លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc ) និងភរិយាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង កិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ និងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីបញ្ជាក់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការរឹតបន្តឹងទំនាក់ទំនងរវាង អាស៊ាននិងកូរ៉េខាងត្បូង ក៏ដូចជាភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង ផងដែរ។
កិច្ចប្រជុំទាំងនោះបានប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់ដែលវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងមិនអាចប៉ាន់ស្មានបាន។ ប៉ុន្តែអាស៊ាននៅតែបន្តរក្សាសាមគ្គីភាព ឯកភាពគ្នា ហើយទទួលបានលទ្ធផលជាវិជ្ជមានមួយចំនួនតាមស្មារតី “ជំរុញភាពជាដៃគូសហប្រតិបត្តិការប្រកបដោយចីរភាព” ។ ចាប់តាំងពីបានបង្កើតឡើង នាឆ្នាំ ១៩៨៩ រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងអាស៊ាននិងកូរ៉េខាងត្បូងកាន់តែរីកចម្រើនយ៉ាងខ្លាំង។ នាឆ្នាំ ២០១០ ភាគីទាំងពីរបានលើកទំនាក់ទំនងនេះឡើងដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ដូច្នេះបាន បើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ។