ព័ត៌មាន

មហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៩៖ បន្តពង្រីកប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់និងរួមដំណើរជាមួយប្រជាជាតិ

ដោយប្រធានបទ “វិន័យ-ទំនួលខុសត្រូវ-សាមគ្គីភាព-អភិវឌ្ឍន៍” មហាសន្និបាតព្រះពុទ្ធសាសនាជាតិលើកទី៩ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ដោយមានការចូលរួមពីតំណាងជិត ១.១០០នាក់។
 ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជាមួយគណៈប្រតិភូចូលរួមមហាសន្និបាត។ រូបថត៖ VNA

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះសាសនា និងកិច្ច ការសាសនា; ផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ពាក់ព័ន្ធជាច្រើន ដើម្បីធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន ជាពិសេសមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដោយបន្តអះអាងលើកតម្កើងតម្លៃវប្បធម៌ និងសីលធម៌ល្អ សោភ័ណភាពនៃសាសនា ក្នុងការថែរក្សា និងលើកកំពស់សីលធម៌ និងប្រពៃណីសង្គម ជាពិសេស ពង្រីកប្រភពធនធាននៃបណ្តាសាសនាក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងអាណត្តិថ្មី ២០២២-២០២៧ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាម បន្តលើកកម្ពស់គុណតម្លៃនៃព្រះពុទ្ធសាសនា; អះអាងនូវឋានៈតែមួយគត់របស់អង្គការព្រះពុទ្ធសាសនានៅវៀតណាម បន្តលើកកម្ពស់ប្រពៃណីការពារជាតិ និងផ្តល់សេចក្តីសុខចម្រើនជូនដល់ប្រជាជន។

“បក្ស រដ្ឋ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសង្ឃឹមថា ដោយគោលការណ៍ និងគោលបំណងដ៏ថ្លៃថ្លានៃព្រះពុទ្ធសាសនា; ដោយមានទិសដៅប្រតិបត្តិសាសនា៖ ធម៌ ជាតិ សង្គមនិយម...។ ពុទ្ធសាសនាវៀតណាមក្នុងអាណត្តិថ្មី បន្តដឹកនាំការសម្របសម្រួល និងសាមគ្គីភាពក្នុងព្រះសង្ឃ   និងពុទ្ធសាសនិកជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស ដើម្បីបន្តពង្រីកប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់និងរួមដំណើរជាមួយប្រទេសជាតិ។ រួមចំណែកដល់សាមគ្គីភាព និងភាពសុខដុមរមនា អនុវត្តល្អចលនាប្រឡងប្រណាំងស្នេហាជាតិ; រួមដៃគ្នាដើម្បីសម្រេចបានជោគជ័យនូវគោលដៅកសាងប្រទេសជាតិខ្លាំងមាំមួន ប្រជាជនមានបាន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។

ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៨-២៩ ខែវិច្ឆិកា មហាសន្និបាតបានបូកសរុប និងវាយតម្លៃនូវសមិទ្ធិផលព្រះពុទ្ធសាសនាសម្រាប់អាណត្តិទី ៨ (២០១៧- ២០២២) និងដាក់ចេញនូវទិសដៅសកម្មភាព និងភារកិច្ចយុទ្ធសាស្ត្រអភិវឌ្ឍន៍សមាគមព្រះពុទ្ធ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៃអាណត្តិទី ៩ (២០២២-២០២៧)៕


top