ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈដ្ឋានអ្នកការទូត អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវនៅក្នុងប្រទេសជិតខាងបងប្អូនទាំងពីរ គឺឡាវ និងកម្ពុជា សុទ្ធតែកំពុងងាកមកយកចិត្តទុកដាក់ដល់ទីក្រុងហាណូយ ជាកន្លែងដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅ។
លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា។ (រូបថត៖ Van Do/VOV-Phnom Penh)
ដោយផ្អែកលើទំនាក់ទំនងជិតស្និទ្ធជាប្រពៃណីរវាងបក្សកុម្មុយនិស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈបក្សប្រជាជនកម្ពុជា បានបង្កើតជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបី មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានគេរំពឹងថានឹងបន្តបញ្ជាក់នូវតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៅក្នុងយុគសម័យថ្មី។ ក្នុងពេលជាមួយគ្នានោះ វាបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងបក្សទាំងបី និងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជននៃប្រទេសទាំងបី ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។
“មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម មានសារសំខាន់ខ្លាំងណាស់មិនត្រឹមតែចំពោះប្រជាជន និងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់ និងអន្តរជាតិទៀតផង ជាពិសេសប្រទេសជិតខាង និងប្រទេសដែលមានទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។ ពីព្រោះយើងបានមើលឃើញថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភព
លោក។ វៀតណាមជាសមាជិកដែលមានគំនិតផ្តួចផ្តើមជាច្រើននៅក្នុងវេទិកាអន្តរជាតិ និងអង្គការពហុភាគីនានា”។
នេះគឺជាការចែករំលែករបស់លោកស្រី ខាំផោ អឺនថាវ៉ាន់ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងវៀតណាម នៅមុនមហាសន្និបាត។ លោកស្រីបានចាត់ទុកថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយសារវាប្រព្រឹត្តទៅក្នុងបរិបទដែលតំបន់និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាននៅ ខណៈដែលវៀតណាមបានអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មីរយៈពេល ៤០ ឆ្នាំដោយជោគជ័យជាមួយនឹងសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយកំពុងឆ្ពោះទៅការខួបលើកទី១០០ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម និងខួបលើកទី១០០ ទិវាបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម។ មហាសន្និបាតលើកនេះត្រូវបានគេរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍គន្លឹះ ដើម្បីកំណត់ឡើងវិញនូវគោលនយោបាយ គំរូកំណើន ហើយប្រមូលផ្ដុំធនធានដើម្បីអនុវត្តន៍គោលដៅនិងចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ និង ២០៤៥។
ដោយមានទស្សនៈដូចគ្នានឹងឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា ក៏ជឿជាក់ផងដែរថា បក្សកុម្មុយនិស្តវៀតណាមបានដើរតួនាទីយ៉ាងសំខាន់និងមិនអាចខ្វះបាន ក្នុងការសម្រេចលើជោគវាសនារបស់ប្រទេសជាតិ។ ដោយទទួលមរតកនូវសមិទ្ធផលតាំងពីមុនមក មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងក្លាយជាមូលដ្ឋានគ្រឹះដើម្បីនាំវៀតណាមឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ។
"សករាជនេះត្រូវបានដឹកនាំដោយមហិច្ឆតាដ៏ធំធេងចំនួនពីរ គឺចក្ខុវិស័យឆ្នាំ ២០៣០ ក្នុងការប្រែក្លាយទៅជាប្រជាជាតិទំនើបដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ចីរភាពដោយផ្អែកលើបរិវត្តកម្មឌីជីថល នាវានុវត្តន៍និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ផែនការមេនេះផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការបង្កើតច្រករបៀងសេដ្ឋកិច្ចពហុវិស័យនិងការបណ្ដុះបណ្ដាលវណ្ណៈកណ្ដាល កាន់តែច្រើនកាន់តែមានសក្កានុពលក្នុងគោលដៅនាំយកសេដ្ឋកិច្ចវៀតណាមឲ្យឈានជើងចូលក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៣០លើ សកលលោកដែលជាបុព្វបទនិងជាគ្រឹះដ៏រឹងមាំបំផុតក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ២ គឺការឈានទៅសម្រេចបាននូវឋានៈជាប្រទេសដែលមានការអភិវឌ្ឍមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីសម្រេចនូវមហិច្ឆតាជាតិទាំងនេះវាមិនត្រឹមតែទាមទារនូវកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាចាំបាច់ត្រូវការធ្វើទំនើបកម្មស្ថាប័ននិងអភិបាលកិច្ចប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលសកល។ លើសពីនេះការពង្រឹងសាមគ្គីភាពសង្គមនិងការរក្សាតុល្យភាពរវាងការអភិវឌ្ឍនិងយុត្តិធម៌គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានដើម្បីធានាការងើបឡើងនៃប្រជាជាតិគឺការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាពនិងភាពរឹងមាំជានិរន្ត"។
ក្នុងបរិបទតំបន់និងពិភពលោកដ៏ពោរពេញទៅដោយការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញពីការដឹកនាំប្រកបដោយភាពបត់បែននិងឈ្លាសវៃ ជាពិសេសក្នុងកិច្ចការបរទេស ការពារជាតិ និងសន្តិសុខ។ ជាពិសេស សេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានលើកកម្ពស់កិច្ចការបរទេសទៅជាភារកិច្ចស្នូល និងជាប្រចាំ ស្មើនឹងភារកិច្ចការពារជាតិ និងសន្តិសុខក្នុងប្រទេស។ ក្នុងបរិបទនោះ លោកបណ្ឌិត គិន ភា បានចាត់ទុកថា កិច្ចការបរទេសរបស់បក្សនឹងបន្តដើរតួនាទីតំរង់ទិសយុទ្ធសាស្ត្រ ដោយបង្កើតឱកាសថ្មីៗសម្រាប់ទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង» រវាងវៀតណាមនិងកម្ពុជា។
"ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ជា 'យុថ្កានយោបាយ' ដ៏រឹងមាំបំផុតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅពេលដែលវៀតណាមបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងភាពខ្លាំងនៃស្ថាប័ន វៀតណាមនឹងកាន់តែមានសក្តានុពលក្នុងនាមជាដៃគូយុទ្ធសាស្ត្រដែលគួរឲ្យទុកចិត្តសម្រាប់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងសន្តិសុខតាមព្រំដែន" ដោយមានទស្សនៈដូចគ្នាដែរ លោក ថុង ម៉េងដាវីត អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសិក្សាគោលនយោបាយអន្តរជាតិ និងសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើអត្ថាធិប្បាយថា គំរូការទូតបក្ស របស់វៀតណាម បានក្លាយជាគំរូសម្រាប់គណបក្សកាន់អំណាចនៅក្នុងតំបន់ រួមទាំងគណបក្សប្រជាជនកម្ពុជា (CPP) អាចសិក្សាស្រាវជ្រាវបាន។ លោក ថុង ម៉េងដាវីត រំពឹងថា ក្រោយពីមហាសន្និបាតលើកទី១៤ កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា នឹងជំរុញទិសដៅសំខាន់ៗចំនួន៤៖
