ព័ត៌មាន

មេដឹកនាំបារាំង អេហ្ស៊ីបនិងហ្ស៊កដានី អំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ នៅហ្គាហ្សា ដោយអនុវត្តដំណោះស្រាយរដ្ឋពីរ

ការអំពាវនាវនេះត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El Sisi និងស្តេចហ្សកដានី Abdullah II លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីស្តីពីបញ្ហាហ្គាហ្សាដែលធ្វើឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបនាយប់ថ្ងៃទី ៧ ខែមេសា។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បណ្តាមេដឹកនាំបានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ដើម្បីបង្ខំអ៊ីស្រាអែលឱ្យកាត់បន្ថយការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប ស្តារបទឈប់បាញ់ឡើងវិញ និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌បានចូលទៅក្នុងតំបន់ហ្គាហ្សា​។

នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគី ប្រធានាធិបតីបារាំង ប្រធានាធិបតីអេហ្ស៊ីប និងស្តេចហ្ស៊កដានី បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីស្តារសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអនុវត្តដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។

ជាមួយគ្នានេះដែរ កាលពីយប់មិញ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានធ្វើការតវ៉ាដោយអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ថ្មី និងការផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយចលនាហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប៕


top