មាន់អាំង បាយក្រឡាន ជាអាហារសាមញ្ញពិសេសនៅតំបន់ព្រៃភ្នំតីង្វៀន (Tay Nguyen)។ ម្ហូបនេះ បច្ចុប្បន្នមានការច្នៃចម្អិនច្រើនបែប ក៏ប៉ុន្តែនៅរក្សាបានរសជាតិ ផ្អែមឆ្ងាញ់របស់សាច់មាន់ រួមជាមួយបាយដំណើបទន់។
ភ្ញៀវទេសចរពិសាម្ហូបមាន់អាំង បាយក្រឡាន ក្នុងបរិយាកាសពោរពេញទៅដោយលក្ខណៈវប្បធម៌តំបន់តីង្វៀន (Tay Nguyen)។
មាន់អាំង ជាមាន់ជំទង់ចិញ្ចឹមព្រលែង ទម្ងន់ក្រោម១គីឡូក្រាម សាច់ហាប់ និងស្បែកស្តើងរលើប។ បន្ទាប់ពីធ្វើលាងជម្រះឱ្យស្អាត យកទៅប្រឡាក់គ្រឿងដូចជា៖ មើមខ្ទឹមស មើមខ្ទឹមក្រហម ស្លឹកគ្រៃ គ្រឿងក្រអូប ម្រេច ទឹកត្រី អំបិល ទឹកឃ្មុំ ជាពិសេសមិនអាចរំលងបាន គឺបន្លែព្រៃ។ រូបមន្តគ្រឿងទេសពិសេសប្រចាំត្រកូល បានធ្វើឱ្យសាច់មាន់អាំង មានរសជាតិពិសេស ជាលក្ខណៈនៃតំបន់ព្រៃភ្នំតីង្វៀន (Tay Nguyen)។ បន្ទាប់មកទៀត រង់ចាំគ្រឿងទេសជ្រាបសព្វគ្រប់ និងយកមាន់ទៅអាំងនៅលើចង្ក្រានរងើកក្រហមឆ្អៅ។ ពឹងលើរបៀបអាំងមាន់ ទើបមុខម្ហូបមានរសជាតិឈ្ងុយពិសេសនេះ។ មាន់ទាំងមូលគាបដោយបន្ទះឫស្សី ដាក់លើចង្រ្កានអាំង មិនមែនដាក់លើដែកអាំងសាច់នោះទេ។ អាំងមាន់ដោយធ្យូងឱស មានរសជាតិក្លិនក្រអូបជាង។ ពេលអាំង ចុងភៅត្រូវត្រឡបចុះឡើង មើលរងើកក្តៅល្មម ពេលមាន់ឆ្អិនដល់ មានពណ៌លឿងទុំ។
ទន្ទឹមមាន់អាំង ដើម្បីដាំបាយក្រឡានឈ្ងុយឆ្ងាញ់ ត្រូវមានអង្ករដំណើរឆ្ងាញ់។ ដំណើបសម្រាប់ដាំបាយក្រឡាន គឺជាស្រូវដំណើបគ្រាប់តូច ទ្រវែង បានបងប្អូនជនជាតិតំបន់តីង្វៀន (Tay Nguyen) ដាំនៅតាមជើងភ្នំ។ ក្រៅពីនោះ បំពង់ឫស្សីក៏មានសារសំខាន់មួយបែបដែរ។ ជ្រើសបំពង់ឫស្សីខ្ចី សម្បកខៀវ ដើមតូចល្មម ថ្នាំងវែង ពេលដាំទើបមានរសជាតិឈ្ងុយឆ្ញាញ់ពិសេស។
មុនពេលដាំ ត្រូវត្រាំអង្ករពី៤ - ៦ម៉ោង បន្ទាប់មកលៀងជ្រះ ទុកស្ងួតទឹក ដាក់ចូលបំពង់ឫស្សី (ដាក់ល្មមមិនពេញពេក) រួចចុកដោយឆ្នុកស្លឹកចេក។ បាយបានដាំរួមពេលនឹងមាន់អាំង ពេលដុតបំពង់បាយក្រឡាន ចុងភៅត្រូវបង្វិលបំពង់ យ៉ាងនេះបាយឆ្អិនស្មើ មិនខ្លោចម្ខាង ឆៅម្ខាង។ ពេលមាន់មានរសជាតិក្លិនដ៏ទាក់ទាញ ខណៈនោះបំពង់បាយក្រឡានក៏ល្មមនឹងឆ្អិនដែរ។
ការតុបតែងម្ហូបរបស់ជនជាតិតំបន់ភ្នំតីង្វៀន (Tay Nguyen) គ្មានអ្វីស្មុគស្មាញនោះទេ។ បំពង់ឫស្សីកាត់ជាកងៗ ដាក់តម្រៀបលើចានទៀប។ មាន់អាំងដាក់ទាំងមូលលើកស្ពក សម្រាប់ភ្ញៀវហែកពិសាដោយខ្លួនឯង នៅក្បែរមានចានអំបិលសណ្តែកដីលីង និងអំបិលស្លឹកជីនាងវង។ ចានអំបិលសណ្តែកដីលីងពិសាជាមួយបាយក្រឡាន រីឯចានអំបិលស្លឹកជីនាងវង ពិសាជាមួយមាន់អាំង ធ្វើឱ្យរសជាតិកាន់តែឆ្ងាញ់ពិសាជាង។
ពិតជាអស្ចារ្យមែន ពេលបានអង្គុយពិសាបាយក្រឡាននិងមាន់អាំង នៅហាងមួយដែលបានសាងសង់ ដោយមានស្ថាបត្យកម្ម និងបរិយាកាសពោរពេញទៅដោយលក្ខណៈវប្បធម៌ជនជាតិតីង្វៀន (Tay Nguyen)។ ហាងលក់ចាប់ពីពេលថ្ងៃត្រង់រហូតដល់ល្ងាចជ្រៅ តម្លៃបាយក្រឡានមាន់អាំងមួយ មានប្រហែល៣០០.០០០ដុង៕
បាយក្រឡាននិងមាន់អាំង ជាម្ហូបពិសេសនៅតំបន់តីង្វៀន (Tay Nguyen)។
ភ្ញៀវទេសចរអាចចូលពិសាតាមហាងនៅទីក្រុង Pleiku (ខេត្តយ៉ាឡាយ - Gia Lai) ដែលជាហាងមានមនុស្សជាច្រើនចូលចិត្តពិសា៖
- បាយក្រឡានមាន់អាំង H'BLA T'RUNG ច្រកចូលលេខ២២០ ផ្លូវឡេយឹន (Le Duan) សង្កាត់ត្រាបា (Tra Ba)។
- បាយក្រឡានមាន់អាំង Bazan ច្រកចូលលេខ៤៧៨ - ៤៨០ ផ្លូវឡេយឹន (Le Duan) សង្កាត់ត្រាបា (Tra Ba)។
- ហាងសិប្បករ Ksor Hnao ច្រកចូលលេខ៤៩/១៨ ផ្លូវ ត្រឹន ង្វៀនហាន (Tran Nguyen Han) សង្កាត់ដុងដា (Dong Da)។
- ហាង la Gui លេខ២៧ ផ្លូវផាម ង៉ុកថាច់ (Pham Ngoc Thach) សង្កាត់ថុងញឹត (Thong Nhat)។
អនុវត្ត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង