ព័ត៌មាន

មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សឺម៉ីកុងឌុចទ័រដែលមានតម្លៃ ៣០ លានអឺរ៉ូ គ្រោងនឹងត្រូវបានបង្កើតឡើងនៅវៀតណាម

គម្រោងនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពបណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនានា។

NIC និង Invest International កំពុងសហការគ្នាអនុវត្តន៍គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សឺម៉ីកុងឌុចទ័រ នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃសរុបប្រហែល ៣០ លានអឺរ៉ូ ។ រូបថត៖ VNA 

យោងតាមព័ត៌មានពីមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានឲ្យដឹងថា NIC និង Invest International (អង្គការវិនិយោគនិងគាំទ្រអន្តរជាតិឈានមុខគេរបស់ប្រទេសហូឡង់) កំពុងសហការគ្នាអនុវត្តន៍គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សឺម៉ីកុងឌុចទ័រ (semiconductor) នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃសរុបប្រហែល ៣០ លានអឺរ៉ូ (៣៤,៣ លានដុល្លារអាមេរិក)។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពបណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនានា។ ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការកសាងកម្មវិធីបណ្តុះបណ្តាល គម្រោងនេះ នឹងឆ្ពោះទៅរកការតភ្ជាប់ធនធានមនុស្សវៀតណាមជាមួយនឹងខ្សែសង្វាក់តម្លៃសឺម៉ីកុងឌុចទ័រសកល ជាពិសេសជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោកដូចជា ASML, Coherent និង KLA។

គម្រោងនេះគឺជាផ្នែកមួយនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរួមជាមួយសហភាពអឺរ៉ុប (EU)។ លោក Julien Guerrier ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម បានថ្លែងថា សហភាពអឺរ៉ុបមានបំណងចង់ជួយគាំទ្រវៀតណាមក្លាយជា "ប្រទេសចង់សម្ព័ន្ធ" នៅក្នុងកម្មវិធី Horizon Europe ដែលជាកម្មវិធីក្របខ័ណ្ឌរបស់សហភាពអឺរ៉ុបស្តីពីការស្រាវជ្រាវ និងនវានុវត្តន៍សម្រាប់ដំណាក់កាល ២០២១-២០២៧ ជាមួយនឹងថវិកាប្រមាណ ៩៣,៥ ពាន់លានអឺរ៉ូ៖ “ការដែលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការវិនិយោគលើវិស័យស្រាវជ្រាវ និងនវានុវត្តន៍នៅកម្រិតអភិវឌ្ឍន៍បច្ចុប្បន្ន គឺគួរឱ្យសរសើរណាស់។ ថ្មីៗនេះ វៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្តស្ដីពីការវិនិយោគ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) លើការស្រាវជ្រាវ និងនវានុវត្តន៍។ យើងកំពុងកសាងផែនការសហប្រតិបត្តិការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ និងបង្កើនសក្តានុពលអតិបរមានៃការចូលរួមរបស់វៀតណាមនៅក្នុងកម្មវិធីស្រាវជ្រាវរបស់យើងផងដែរ”៕


top