តាមសម្តីប្រជាជននៅភូមិកន្ទេលឌិញអៀន (តាមសម្តីប្រជាជននៅភូមិកន្ទេលឌិញអៀន (Dinh Yen) ស្រុកឡឹបវ៉ (Lap Vo) ខេត្តដុងថាប (Dong Thap) និទានថា កាលពីមុន ទីនេះមានឈ្មោះហៅថាផ្សារ “ជីវម៉ា” (Chieu ma) - កន្ទេលរាត្រី”ដោយសារផ្សារប្រជុំនៅពេលរាត្រី ពីព្រោះពេលថ្ងៃមនុស្សគ្រប់គ្នាជាប់រវល់នឹងការត្បាញកន្ទេល។ ផ្សារប្រជុំនៅម៉ោង៧យប់ ចង្កៀងគោមឆ្លុះកន្ទេលគ្រប់ពណ៌ រំលេចក្រោមស្បៃរាត្រី មានពណ៌ក្រហម ខៀវ និងលឿង។ ផ្សារ “ជីវម៉ា” (Chieu ma) - កន្ទេលរាត្រី”មានរយៈពេលប្រហែល២ម៉ោង រួចរំសាយទៅ។ បច្ចុប្បន្ន នៅចុងសប្តាហ៍ មាមីងភូមិរបររៀបចំផ្សារកន្ទេល នៅនឹងទីលានទីសក្ការបូជាឌិញអៀន (Dinh Yen) ដោយមានសកម្មភាពដោះដូរ ម្ហូបអាហារ និង សិល្បៈចំណាប់ៗជាច្រើន។
ភូមិកន្ទេលឌិញអៀន (Dinh Yen) បានកកើតឡើងមុននេះរាប់រយឆ្នាំ។ ស្ថិតនៅក្បែរទន្លេហូវ (Hau) ជាតំបន់ដីដែលមានកោះ និងឆ្នេរដីដុះជាច្រើន ជាអំណោយផលដើមកក់ដុះលូតលាស់ល្អ គឺជាវត្ថុធាតុសម្រាប់ត្បាញកន្ទេលផងដែរ។ តាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ប្រជាពលរដ្ឋភូមិកន្ទេលឌិញអៀន (Dinh Yen) មានដើមកំណើតមកពីវាលទំនាបសមុទ្រខាងជើង (ខេត្តថៃបិញ - Thai Binh ខេត្តណាមឌិញ - Nam Dinh)។ ពេលធ្វើដំណើរចូលមកភូមិភាគខាងត្បូង រួចតាំងទីលមនៅស្នាក់នៅទីនេះ ក៏បាននាំយករបរតម្បាញប្រពៃណីមកតាម ហើយអភិវឌ្ឍខ្លាំងនៅមូលដ្ឋាននេះ។
បច្ចុប្បន្ន របរតម្បាញកន្ទេលប្រមូលផ្តុំនៅតែក្នុងឃុំពីរ គឺឃុំឌិញអាន (Dinh An) និង ឃុំឌិញអៀន (Dinh Yen) ច្រើនបំផុតនៅភូមិអានឡើយអា (An Loi A) អានឡើយបេ (An Loi B) អានខឿង (An Khuong) និង អានប៊ិញ (An Binh)។ លក្ខណៈពិសេសមួយ គឺបណ្ដាគ្រួសារប្រកបរបរត្បាញកន្តេលភាគច្រើនរស់នៅជុំវិញទីសក្ការបូជាឌិញអៀន (Dinh Yen) ពួកគេតែងហាលកន្ទេលគ្រប់ពណ៌ មានខៀវ ក្រហម និង លឿង នៅជុំទីសក្ការបូជា និងតាមសងខាងថ្នល់ចូលភូមិ បង្កើតបានជារូបភាពជិតដិតស្និទ្ធស្នាលពិសេស ស្អាតប្រណីត សម្រាប់ភូមិរបរតម្បាញកន្ទេល។
ការនាំយកម៉ាស៊ីនចូលដំណាក់កាលតម្បាញមួយចំនួន ដូចសព្វថ្ងៃ រួមចំណែកកាត់បន្ថយកម្លាំងហត្ថកម្ម បង្កើនទិន្នផលសម្រាប់ក្រុមគ្រួសារដែលប្រកបមុខរបរតម្បាញ។ មូលដ្ឋានធ្វើអាជីវកម្មធំមួយចំនួននៅភូមិកន្ទេលអាចរៀបរាប់ដូចជា៖ មូលដ្ឋានកន្ទេលថាញប៊ិញ (Thanh Binh) មូលដ្ឋានកន្ទេលវិញឡើយ (Vinh Loi) កន្ទេលប៊ែហាយ (Be Hai) ។ល។ មានកម្លាំងផលិតបានចំនួនច្រើន ឆ្លើយតបតម្រូវការប្រើប្រាស់ខ្ពស់លើទីផ្សារ បង ផាន វ៉ាន់ តឹន (Phan Van Tan) (ម្ចាស់មូលដ្ឋានកន្ទេលប៊ែហាយ - Be Hai) រៀបរាប់ថា គ្រួសារបងបានផ្សារភ្ជាប់នឹងមុខរបរតម្បាញកន្ទេលជាង៣០ឆ្នាំហើយ បច្ចុប្បន្នបងមានម៉ាស៊ីនតម្បាញពីរគ្រឿង កម្មករធ្វើការប្រចាំមានចំនួន៥នាក់ មួយថ្ងៃៗត្បាញកន្ទេលបានជាមធ្យម៥០កន្ទេលគ្រប់ប្រភេទ ។
