ព័ត៌មាន

មហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិន - គូសសញ្ញានូវដំណាក់កាលថ្មីមួយ

បក្សកុម្មុយនិស្តចិននឹងបើកមហាសន្និបាតលើកទី២០ នៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ មហាសន្និបាតនេះ ដាក់ចេញទិសដៅដែលមហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោកនេះ នឹងអនុវត្តន៍នាពេលខាងមុខ ដែលគូសសញ្ញានូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់ប្រទេសចិន។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ fairplanet.org)

ប្រតិភូចំនួនជិត ២៣០០នាក់ តំណាងឲ្យបក្ខជនជាង ៩៦ លាននាក់ និងអង្គការ មូលដ្ឋានបក្សចំនួន ៤,៩ លានអង្គភាព នឹងចូលរួមមហាសន្និបាតនេះ។ មតិយោបល់រាប់លានរបស់ប្រជាជន ដែលរួមចំណែកដល់ការតម្រង់ទិសនិងការសម្រេចចិត្តរបស់បក្សកុម្មុយនិស្តចិន ក៏ត្រូវបានប្រមូលយកតាមរយៈអ៊ីនធឺណិត ផងដែរ។

មហាសន្និបាតមានអត្ថន័យដ៏សំខាន់ពិសេសសម្រាប់ប្រទេសចិន ដោយប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសនេះបានបញ្ចប់ "គោលដៅ ១០០ ឆ្នាំលើកទីមួយ" ជាមួយនឹងការកសាងសង្គមដ៏សម្បូរធូធារគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១ ហើយគោលដៅបន្ទាប់ទៀត គឺឆ្ពោះទៅរកកសាងប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ។ មហាសន្និបាតលើកទី២០ គឺជាព្រឹត្តិការណ៍របត់ ដែលជះឥទ្ធិពលលើគោលនយោបាយសេដ្ឋកិច្ច ការទូត សន្តិសុខ និងសង្គមរបស់ចិនយ៉ាងហោចណាស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ខ្លឹមសារនិងភារកិច្ចស្នូល

ចាប់តាំងពីឡើងកាន់តំណែងខ្ពស់បំផុតនៅក្នុងប្រព័ន្ធនយោបាយរបស់ ចិនកាលពីឆ្នាំ ២០១២ មក អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអនុវត្តន៍បុព្វហេតុពង្រឹងបក្ស តាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យប្រព័ន្ធនយោបាយ និងច្បាប់ស្អាតស្អំ។ ជាមធ្យមក្នុងរយៈពេល ១០ ឆ្នាំកន្លងមក មន្ត្រីចំនួនជាង ១ លាននាក់ត្រូវបានចាត់ការ ដែលក្នុងនោះមន្ត្រីជាន់ខ្ពស់ជាច្រើនទទួលរងការដាក់ទោសខ្ពស់បំផុត។ ដូច្នេះហើយ នៅមហាសន្និបាតលើកនេះ បញ្ហាប្រយុទ្ធប្រឆាំងអំពើពុករលួយបន្តជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់បំផុត ក្នុងអាណត្តិខាងមុខ។

មហាសន្និបាតបក្សកុម្មុយនិស្តចិនបានប្រព្រឹត្តទៅ ចំពេលវេលាដ៏សំខាន់មួយ ដែលបក្ស និងប្រជាជនទាំងមូលកំពុងឈានចូលដំណាក់កាលថ្មី ឆ្ពោះទៅរកការកសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ។ ភារកិច្ចស្នូលនៃមហាសន្និបាតបក្សកុម្មុយនិស្តចិន លើកទី២០ គឺដាក់ចេញផែនទីបង្ហាញផ្លូវសកម្មភាពសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ និងឆ្ងាយជាងនេះទៅទៀត។

រហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវភាគច្រើនបានព្យាករណ៍ថា លោកលោកប្រធានរដ្ឋចិន Xi Jinping មានអាយុ ៦៩ ឆ្នាំនឹងបន្តកាន់តំណែងសំខាន់ៗចំនួន៣គឺ៖ អគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិម និង ប្រធានរដ្ឋ។

