“កសាងរដ្ឋាភិបាលបង្កើតការអភិវឌ្ឍ សុចរិត ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងបម្រើប្រជាជន” សមមិត្ត ផាម ធីថាញ់ត្រា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សរដ្ឋាភិបាល និងជាឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាណត្តិ ២០២១ - ២០២៥ គឺជាអាណត្តិមួយដែលមានការលំបាកជាពិសេស និងមិនធ្លាប់មានពីមុនមក។ ប៉ុន្តែនៅក្នុងការសាកល្បងដ៏ស្រួចស្រាវនោះ ក្រោមការដឹកនាំរបស់បក្ស រដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវបាវចនា ជាប្រចាំក្នុងការដឹកនាំ ចង្អុលបង្ហាញ និងគ្រប់គ្រង៖ បង្កើតដើម្បីកសាងចក្ខុវិស័យយុទ្ធសាស្ត្រ បង្កើតស្ថាប័ន នាំមុខបើកផ្លូវ បង្កលក្ខណៈងាយស្រួល និងកៀរគររាល់ប្រភពធនធាន&a&
គណៈប្រធានដឹកនាំមហាសន្និបាត។ រូបថត៖ VNA
រឿងនេះត្រូវបានបង្ហាញយ៉ាងរស់រវើក និងស៊ីជម្រៅនៅក្នុងរាល់សកម្មភាព និងលើគ្រប់វិស័យ ដែលក្នុងនោះ រដ្ឋាភិបាលបានរួមដំណើរជាមួយប្រព័ន្ធនយោបាយទាំងមូល ព្រមទាំងប្រជាជន និងកងទ័ពទាំងមូល ខិតខំប្រឹងប្រែងជម្នះរាល់ការលំបាក និងការប្រឈម ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗ និងគួរឱ្យមោទនភាពយ៉ាងខ្លាំង។
លទ្ធផលដែលត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រីចង្អុលបង្ហាញ រួមមានការបង្កើតគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយស្ថិរភាព ឆាប់រហ័ស និងចីរភាព ដោយសម្រេចបាន ២២ ក្នុងចំណោម ២៦ សូចនាករចម្បង ក្នុងនោះសូចនាករសង្គមទាំងអស់ត្រូវបានសម្រេចលើសផែនការ។ អ្វីដែលលេចធ្លោនោះគឺ សេដ្ឋកិច្ចម៉ាក្រូមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពធំៗត្រូវបានធានា កំណើន GDP ក្នុងឆ្នាំ ២០២៥ សម្រេចបាន ៨,០២% ហើយជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំសម្រេចបាន ៦,៣% ដែលស្ថិតក្នុងចំណោមក្រុមប្រទេសដែលមានកំណើនខ្ពស់ក្នុងតំបន់និងលើពិភពលោក ដោយនាំប្រទេសយើងចូលទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច វិស័យវប្បធម៌ សង្គមកិច្ច ការអនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គម សម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើន សន្តិសុខសង្គមត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ គុណភាពជីវិតត្រូវបានលើកកម្ពស់ វៀតណាមបានក្លាយជាគំរូដ៏ជោគជ័យមួយក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ស្តីពីការកាត់បន្ថយភាពក្រីក្រ ចំណែកឯសូចនាករសុភមង្គលត្រូវបានចាត់ថ្នាក់លេខ ៤៦ ក្នុងចំណោម ១៤៣ ប្រទេស ពោលគឺកើនឡើង ៣៧ លំដាប់ បើប្រៀបធៀបនឹងឆ្នាំ ២០២០។
