វៀតណាម - យុគសម័យថ្មី

ពេទ្យយោធាវៀតណាមបង្កើនសមត្ថភាពឆ្លើយតបរហ័សសម្រាប់កងកម្លាំងរក្សាសន្តិភាព UNMISS

បង្កើនសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្ន​ផ្នែកវេជ្ជសាស្ត្រ។
វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ជំនាញសង្គ្រោះបឋមសម្រាប់កងកម្លាំងរក្សាសន្តិភាព UNMISS”។ រូបថត៖ qdnd.vn
ដើម្បីបង្កើនសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្ន​ផ្នែកវេជ្ជសាស្ត្រ នៅថ្ងៃទី១៣ ខែមិថុនា កងពេទ្យកម្រិត២ លេខ៧ របស់វៀតណាមបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញស្តីពី “ជំនាញសង្គ្រោះបឋមសម្រាប់កងកម្លាំងរក្សាសន្តិភាព UNMISS” សម្រាប់នាយទាហានសង្កេតការណ៍យោធា​របស់​អង្គការសហប្រជាជាតិមកពីប្រទេសចំនួនប្រាំ ដែលកំពុង​បំពេញ​បេសកកម្មនៅក្នុងតំបន់ Bentiu ភាគខាងជើងនៃបេសកកម្ម UNMISS។

វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ជំនាញសង្គ្រោះបឋមសម្រាប់កងកម្លាំងរក្សាសន្តិភាព UNMISS”។ រូបថត៖ qdnd.vn

កម្មវិធីនេះផ្តោតលើការបំពាក់ចំណេះដឹង និងជំនាញចាំបាច់ដើម្បីដោះស្រាយគ្រាអាសន្នប្រកបដោយប្រសិទ្ធភាពមុនពេលបុគ្គលិកពេទ្យមកដល់កន្លែង​កើតហេតុ។ ការបណ្តុះបណ្តាលរួមមាន៖ ការសង្គ្រោះបឋមជាយុទ្ធសាស្ត្រ ការទប់ស្កាត់ការហូរឈាម ការអបឆ្អឹងបាក់ វិធីសង្គ្រោះបេះដូង CPR ការដោះស្រាយករណីស្ទះផ្លូវដង្ហើម និងស្ថានភាពទូទៅនៅស៊ូដង់ខាងត្បូង ដូចជាគ្រុនក្តៅខ្លាំង ការខ្សោះជាតិទឹក ពស់ខាំ និងសត្វល្អិតខាំ។ ថ្លែងបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ អនុសេនីយ៍ឯក Muchayeverwa Dhabu ប្រធានក្រុម UNMO បានមានប្រសាសន៍ថា៖ «តាង​នាមកងកម្លាំងនៅក្នុងតំបន់ Bentiu ខ្ញុំសូមថ្លែងអំណរគុណដល់កង​ពេទ្យកម្រិត ២ របស់វៀតណាមសម្រាប់កម្មវិធីបណ្តុះបណ្តាល​ថ្ងៃ​នេះ។

សិក្ខាកាម​បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ជំនាញសង្គ្រោះបឋមសម្រាប់កងកម្លាំងរក្សាសន្តិភាព UNMISS”។ រូបថត៖ qdnd.com

នេះគឺជា​វគ្គ​បណ្តុះ​ប​ណ្តាលដ៏សំខាន់ពិសេស​សម្រាប់យើងខ្ញុំ​ ជាមន្រ្តីសង្កេតការណ៍យោធា​។ នៅពេលអនុវត្តបេសកកម្មនៅខាងក្រៅមូលដ្ឋាន រាល់​ស្ថានភាពណាមួយ​អាចកើតឡើង ហើយ​យើងអាចត្រូវការជំនាញសង្គ្រោះបឋមជាមូលដ្ឋាន នីតិវិធីជួយ​សង្គ្រោះ និងដឹកជញ្ជូន​ជនរងគ្រោះ (CASEVAC) ក៏ដូចជាការដឹកជញ្ជូនសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ»​។ ការ​រក្សាវគ្គបណ្តុះបណ្តាលជាប្រចាំមិនត្រឹមតែ​ជួយ​បង្កើនសមត្ថភាពការពារខ្លួនឯង និងការគាំទ្រ​មិត្ត​រួម​ក្រុម​ សម្រាប់កងកម្លាំងរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់បន្ថែមទៀតអំពីសមត្ថភាពវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវរបស់ពេទ្យយោធាវៀតណាម ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់ទាហានមួកខៀវវៀតណាមដែលមានជំនាញវិជ្ជាជីវៈ និងការ​ទទួល​ខុស​ត្រូវខ្ពស់ នៅក្នុងបេសកកម្ម UNMISS៕​


top