ព័ត៌មាន

មេដឹកនាំអាមេរិកនិងចិន ជួប​សន្ទនា​តាមទូរស័ព្ទដើម្បីពិភាក្សាលើ​បញ្ហាសំខាន់ៗ

នៅថ្ងៃទី ២៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាតាមទូរស័ព្ទ។ នេះជាកិច្ចសន្ទនាតាមទូរស័ព្ទលើកទី៥ រវាងមេដឹកនាំអាមេរិក និងចិន ដែលបានប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរ បន្តមានភាពតានតឹងលើបញ្ហាជាច្រើន ចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម រហូតដល់នយោបាយ។
  ធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping ជួបសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៨ ខែកក្កដា។ (AFP/TTXVN)  

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជាច្រើន ដែលមានសារៈសំខាន់ចំពោះទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់និងពិភពលោកដទៃទៀត ហើយបានប្រគល់ភារកិច្ចដល់ក្រុមការងារជំនាញនានា បន្តសម្របសម្រួលលើខ្លឹមសារពិភាក្សា ជាពិសេសគឺការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខសុខាភិបាល។ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា សហរដ្ឋ អាមេរិកមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះទីក្រុងតៃប៉ិ (ចិន) និងប្រឆាំងយ៉ាងដាច់ខាតចំពោះកិច្ចខិតខំប្រឹងប្រែងដោយឯកតោភាគី សំដៅផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬរារាំងសន្តិភាព និងស្ថិរភាពនៅច្រកទ្វាសមុទ្រតៃប៉ិ(ចិន)។ ក្នុងពេលជាមួយគ្នានោះ យោងតាមគេហទំព័ររបស់ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអំពាវនាវឱ្យប្រទេសទាំងពីររក្សាការប្រាស្រ័យទាក់ទងគ្នាលើបញ្ហាសំខាន់ៗដូចជា ការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពិភពលោកប្រកបដោយស្ថិរភាព និងការពារសន្តិសុខថាមពលនិងស្បៀងអាហារពិភពលោក។ ភាគីទាំងពីរត្រូវសម្របសម្រួលជាមួយគ្នា សំដៅកាត់បន្ថយការកើនឡើងនៅចំណុចក្តៅគគុកក្នុងតំបន់ ជួយទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន; កាត់បន្ថយហានិភ័យនៃអតិផរណា ការជាប់គាំង និងវិបត្តិសេដ្ឋកិច្ច ហើយរក្សាប្រព័ន្ធអន្តរជាតិដែលយកអង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិជាមជ្ឈភាព៕


top