រដ្ឋាភិបាលបានអនុវត្តយ៉ាងប្ដូរផ្ដាច់នូវរបកគំហើញយុទ្ធសាស្ត្រទាំង ៣ ដោយបង្កើតជាកម្លាំងចលករជម្រុញការអភិវឌ្ឍប្រទេសជាតិ។ ជាពិសេស ដោយក្តាប់ជាប់នូវគោលការណ៍របស់បក្ស រដ្ឋាភិបាលបានចង្អុលបង្ហាញ និងអនុវត្តយ៉ាងបន្ទាន់ ប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពនូវបដិវត្តន៍រៀបចំរចនាសម្ព័ន្ធ ចំរាញ់ក្បាលម៉ាស៊ីនឱ្យមានភាពបង្រួម និងកសាងរដ្ឋបាលមូលដ្ឋាន ២ ថ្នាក់ ដែលបើកនូវលំហអភិវឌ្ឍន៍ថ្មី បង្កើតរបកគំហើញក្នុងការកសាងក្បាលម៉ាស៊ីនរដ្ឋឱ្យមានភាពបង្រួម លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ បង្កើតការអភិវឌ្ឍ និងបម្រើប្រជាជនបានល្អប្រសើរជាងមុន។
សមមិត្ត ផាម ធីថាញ់ត្រា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សរដ្ឋាភិបាល និងជាឧបនាយករដ្ឋមន្ត្រី ថ្លែងបទអន្តរាគមន៍លើបញ្ហា៖ កសាងរដ្ឋាភិបាល “បង្កើតការអភិវឌ្ឍ សុចរិត ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងបម្រើប្រជាជន”។ រូបថត៖ VNA
ក្រៅពីនេះ រដ្ឋាភិបាលបានជម្រុញការកែទម្រង់រដ្ឋបាល កសាងប្រព័ន្ធគ្រប់គ្រងរដ្ឋទំនើប ជម្រុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតគ្រឹះជាមូលដ្ឋានដើម្បីផ្លាស់ប្តូរពីការគ្រប់គ្រងតាមរយៈបទបញ្ជារដ្ឋបាល ទៅជាការគ្រប់គ្រងផ្អែកលើទិន្នន័យ បច្ចេកវិទ្យា និងលទ្ធផលបម្រើ។ ជម្រុញយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការបំប្លែងជាឌីជីថល ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយ សូចនាករនវានុវត្តន៍សកលឆ្នាំ ២០២៥ ឈរនៅចំណាត់ថ្នាក់ទី ៤៤ ក្នុងចំណោម ១៣៩ ប្រទេស និងដែនដី។
រដ្ឋាភិបាលបានខិតខំកសាង រក្សា និងពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងអាណត្តិកន្លងទៅ ក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការងារបង្ការ និងប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមាន ក្នុងស្មារតី “គ្មានតំបន់ហាមឃាត់ គ្មានការលើកលែង” ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការំពង្រឹង និងបង្កើនជំនឿចិត្តរបស់ប្រជាជន អាជីវកម្ម និងមិត្តភក្តិអន្តរជាតិ។
ដោយក្តាប់ជាប់នូវស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤ របស់បក្ស ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងការផ្លាស់ប្តូរដែលមានលក្ខណៈជារបត់ប្រវត្តិសាស្ត្រ រដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្ម “បង្កើតការអភិវឌ្ឍ សុចរិត ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងបម្រើប្រជាជន”។ ក្នុងនោះ ផ្តោតលើភារកិច្ចចម្បងទាំង ៦ ដូចខាងក្រោម៖
ទីមួយ៖ បន្តបង្កើតរបកគំហើញក្នុងការកសាង និងបំពេញលក្ខណៈវិនិច្ឆ័យនៃស្ថាប័ន រំដោះរាល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍ ដោយចាត់ទុកនេះជា “របកគំហើញនៃរបកគំហើញ” និងជាប្រៀបប្រកួតប្រជែងថ្នាក់ជាតិ។ ស្ថាប័នត្រូវតែផ្លាស់ប្តូរស្ថានភាពពីការគ្រប់គ្រង ទៅជាការបង្កើត និងបម្រើការអភិវឌ្ឍជាក់ស្តែង កាត់បន្ថយចំណាយអនុលោមភាពសម្រាប់ប្រជាជន និងអាជីវកម្ម ដាស់តឿននូវសេចក្តីប្រាថ្នា ជំនឿចិត្ត និងឆន្ទៈងើបឈរឡើងយ៉ាងខ្លាំងក្លារបស់សង្គមទាំងមូល។ ក្នុងនោះ ផ្តោតលើការធ្វើស្ថាប័ននីយកម្មសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្ស និងសេចក្តីសម្រេចចិត្តឯកទេសស្នូលៗរបស់ការិយាល័យនយោបាយ។ល។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់បង្កើតបរិយាកាសបើកចំហ ក្របខ័ណ្ឌគតិយុត្តមានស្ថិរភាព និងមានលក្ខណៈប៉ាន់ស្មានបានខ្ពស់ ដើម្បីបង្កើតកម្លាំងចលករជម្រុញកំណើនលឿន និងចីរភាព ផ្សារភ្ជាប់នឹងការរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពធំៗនៃសេដ្ឋកិច្ច។
ទីពីរ៖ ជម្រុញការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្ម ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវគំរូកំណើន ដោយយកវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការបំប្លែងជាឌីជីថលធ្វើជាកម្លាំងចលករចម្បង យកធនធានមនុស្សគុណភាពខ្ពស់ធ្វើជាកត្តាស្នូលដើម្បីជម្រុញកម្លាំងចលករកំណើនថ្មីៗ។ ផ្តោតលើការកសាងស្វ័យភាពយុទ្ធសាស្ត្រ អភិវឌ្ឍន៍បណ្តាវិស័យឧស្សាហកម្មគ្រឹះ និងឧស្សាហកម្មនាំមុខ។ល។ យកចិត្តទុកដាក់ជម្រុញយ៉ាងខ្លាំងក្លានូវសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចំណេះដឹង ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីលំហអភិវឌ្ឍន៍ថ្មីៗ ព្រមទាំងគំរូ និងវិធីសាស្ត្រផលិតកម្ម-អាជីវកម្មថ្មីៗ។ លើកកម្ពស់យ៉ាងខ្លាំងក្លានូវតួនាទីរបស់សេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចឯកជន និងការវិនិយោគបរទេស ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តស្នូលៗរបស់ការិយាល័យនយោបាយ។
ទីបី៖ ផ្តោតលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រប្រកបដោយសមកាលកម្ម និងទំនើបកម្ម បង្កើតលំហអភិវឌ្ឍន៍ថ្មី។ បង្កលក្ខណៈងាយស្រួល កៀរគរ និងប្រើប្រាស់ប្រភពធនធាននានាប្រកបដោយប្រសិទ្ធភាព បង្កើតការផ្លាស់ប្តូរច្បាស់លាស់អំពីវឌ្ឍនភាព វិធីសាស្ត្រ និងប្រសិទ្ធភាពនៃការវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន (PPP) បំពេញបន្ថែមនូវយន្តការ និងគោលនយោបាយកៀរគរ និងប្រើប្រាស់ប្រភពធនធានសង្គមប្រកបដោយប្រសិទ្ធភាពសម្រាប់ការវិនិយោគលើរចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សំដៅកាត់បន្ថយចំណាយដើម និងបង្កើនលទ្ធភាពប្រកួតប្រជែងនៃទំនិញវៀតណាមនៅលើឆាកអន្តរជាតិ។
ទីបួន៖ យកចិត្តទុកដាក់លើវិស័យវប្បធម៌ និងសង្គមកិច្ច បង្កើតគ្រឹះសម្រាប់ប្រទេសជាតិអភិវឌ្ឍន៍ឆាប់រហ័ស និងចីរភាព។ បន្តបំពេញបន្ថែមនូវគោលនយោបាយសង្គម ដោយយកមនុស្ស និងសុភមង្គលរបស់ប្រជាជនធ្វើជាមជ្ឈមណ្ឌល ធានាយុត្តិធម៌ បរិយាបន្ន និងចីរភាព - ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាព និងយុត្តិធម៌សង្គម “មិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយឡើយ”។
