ្វូនី" ដ៏អស្ចារ្យមួយ។
ពេលនិទាឃរដូវមកដល់ ជ្រលងភ្នំដើមព្រូន នៅម៉ុកចូវបានមានផ្កាពណ៌សរីកស្គុះស្គាយ ពេញលេញដីនិងមេឃ ។
ភ្ញៀវទេសចរសប្បាយរីករាយ នៅពេលដែលដើរលើផ្លូវដែលពោរពេញដោយផ្ការីកចម្រុះពណ៌។
ម៉ុកចូវ (Moc Chau) ក្នុងនិទាឃរដូវ ត្រូវបានប្រដូចទៅនឹង “នារីស្រស់ស្អាត និងទន់ភ្លន់” ដែលពាក់អាវពណ៌ដ៏បរិសុទ្ធ និងភ្លឺចែងចាំងបំផុត។ ផ្កាព្រូនពណ៌សបរិសុទ្ធ រីកស្គុះស្គាយ ពាសពេញភ្នំ និងជ្រលងភ្នំ ដូចជាពពកគ្របដណ្តប់ពេញផ្ទៃមេឃ និងផែដី។ "លាយឡំជាមួយគ្នានោះដែរ គឺពណ៌ផ្កាឈូកខ្ចីនៃផ្កាម៉ាក់ខៃព្រៃ ដែលបង្កើនទេសភាពកាន់តែរ៉ូមែនទិក។ ហើយយើងក៏មិនអាច មិននឹកឃើញបណ្ដាសួន ផ្កាស្ពៃពណ៌ស និងលឿង ដែលលាតសន្ធឹងផុតកន្ទុយភ្នែក បង្កើតគំនូរធម្មជាតិដ៏អស្ចារ្យ និងសស់ស្អាតដូចសួនកំណាព្យ។
ក្រុមកុមារជាតិម៉ុង (Mong) លេងនៅក្រោមដើមព្រូន។
និទាឃរដូវក៏ជារដូវប្រមូលផលផ្លែទន្លាប់ នៅម៉ុកចូវ (Moc Chau) ផងដែរ។
ដូចជាទំនៀមទម្លាប់មានតាំងពីយូរអង្វែងមកហើយ ជារៀងរាល់ដើមឆ្នាំ នៅពេលដែលនិទាឃរដូវចូលមកដល់ បងស្រីម៉ាយហ្វា (Mai Hoa) ដែលបច្ចុប្បន្នរស់នៅ និងធ្វើការនៅរដ្ឋធានីហាណូយ។ គាត់ និងមិត្តភក្តិរបស់គាត់តែងទៅទស្សនានៅម៉ុកចូវ (Moc Chau)។ សម្រាប់បងស្រីម៉ាយហ្វា (Mai Hoa) ដំណើរកម្សាន្តនេះមិនមែនគ្រាន់តែជាដំណើរទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាដំណើរមួយដើម្បីមានភាពជិតស្និទ្ធនឹងធម្មជាតិដ៏រស់រវើក សម្របខ្លួនក្នុងពណ៌ផ្កា និងហូបកសិផលប្រពៃណីរបស់បងប្អូនជនរួមជាតិក្នុងតំបន់ផងដែរ។
ប្រជាជន នៅម៉ុកចូវមានទម្លាប់ដាំដើមព្រូននៅជុំវិញផ្ទះរបស់ពួកគេ។
នៅនិទាឃរដូវ វាលស្រែដាំផ្កាស្ពៃពណ៌សក៏រីកយ៉ាងស្រស់ស្អាត ផងដែរ។
យើងខ្ញុំមានឱកាសជជែកជាមួយបងស្រី ឡូ ធីម៉ាយ (Lo Thi Mai) ជាស្ត្រីជនជាតិថៃម្នាក់ នៅក្នុងភូមិអាង (Ang) ម៉ុកចូវ (Moc Chau) ដែលបានផ្សារភ្ជាប់ជីវិតរបស់គាត់ជាមួយតំបន់នេះ។ បងស្រី ម៉ាយ (Mai) បានចែករំលែកដោយទឹកមុខពោរពេញដោយក្ដីមោទនៈថា៖ «មើលទៅដើមព្រូនកំពុងរីកផ្កាពណ៌ស ខ្ញុំមានអារម្មណ៍ថា ដូចជារដូវកាលថ្មីទាំងមូលកំពុងមកដល់។ នោះជាពេល ដែលប្រជាជនយើងខ្ញុំ ត្រៀមរៀបចំខ្លួនសម្រាប់ឆ្នាំថ្មី ដោយក្តីសង្ឃឹមយ៉ាងខ្លាំងសម្រាប់ការប្រមូលផលដ៏បរិបូរណ៍»។
មិនត្រឹមតែសម្រស់ធម្មជាតិ ផ្កានិទាឃរដូវ នៅម៉ុកចូវ (Moc Chau) គឺជាផ្នែកមួយ ដែលមិនអាចខ្វះបាននៃជីវិតវប្បធម៌ និងស្មារតីរបស់ប្រជាជននៅទីនេះ។ លោក ង្វៀន វ៉ាន់ទុង (Nguyen Van Tung) ជាភ្ញៀវទេសចរម្នាក់ មកពីរដ្ឋធានីហាណូយ (Ha Noi) បានចែករំលែកពីអារម្មណ៍របស់គាត់បន្ទាប់ពីធ្វើដំណើរទៅកាន់ម៉ុកចូវ (Moc Chau) ថា “ខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងជាច្រើន