បង្កើតរូបរាងអនាគតរបស់ចិនក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ចាប់តាំងពីមហាសន្និបាតបក្សលើកទី ១៩ ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមដែលមានលោកអគ្គលេខាបក្ស Xi Jinping ជាស្នូល ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការគួបផ្សំការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញការកសាងសង្គមសម្បូរធូធារ ជ្រួតជ្រាបទស្សៈអភិវឌ្ឍន៍ថ្មី ខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញកំណែទម្រង់ និងការគ្រប់គ្រងប្រទេសដោយច្បាប់គ្រប់ជ្រុងជ្រោយ អភិវឌ្ឍន៍វប្បធម៌ជឿនលឿនបែបសង្គមនិយម ធានា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ផ្តោតលើធនធានសំដៅកាត់បន្ថយភាពក្រីក្រ កសាងអរិយ្យធម៌អេកូឡូស៊ី ជាដើម។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ចិនបានសម្រេចទាន់កាលកំណត់នូវគោលដៅរួចផុតពីភាពក្រីក្រ និងភារកិច្ចជាប្រវត្តិសាស្ត្រក្នុងការកសាងសង្គមសម្បូរធូធារគ្រប់ជ្រុងជ្រោយ ដោយសម្រេចបានគោលដៅ ១០០ឆ្នាំលើកទី១

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទបច្ចុប្បន្ន ស្ថានការណ៍ក្នុងស្រុក និងអន្តរជាតិមានការប្រែប្រួលជាច្រើន មហាសន្និបាតលើកទី ២០ បក្សកុម្មុយនិស្តចិនបានកំណត់តម្រូវការថ្មីសម្រាប់បុព្វហេតុអភិវឌ្ឍន៍របស់បក្ស និងប្រទេសជាតិនៅលើកំណាត់ផ្លូវថ្មីនៃយុគសម័យថ្មី ក៏ដូចជាការរំពឹងទុកថ្មីរបស់ប្រជាជន។ យោងតាមការព្យាករណ៍ កំណើន GDP ក្នុងឆ្នាំនេះរបស់ចិន គឺទាបណាស់ ដែលទំនងជាមិនសម្រេចបានគោលដៅ ៥,៥% បានឡើយ។ ធនាគារពិភពលោកព្យាករណ៍ថា កំណើន GDP របស់ចិនសម្រេចបានតែ ២,៨% ក្នុងឆ្នាំ ២០២២ ប៉ុណ្ណោះទេ ខណៈដែលប្រទេសចំនួន ២៣ នៅសេសសល់ក្នុងតំបន់ត្រូវបានព្យាករណ៍ថា នឹងមានកំណើនជាមធ្យមចំនួន ៥,៣% ពោលគឺកើនឡើងទ្វេដង
បើធៀបនឹងឆ្នាំ២០២១។ តាមការព្យាករណ៍ថា នេះនឹងជាលើកទីមួយដែលកំណើន GDP របស់ចិនមានកម្រិតទាបជាងប្រទេសជិតខាងចាប់តាំងពីឆ្នាំ១៩៩០មក។

បរិបទនោះបានដាក់ចេញតម្រូវការជាបន្ទាន់សម្រាប់មហាសន្និបាតបក្សលើកទី២០ ដោយការរៀបចំផែនការសកម្មភាព គោលជំហរធំៗ ដើម្បីលើកទឹកចិត្តបក្ខជននិងប្រជាជនចិនទាំងអស់ ឲ្យមានជំនឿជាក់យ៉ាងមុតមាំលើបក្ស ពង្រីកលទ្ធផលដែលសម្រេចបាន ជំនះពុះពារលើបញ្ហាប្រឈម នាំប្រទេសចិនបន្តការអនុវត្តគោលដៅកសាងប្រទេសទំនើបភាវូបនីយកម្មគ្រប់ជ្រុងជ្រោយ បង្កើតឡើងសមិទ្ធិផលដ៏ធំធេងអំពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិនក្នុងយុគសម័យថ្មី៕


top