ទីប្រាំ៖ ផ្លាស់ប្តូរថ្មី និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋ ដោយយកប្រសិទ្ធភាពនៃការបម្រើ និងការពេញចិត្តរបស់ប្រជាជន និងអាជីវកម្មធ្វើជាបន្ទាត់វាស់វែង ជម្រុញការកសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល នៅលើគ្រឹះទិន្នន័យឌីជីថលឯកភាព សមកាលកម្ម ធ្លុះធ្លាយ និងប្រើប្រាស់ទូទៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ និងប្រជាជនតាមពេលវេលាជាក់ស្តែង (Real-time)។ ជម្រុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ផ្សារភ្ជាប់នឹងការបែងចែកប្រភពធនធាន និងបង្កើនការត្រួតពិនិត្យ ត្រួតពិនិត្យតាមដាន ក្រោមបាវចនា “មូលដ្ឋានសម្រេច មូលដ្ឋានធ្វើ មូលដ្ឋានទទួលខុសត្រូវ” តាមរបៀបជាក់ស្តែង និងមានប្រសិទ្ធភាពបំផុត។ ផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសកម្មភាពរបស់រដ្ឋបាលមូលដ្ឋាន ២ ថ្នាក់។
ជាពិសេស រដ្ឋាភិបាលយកចិត្តទុកដាក់លើការកសាងវប្បធម៌សុចរិត វិន័យ និងសណ្តាប់ធ្នាប់ ជម្រុញការបង្ការ និងប្រឆាំងអំពើពុករលួយ បាតុភូតអវិជ្ជមាន និងភាពខ្ជះខ្ជាយ កសាងជួរកម្មាភិបាល មុខការ និងបុគ្គលិករដ្ឋបាលដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដោយយកកិត្តិយសជាឧត្តមភាពបំផុត យកប្រសិទ្ធភាពនៃការបម្រើប្រជាជនជាតម្លៃស្នូល និងដាក់ផលប្រយោជន៍ជាតិ-អនាគតជនជាតិលើសអ្វីៗទាំងអស់។
ទីប្រាំមួយ៖ ពង្រឹង និងបង្កើនសក្តានុពលការពារជាតិ និងសន្តិសុខ ការពារឯករាជ្យភាព និងអធិបតេយ្យភាពជាតិឱ្យបានរឹងមាំ ធានាជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត និងសុភមង្គលរបស់ប្រជាជន។ បន្តបង្កើនសក្តានុពលសម្រាប់ការពារជាតិ និងសន្តិសុខ ម្ចាស់ការឆ្លើយតបចំពោះគ្រប់កាលៈទេសៈ ម្ចាស់ការកសាងកម្លាំងការពារជាតិទូទាំងប្រជាជន និងសន្តិសុខប្រជាជន ផ្សារភ្ជាប់នឹងកម្លាំងចិត្តប្រជាជនដ៏រឹងមាំ ធានាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រក្សាស្ថិរភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
ដោយសង្កត់ធ្ងន់ថា “ស្មារតីនៃមហាសន្និបាត គឺជាស្មារតីនៃជំនឿចិត្តនិងសេចក្តីប្រាថ្នា នៃរបកគំហើញនិងសកម្មភាព វិន័យនិងការច្នៃប្រឌិត សាមគ្គីភាពនិងការអភិវឌ្ឍ” ឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា បានអះអាងថា នេះនឹងជាកម្លាំងចលករដ៏ខ្លាំងក្លា និងជាតម្លៃស្នូលដើម្បីឱ្យរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព លើកកម្ពស់ខ្ពស់បំផុតនូវបេសកកម្មបង្កើតការអភិវឌ្ឍ ដោយយកភាពសុចរិតធ្វើជាគ្រឹះ យកសកម្មភាពយ៉ាងប្ដូរផ្ដាច់ធ្វើជាការប្តេជ្ញាចិត្ត និងយកការបម្រើប្រជាជនជាគោលដៅកំពូល រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នាំយកសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្សចូលទៅក្នុងជីវភាពរស់នៅឱ្យបានឆាប់ រួមចំណែកធ្វើឱ្យសេចក្តីប្រាថ្នាកសាងប្រទេសវៀតណាមឱ្យមានភាពអ្នកមាន ខ្លាំងក្លា រុងរឿង វីល័យ សុភមង្គល និងបោះជំហានទៅមុខយ៉ាងរឹងមាំឆ្ពោះទៅរកសង្គមនិយម៕