ការបង្ហាញអាវផាយនៅក្នុងពិធីបើកមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៤ (រូបថត៖ Hai Nam/VOV)
ដោយប្រធានបទ "ហាណូយ - ភាពប្រណិតផូរផង់នៃអាវផាយ" កម្មវិធីសិល្បៈ "មហោស្រពអាវផាយទេសចរណ៍ហាណូយ" បានសម្តែងឡើង តាមរយៈឈុតឆាក និងក្បាច់រាំយ៉ាងល្អិតល្អន់ ទស្សនិកជនហាក់អាចរំឮកដល់វីរភាពនៃឆ្នាំប្រវត្តិសាស្ត្រកាលពីជាង ៧០ ឆ្នាំមុន។ ចូលរួមមហោស្រព អ្នករចនាម៉ូដ Duc Hung បានចែករំលែកថា៖ “សម្រាប់ខ្ញុំ ហាណូយមានរដូវរងាដ៏មានតម្លៃបំផុត។ កាលពីអតីតកាល ដូនតា ជីដូនជីតា និងម្តាយរបស់យើង តែងតែចងក្រណាត់កប្បាស ដើម្បីឲ្យកូនៗចៅៗយកទៅសមរភូមិការពាររដ្ឋធានី និងប្រទេសជាតិ។ រូបភាពនិងវប្បធម៌នោះស្ថិតជានិច្ចក្នុងដួងចិត្តរបស់ខ្ញុំ។ ហើយថ្ងៃនេះ អាវកប្បាសនោះ រួមផ្សំជាមួយអាវរដូវរងារបស់ទីក្រុងហាណូយ បង្កើតបាននូវភាពកក់ក្តៅ រួមទាំងសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ សេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយគឺស្ថិតក្នុងអាវទាំងនោះ”។
ការបង្ហាញអាវផាយនៅក្នុងពិធីបើកមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៤ (រូបថត៖ Hai Nam/VOV) |
មហោស្រពទេសចរណ៍ហាណូយឆ្នាំនេះទាក់ទាញចំណាប់អារម្មណ៍ដោយមានការចូលរួមពីសិប្បករចំនួន ០៦ នាក់ អ្នករចនាម៉ូដចំនួន ៨៥ នាក់មកពីតំបន់ទាំងបីគឺ៖ ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង រួមជាមួយនឹងស្តង់ជិត ១០០ បង្ហាញផលិតផលរបស់អ្នករចនា ម៉ាកអាវផាយ និងអាជីវកម្មទេសចរណ៍។ បន្ទាប់ពីបានរៀបចំដោយជោគជ័យចំនួន ៣ លើក មកទល់នឹងពេលនេះ មហោស្រពអាវផាយទេសចរណ៍ហាណូយ គ្រោងនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានប្រារព្ធឡើងក្នុងខែតុលា ដោយមានទិសដៅកសាងផលិតផលវប្បធម៌ និងទេសចរណ៍ ដែលរួមចំណែកលើកកម្ពស់មុខមាត់រដ្ឋធានីហាណូយ។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោកស្រី Vu Thu Ha បានឲ្យដឹងថា៖ “សកម្មភាពនៃមហោស្រពអាវផាយទេសចរណ៍ ឆ្នាំ ២០២៤ នឹងនាំមកជូនមិត្តភ័ក្តិ ភ្ញៀវទេសចរអន្តរជាតិ និងប្រជាជននូវបទពិសោធន៍ដ៏គួរអោយចាប់អារម្មណ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅអំពីភាពស្រស់ស្អាតនៃវប្បធម៌ជាតិ និងដំណើរប្រវត្តិសាស្ត្រនៃទីក្រុងហាណូយរយៈពេល ៧០ ឆ្នាំក្នុងលំហូរនៃបេតិកភណ្ឌនិងការអភិវឌ្ឍ”។ មហោស្រពនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៦ ខែតុលា៕