"ទីមួយ ការអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកបន្តវែនជំនាន់ក្រោយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការ សិក្ខាសាលាគោលនយោបាយ ដើម្បីធានាបានថា ការយល់ដឹងពីគ្នាទៅវិញទៅមកនិងពង្រឹងមូលដ្ឋានគ្រឹះនៃភាពជឿជាក់គ្នាទៅវិញទៅមកនាពេលអនាគត ក្រោមការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំជំនាន់មុន។ ទីពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតម្រង់ទិសសម្រាប់ពេលអនាគត ជាពិសេសក្នុងវិស័យឌីជិថល ថាមពលបៃតង នវានុវត្តន៍ អប់រំ និងបច្ចេកវិទ្យា។ ទីបី ការសម្របសម្រួលនិងបញ្ហាប្រឈមឆ្លងដែន ជាពិសេសបញ្ហាអភិបាលក្នុងតំបន់មេគង្គ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនិងសន្តិសុខស្បៀងជាដើម។ ទីបួន វើឲ្យស៊ីជម្រៅនូវការទូតប្រជាជន រួមទាំងការផ្លាស់ប្តូរក្នុងចំណោមនិស្សិត អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងសហគ្រិន ដើម្បីកសាងទំនុកចិត្តក្នុងសង្គមរយៈពេលវែង ក៏ដូចជាជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក"។
ក្នុងបរិយាកាសដ៏រីករាយនៃមហាសន្និបាតលើកទី១៤ ជាចំណុចរបត់មួយដែលបើកទ្វារចូលយុគសម័យថ្មី សម្រាប់ប្រជាជាតិវៀតណាម លោកបណ្ឌិត គិន ភា និងលោកស្រីឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ដោយមានការគោរពនិងការជឿទុកចិត្តជូនចំពោះ មិត្តជិតខាងវៀតណាម បានសម្ដែងនូវសេចក្ដីជូនពរដ៏ស្មោះស្ម័គ្របំផុត។
"ខ្ញុំមានជំនឿយ៉ាងមុតមាំថាមហាសន្និបាតបក្សលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាមនឹងក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីដ៏ត្រចះត្រចង់ថ្មីមួយទៀតក្នុងដំណើរអភិវឌ្ឍជាតិ។ ជាថ្មីម្តងទៀត ខ្ញុំសូមប្រសិទ្ធិពរជ័យមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមទទួលជោគជ័យយ៉ាងត្រចះត្រចង់និងសូមឲ្យចំណងមិត្តភាពជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមរាស្រ្តនិយមវៀតណាមឲ្យកាន់តែរីកចម្រើន រឹងមាំនិងស្ថិតស្ថេរយូរអង្វែង"។
"ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលមានចក្ខុវិស័យក្នុងការបង្កើនសមត្ថភាពដឹកនាំរបស់បក្ស។ ខ្ញុំជឿជាក់ថា ជាមួយនឹងមេរៀន បទពិសោធន៍ និងការដឹកនាំដ៏ឈ្លាសវៃ ច្នៃប្រឌិត និងបត់បែន ថ្នាក់ដឹកនាំថ្មីរបស់បក្សកុម្មុយនិស្តវៀតណាមនឹងនាំប្រទេសវៀតណាមឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ប្រកបដោយវិបុលភាព ដោយសម្រេចបានជ័យជម្នះជាច្រើន ហើយចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ នឹងអភិវឌ្ឍន៍យ៉ាងរឹងមាំជានិច្ច"។
មហាសន្និបាតលើកទី១៤ មិនត្រឹមតែជាទិវាបុណ្យដ៏ធំសម្រាប់បក្ស និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ជាការបំផុសគំនិតដ៏ខ្លាំងក្លា ដែលពង្រឹងជំនឿជាក់លើប្រទេសវៀតណាមប្រកបដោយស្ថិរភាព វិបុលភាព ជាសសរស្តម្ភសម្រាប់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាមួយនឹងចំណងមិត្តភាពជិតស្និទ្ធបំផុតរវាងបក្សទាំងបី និងប្រជាជាតិទាំងបីដែលចែករំលែកទន្លេមេគង្គ រាល់ការរំពឹងទុកពីប្រទេសឡាវ និងកម្ពុជានឹងបន្តត្រូវបានអនុវត្តន៍ ដើម្បីឱ្យប្រទេសទាំងបីរួមគ្នាសរសេរជំពូកប្រវត្តិសាស្ត្រថ្មីដ៏ត្រចះត្រចង់នៃចំណងសាមគ្គីភាព៕