នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានចាប់ផ្តើមថ្ងៃធ្វើការដំបូងនៅទីក្រុងហាណូយ ដោយទាក់ទាញការយកចិត្តទុកដាក់ និងការផ្សាយព័ត៌មានយ៉ាងច្រើនពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
វិបផតថលហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់រុស្ស៊ី (1prime.ru) បង្ហោះព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថតអេក្រង់៖ អ្នកសារព័ត៌មាន VNA នៅប្រទេសរុស្ស៊ី)
វិបផតថលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់រុស្ស៊ី (1prime.ru) បានរាយការណ៍ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានផ្តោតលើការពិភាក្សា និងអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមរហូតដល់ឆ្នាំ២០៣០ រួមជាមួយនឹងបញ្ហាសំខាន់ៗទាក់ទងនឹងអង្គការនិងបុគ្គលិក។ វិបផតថល Prime បានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល៤ឆ្នាំខាងមុខ គឺការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រប្រកបដោយជោគជ័យ៖ នៅឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលលើសពីកម្រិតមធ្យម ដោយដាក់គ្រឹះសម្រាប់ការទម្លុះទម្លាយយុទ្ធសាស្ត្របន្ទាប់ គឺនៅឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។
កាសែត Granma ដែលទីភ្នាក់ងារបញ្ចេញមតិជាផ្លូវការរបស់បក្សកុម្មុយនិស្តគុយបា បានបង្ហោះបទអត្ថាធិប្បាយដែលមានចំណងជើងថា "វៀតណាមកំពុងដាក់គ្រឹះសម្រាប់សម័យកាលនៃភាពខ្លួនទីពឹងខ្លួនយុទ្ធសាស្ត្រ" ដោយសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៤ នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់វៀតណាម ដោយផ្អែកលើស្វ័យភាពយុទ្ធសាស្ត្រ ភាពខ្លួនទីពឹងខ្លួន និងសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសកល។
ក្នុងពេលជាមួយគ្នានោះ គេហទំព័រវិភាគ ReporteAsia បានបង្ហោះបទអត្ថាធិប្បាយដែលមានចំណងជើងថា "សារៈសំខាន់ជាយុទ្ធសាស្ត្រនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យថ្មី" របស់អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម លោកបណ្ឌិត Ruvislei González Saez ដោយបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥ បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់វៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះកំណើនសេដ្ឋកិច្ចត្រូវបានផ្សាភ្ជាប់ទៅនឹងយុត្តិធម៌សង្គម ការអភិវឌ្ឍមនុស្ស និងការធានាស្ថិរភាពយូរអង្វែង។ ពីទស្សនៈរបស់អ្នកប្រាជ្ញ និងសកម្មជនគោលនយោបាយកិច្ចការបរទេស អ្នកនិពន្ធបានចាត់ទុកថា ជោគជ័យរបស់វៀតណាម បាននាំមកនូវការបំផុសគំនិតដ៏សំខាន់សម្រាប់ប្រទេសអាមេរិកឡាទីននានា ដែលកំពុងខិតខំការពារអធិបតេយ្យភាព និងស្វែងរកមាគ៌ាអភិវឌ្ឍន៍ឯករាជ្យ៕