មុខរបររបស់ប្រជាជនវៀតណាម

ភូមិកុលាលភាជន៍ចម្ប៉ានៅភូមិប៊ិញដឹក (Binh Duc)

ភូមិ​កុលាលភាជន៍​ប៊ិញ​ដឹក​ (Binh Duc) ឬនៅ​ហៅ​ថា​ភូមិ​កុលាលភាជន៍​ហ្គន (Go) ​ជា​​ភូមិ​​មាន​ជនជាតិ​ចម្ប៉ា​រស់នៅបង្កភូមិ​​ តាំងពីយូរ​លង់ណាស់មកហើយ​ មាន​ទីតាំង​​ស្ថិត​នៅ​ភូមិ​ប៊ិញ​ដឹក​ (Binh Duc) ឃុំ​ផាន​ហេប​ (Phan Hiep) ស្រុក​បាក់​ប៊ិញ​ (Bac Binh) ខេត្ត​ប៊ីញ​ធ្វឹន (Binh Thuan)​​។ ទីកន្លែង​នេះ ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​ចតុទិស ​អញ្ជើញ​មក​ទស្សនា​ ​និង​ធ្វើកុលាលភាជន៍​​ដោយ​ដៃឯង​ បង្កើតបាន​​ជា​ផលិតផល​​កុលាលភាជន៍​​ តាម​បែប​វិធី​សាស្រ្ត​ប្រពៃ​ណី​។​

សព្វថ្ងៃ​ នៅ​ខេត្ត​ប៊ីញ​ធ្វឹន​ (Binh Thuan) មានភូមិ​ជនជាតិ​ចម្ប៉ា​​ចំនួន​​២៦​ភូមិ​ ប៉ុន្តែ​​​មានតែ​ភូមិប៊ីញ​ដឹក (Binh Duc) តែមួយ​គត់ ​ដែល​នៅប្រកបមុខរបរ​​​កុលាល​ភាជន៍​​ ដោយមាន​ប្រើ​​បច្ចេកទេស​​និង​បទដ្ឋាន​សិប្បកម្ម​ប្រពៃណី​ របស់​ដូនតា​​​។ តាម​សម្តី​សិប្បករ​​​រៀបរាប់ថា​​ របរ​កុលាលភាជន៍​​នៅ​ភូមិ​ប៊ីញ​ដឹក​ (Binh Duc) ​មាន​មក​តាំងពី​​យូរ​ បាន​គ្រួសារ​ជនជាតិ​ចម្ប៉ា ​នៅទីនេះ​អភិរក្ស​ស្នង​បន្ត​គ្រប់​ជំនាន់​។​

ដើម្បីបង្កើត​បាន​កុលាលភាជន៍មួយ​​ ជនជាតិ​ចម្ប៉ា​ត្រូវ​ទៅ​យក​ដី​ឥដ្ឋ ​នៅ​ទន្លេ​ផាន​ (Phan) បន្ទាប់​ពីមក ​ជួល​ឡាន​ដឹក​ជញ្ជូន​ចូល​​ភូមិ​ប្រើប្រាស់​។ រូប​រាងកុលាលភាជន៍ ​បាន​ជនជាតិ​ចម្ប៉ា​អភិ​រក្ស​​ទុក​​ដូច​សភាពដើម ​រហូត​ដល់​សព្វថ្ងៃ​​។ ឧបករណ៍​​សម្រាប់​បង្កើត​​រាង​ គឺ​តុបង្វិល​មាន​​រាង​មូលតម្កល់​ជាប់​នឹង​ដី​ ជាងធ្វើ​​ដើរ​ជុំវិញ​តុ​ ក្រឡឹង​បង្កើត​ជា​រាងកុលាលភាជន៍​​។​

របៀប​ដុត​កុលាលភាជន៍​នៅ​ភូមិ​ប៊ីញ​ដឹក​ (Binh Duc) ក៏មានការចម្លែក​ផ្លែក​ ផ្សេង​នឹង​​​ទីកន្លែង​ដទៃ​។ កុលាលភាជន៍​ដាក់ថ្កល់​​លើ​ទីលាន​ គរចំបើង​ ស្លឹក​ដូង​ រួច​ដុត​ទាន់តែ​ភ្លើង​​រលត់ទៅ​ កុលាលភាជន៍​ក្នុង​គំនរ​នោះ ​ក៏ឆ្អិនដំណាល​គ្នា​​ផង​ដែរ​។​

ដើម្បី​បញ្ចេញ​​​ពណ៌លើ​កុលាលភាជន៍​​ នៅ​ពេល​កុលាលភាជន៍​​​ទើប​យក​ចេញ​ពី​ឡ នៅ​ក្តៅ​​នៅឡើយ​ ជាង​នឹង​ប្រើទឹក​ផ្សំ​​នឹង​ជ័រ​ដើម​ចន្ទន៍​ គ្រលាស់​លើ​កុលាលភាជន៍​​ ពេល​ត្រជាក់ទៅ​​នឹងមាន​​​ស្នាម​ដំជាំ​រាង​មូល​ ពណ៌ប្រផេះ ស្អាតៗ ​ដិត​​អារម្មណ៍​មនុស្ស​​។​

ផលិតផល​កុលាលភាជន៍​ភូមិ​ហ្គន​ (Go) ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​គ្រួសារ​ ដូចជា៖ ​ឆ្នាំងបាយ​ ឆ្នាំងត្រីខ ថូ​ផ្កា​ ថូ​ហុង​ស៊ុយ​ ចង្រ្កាន​។ល។ ដែលមាន​លក្ខណៈ​ស្រទន់​ ប្រណីត​ សម្បូរបែបទាំង​ម៉ូដម៉ា​ផង​ នៅ​ទាំងបាន​ប្រើប្រាស់​ពេញ​និយម​ តាម​ទីផ្សារ​ទីក្រុង​ហូជីមិញ ផាន​ធៀត​ (Phan Thiet) ប៊ីញ​យ៉ឿង​ (Binh Duong)។​

 

សិប្បករ​ ង្វៀន​ ធី​មិញ​ (Nguyen Thi Minh) អាយុ​៥៣ឆ្នាំ​ នៅ​ក្រុម​១ ភូមិ​ប៊ីញ​ដឹក​ (Binh Duc) ឃុំ​ផាន​ហេប​ (Phan Hiep) ​រៀប​រាប់ថា ប្រាក់​ចំណូល​ពី​មុខរបរ​ធ្វើ​កុលាលភាជន៍​ខ្ពស់​និង​ស្រួល​ជាង ប្រកបមុខរបរ​កសិកម្ម​។ រៀង​រាល់​ខែ​ មូលដ្ឋាន​​​ធ្វើ​កុលាលភាជន៍ ​របស់​បង​ស្រី​​មិញ​ (Minh) ​ទទួល​បាន​ប្រាក់ចំណូល​ពី​១០ - ១៥លាន​ដុង​។​

សព្វថ្ងៃ​ នៅ​ភូមិ​កុលាលភាជន៍​ប៊ីញ​ដឹក (Binh Duc) ​មាន​គ្រួសារ​ចំនួន​៤០​ អនាគត​នឹង​មានការកើន​ឡើង​ ​តាម​​គោលការណ៍​បើកទូលាយ​​ភូមិ​របរ​កុលាលភាជន៍ ​នៅ​ខេត្ត​ប៊ីញ​ធ្វឹន​ (Binh Thuan)។ ទោះបី​ ​យុវវ័យ​បច្ចុប្បន្ន ​​​មានការងារ​ធ្វើ​ មាន​ប្រាក់​ចំណូល​ខ្ពស់​ នៅតាម​ក្រុមហ៊ុន​ សហគ្រាស​ ប៉ុន្តែ​​គ្រួសារ​នីមួយ​ៗ នៅ​តែ​អភិរក្ស​បង្រៀន​​សមាជិកក្នុង​គ្រួសារ​​​បន្តស្នង​មុខររបរនេះ ដើម្បី​រក្សា​អត្តសញ្ញាណ​វប្បធម៌​សម្រាប់​យុវវ័យ​​ជំនាន់ក្រោយ​៕

 

ផលិតផល​កុលាលភាជន៍​ បន្ទាប់ពី​ដុត ជាង​នឹង​​​គ្រលាស់​ទឹក​ផ្សំនឹង​​ជ័រ​ដើម​ចន្ទន៍​ជួយ​​ឱ្យ​​ផលិតផល ​មានពណ៌​ស្អា​ត និង​ជក់​ចិត្ត​ជាខ្លាំង។​

អត្ថបទនិង​រូបថត៖ ហ្វាង​ហា

ប្រែសម្រួល៖ រីកើង​


top