និងបានឃើញទេសភាពដ៏ស្រស់ស្អាតជាច្រើន ប៉ុន្តែម៉ុកចូវ (Moc Chau) នានិទាឃរដូវ ពិតជាបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ។ នេះមិនត្រឹមតែជាសម្រស់ដ៏អស្ចារ្យនៃផ្កាព្រូន និងផ្កាម៉ាក់ខៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជារបៀប ដែលប្រជាជនក្នុងតំបន់គោរព និងថែរក្សាសម្រស់ទាំងនេះ ផងដែរ។ ពួកគេដាំផ្កានៅក្នុងសួនច្បារ និងនៅលើរានហាលរបស់ពួកគេ ហើយរៀងរាល់និទាឃរដូវ ក្នុងភូមិទាំងមូល បានបំភ្លឺដោយផ្កាចម្រុះពណ៌”។
ចម្ការផ្កាព្រូនរីកស្គុះស្គាយ ដែលគ្របដណ្ដប់ពណ៌សពេញ ឡុងលួង (Long Luong) (ម៉ុកចូវ)។
លោក ទុង (Tung) ក៏បានចែករំលែកបទពិសោធន៍របស់គាត់ ផងដែរថា “ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះរឿងរ៉ាវនៃផ្កាម៉ាក់ខៃព្រៃ។ យោងតាមអ្នកស្រុក ផ្កាប្រភេទនេះ តំណាងឱ្យការរីកចម្រើន ដែលនាំមកនូវសំណាងល្អ និងភាពបរិបូរណ៍ដល់គ្រួសារទាំងមូលនៅឆ្នាំថ្មី”។
នៅឆ្នាំ២០២៥ តំបន់ទេសចរណ៍ជាតិម៉ុកចូវ (Moc Chau) បន្តទទួលបានកិត្តិនាមដ៏ល្បីល្បាញ ក្នុងពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ដោយទទួលបានពានរង្វាន់ «គោលដៅធម្មជាតិឈានមុខគេ នៅលើពិភពលោកឆ្នាំ ២០២៥ » ជាលើកទីបី និង «គោលដៅធម្មជាតិឈានមុខគេ នៅអាស៊ីឆ្នាំ២០២៥» ជាលើកទីបួន។ កិត្តិនាមនេះបញ្ជាក់ពីភាពទាក់ទាញចិរភាព និងតម្លៃទេសភាពធម្មជាតិពិសេសតែមួយគត់នៃខ្ពង់រាបម៉ុកចូវ (Moc Chau)។
ពេលឈប់នៅជ្រលងភ្នំម៉ុកចូវ (Moc Chau) ភ្ញៀវទេសចរនឹងមើលឃើញពពកអណ្តែត កាត់ជួរភ្នំ ដើម្បីទៅដល់ភូមិនានា។
ផ្កាប្រភេទនីមួយៗ នៅម៉ុកចូវ (Moc Chau) នានិទាឃរដូវសុទ្ធតែមានរឿងរ៉ាវផ្ទាល់ខ្លួន និងផ្ញើសារមួយអំពីជីវិត សេចក្តីស្រឡាញ់ និងក្តីសង្ឃឹម។ ផ្កាព្រូនពណ៌សសុទ្ធ តំណាងឱ្យការចាប់ផ្តើមថ្មី ការចាប់ផ្តើមដ៏ស្រស់បំព្រង និងបរិសុទ្ធ។ ផ្កាម៉ាក់ខៃពណ៌ផ្កាឈូកខ្ចី ផ្ញើសារស្ដីពីសេចក្តីស្រឡាញ់ ការជួបជុំគ្នា និងភាពកក់ក្តៅក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ វាលស្រែផ្កាស្ពៃពណ៌លឿងដ៏រស់រវើក តំណាងឱ្យភាពរុងរឿង និងនាំមករដូវប្រមូលផលដ៏បរិបូរណ៍។
ក្មេងៗជួយក្រុមគ្រួសាររបស់ពួកគេបេះស្ពៃ។
ចម្ការផ្កាព្រូនរីកស្គុះស្គាយ ដែលគ្របដណ្ដប់ពណ៌សពេញ ឡុងលួង (Long Luong) (ម៉ុកចូវ)។
បងស្រី ម៉ាយហ្វា (Mai Hoa) បានចែករំលែកថា៖ «សម្រាប់យើងខ្ញុំ និទាឃរដូវមិនមែនគ្រាន់តែជារដូវផ្ការីកនោះទេ ប៉ុន្តែនោះក៏ជារដូវនៃរឿងរ៉ាវផងដែរ។ យើងខ្ញុំជាភ្ញៀវទេសចរជឿថា ត្របកផ្កានីមួយៗ ដែលជ្រុះនោះ នឹងនាំមកនូវការជូនពរបវរសម្រាប់មនុស្សគ្រប់គ្នា»៕.
អត្ថបទ៖ វ៉ឹនត្រឹន - រូបថត៖ តាតសើន / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង