ព័ត៌មាន

ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាជិត ២៥០ ក្នុងឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦

ព័ត៌មាននេះត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មានស្តីពីឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ ដែលរៀបចំដោយឡើងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ (Gia Lai) នារសៀលថ្ងៃទី២ ខែកុម្ភៈ នៅទីក្រុងហាណូយ។

លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធីការប្រជាជនខេត្ត Gia Lai។ រូបថត៖ VNP

ដោយប្រធានបទ៖ “យ៉ាឡាយ - ព្រៃភ្នំប្រសព្វសមុទ្រខៀវស្រងាត់” (Gia Lai - Mountains embrace the sea) ឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ មិនត្រឹមតែជានិមិត្តរូបនៃលំហភូមិសាស្ត្រដែលត្រូវបានពង្រីកបន្ទាប់ពីការរួមបញ្ចូលគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវសារជាយុទ្ធសាស្ត្រអំពីការតភ្ជាប់ប្រកបដោយសុខដុមរមនារវាងតំបន់ខ្ពង់រាប និងកោះសមុទ្រ រវាងធម្មជាតិដ៏សម្បើមអស្ចារ្យ និងអត្តសញ្ញាណវប្បធម៌ជនជាតិដ៏វិសេសវិសាល វប្បធម៌គងឃ្មោះ រវាងការអភិរក្ស និងការអភិវឌ្ឍ។ ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកស្រី Do Thi Dieu Hanh ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តយ៉ាឡាយ បានឱ្យដឹងថា ខេត្តយ៉ាឡាយមានបរិយាកាសអភិវឌ្ឍន៍ដ៏ធំទូលាយ ប្រព័ន្ធដឹកជញ្ជូនចម្រុះ រួមមានផ្លូវគោក ផ្លូវអាកាស ផ្លូវសមុទ្រ និងច្រកទ្វារអន្តរជាតិ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម ការតភ្ជាប់តំបន់ និងការអភិវឌ្ឍទេសចរណ៍។  

“ឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ បញ្ជាក់ពីម៉ាកសញ្ញាជាតិ ដោយផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណដ៏វិសេសវិសាលនៃបណ្តាជនជាតិ ដំណើរតភ្ជាប់ដ៏រលូន និងស៊ីជម្រៅដោយផ្អែកលើតម្លៃវប្បធម៌ និងចំណាប់អារម្មណ៍ពិតប្រាកដអំពីបរិយាកាសព្រៃភ្នំ ការតភ្ជាប់រវាងព្រៃភ្នំនិងសមុទ្រពណ៌ខៀវ។ តាមការគ្រោងទុក ពិធីបើកឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ នឹងប្រព្រឹត្តទៅ នៅសង្កាត់គុយញឺន នាខែមីនាខាងមុខ ហើយពិធីបិទនឹងប្រព្រឹត្តទៅនៅសង្កាត់ផ្លៃគូ (Pleiku) នាចុងខែធ្នូ”។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានលើកច្បាស់ថា ការរៀបចំឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ មានអត្ថន័យសំខាន់ពិសេស ទាំងជាសកម្មភាពជំរុញ និងផ្សព្វផ្សាយរូបភាពគោលដៅទេសចរណ៍ផង និងជាការចាប់ផ្តើមយុទ្ធសាស្ត្រ បង្កើតកម្លាំងចលករដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត ក្នុងដំណាក់កាល ២០២៦-២០៣០ផង; បានអះអាងពីការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការនាំយកទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពរបស់ខេត្ត៕


top