រីឯ មូលដ្ឋានថាញប៊ិញ (Thai Binh) នៅក្បែរទីសក្ការបូជាឌិញអៀន (Dinh Yen) ត្បាញបានច្រើនជាង១០ដង បើប្រៀបនឹងមូលដ្ឋានបងតឹន (Tan) ដោយមានកម្មករចំនួន២០នាក់ ក៏ដូចជាប្រព័ន្ធម៉ាស៊ីនគ្រប់គ្រាន់ និងជំនាញ។ បង តឹន (Tan) ក៏រៀបរាប់បន្ថែម មុខរបរតម្បាញកន្ទេលទាមទារភាពផ្ចិតផ្ចង់ ប៉ិនប្រសប់ ក៏ដូចជារូបមន្តសម្ងាត់ដោយឡែកនៃមូលដ្ឋាននីមួយៗ ដើម្បីបង្កើតបានកន្ទេលមួនមាំ ស្អាត ពាក់ពាណិជ្ជសញ្ញា និងឯកត្តភាព។ ដើម្បីធ្វើបានកន្ទេលមួយ ដែលមានរូបភាព ពណ៌សម្បុរឆើតឆាយ មិនសូវហើរពណ៌ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប្រការសំខាន់គឺត្រូវជ្រើសរើសទងអំបោះកក់ មានទំហំស្មើគ្នា ហាលគ្រប់ថ្ងៃ មុនពេលជ្រលក់ពណ៌ ខៀវ ក្រហម លឿង។ល។ នៅក្នុងទឹកពណ៌ពុះ។ ដើម្បីជ្រលក់ពណ៌ត្រូវចំពណ៌ មិនងាយហើរពណ៌ ត្រូវដុតកម្តៅពណ៌ឡើង ជ្រលក់បាច់ទងកក់ចូល មើលយោងតាមពណ៌ចាស់ ឬពណ៌ខ្ចី យើងអាចជ្រលក់ពី២ទៅ៣ដងឡើងទៅ។ បន្ទាប់មក ត្រូវយកអំបោះកក់ទៅហាលបន្តមួយក្តៅទៀត រួចទើបយកទៅត្បាញ។ ពេលត្បាញរួចរាល់ ជាងយកកន្ទេលទៅកាត់ជាយ ដេរក្រណាត់រុំជុំវិញ រួចហាលក្តៅ។
ក្នុងចំណោមប្រភេទកន្ទេលទាំងអស់ កន្ទេលផ្កា និងកន្ទេលគូថខ្យង គឺពិបាកត្បាញបំផុត ពីព្រោះវាទាមទារការរៀបដាក់ ចាប់អក្សរ ធ្វើដូចម្តេចឱ្យមានភាពប្រណីត។ ឆ្លងកាត់ថ្វីដៃប៉ិនប្រសប់របស់ខ្លួន រៀងរាល់ឆ្នាំក្រុមបណ្ដាគ្រួសារនៅទីនេះត្បាញបានកន្ទេលផ្កាមានភាពឆើតឆាយ សាច់ម៉ដ្ឋ និងមួនមាំ ទើបទីផ្សារក្នុងស្រុក និងបរទេសពេញនិយមប្រើប្រាស់។
នៅឆ្នាំ២០១២ ទីសក្ការបូជាឌិញអៀន (Dinh Yen) បានក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិ។ មួយឆ្នាំក្រោយមក មុខរបរត្បាញកន្ទេលនៅឃុំឌិញអៀន (Dinh Yen) បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាកជាតិដែរ នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋប្រកបរបរត្បាញកន្ទេលឌិញអៀន (Dinh Yen) ។ ជាពិសេស ភូមិកន្ទេលឌិញអៀន (Dinh Yen) នៅមានក្រុមភាពយន្តជាច្រើន បានជ្រើសយកធ្វើបរិបទភាពយន្ត អំពីវប្បធម៌ភូមិភាគនិរតីនៃភាគខាងត្បូងវៀតណាម ហើយថ្មីៗនេះភាពយន្តរឿងក្រឡះភក្រ្ត៦ (Lat Mat 6) ដែលអ្នកដឹកនាំរឿង - តារាចម្រៀង លីហាយ (Ly Hai) បានថតយកបរិបទសំខាន់ៗ នៅទីនេះ៕
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង