ចាប់ពីពេលវេលានោះ រដ្ឋរបស់ប្រជាជន ដោយប្រជាជននិងសម្រាប់ប្រជាជនត្រូវបានបង្កើតឡើង ;បានផ្លាស់ប្តូរឋានៈរបស់ប្រទេសជាតិ និងរបស់ប្រជាជនវៀតណាមម្នាក់ៗ៖ ពីប្រទេសជាតិដែលបានបាត់បង់ទឹកដីរបស់ខ្លួន ទៅជាប្រទេសជាតិដែលជាម្ចាស់នៃជោគ វាសនារបស់ខ្លួន; ពីប្រជាជនទាសករ ក្លាយទៅជាពលរដ្ឋរបស់ប្រទេសឯករាជ្យ។
ក្នុងឱកាសនេះ កាសែតដែលបានបោះពុម្ពផ្សាយនៅថ្ងៃនេះ បានចុះផ្សាយអត្ថបទព័ត៌មានជាច្រើនលើទំព័រមុខអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ ក្រោមចំណងជើងថា "រក្សាសច្ចាប្រណិធានឯករាជ្យ ដើម្បីគោលដៅនៃមាតុភូមិដ៏រឹងមាំ និងវិបុលភាព" អត្ថបទវិចារណកថារបស់កាសែតប្រជាជន ដែលជាស្ថាប័នមជ្ឈិមរបស់បក្សកុម្មុយនិស្តវៀតណាម បញ្ជាក់ថា អស់រយៈពេល ៨១ ឆ្នាំកន្លងមកនេះ សេចក្តីប្រកាសឯករាជ្យអមតៈតែងតែបន្លឺឡើងជាសច្ចាប្រណិធានដ៏រឹងមាំលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសិទ្ធិស្វែងរកសុភមង្គលសម្រាប់ប្រជាជាតិវៀតណាមទាំងមូល។ តម្លៃគងវង្សនៃពាក្យពេជន៍ "ឯករាជ្យ - សេរីភាព - សុភមង្គល" មិនត្រឹមតែជាបាវចនាក្រោមឈ្មោះជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្បថនយោបាយ ដែលជារង្វស់ខ្ពស់បំផុតសម្រាប់រាល់គោលនយោបាយ និងគោលការណ៍ណែនាំទាំងអស់។
រដ្ឋាភិបាលនៃវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យត្រូវបានជ្រើសតាំងនៅក្នុងសម័យប្រជុំលើកទីពីរ (ថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៤៦) នៃរដ្ឋសភាជាតិលើកទីមួយ (រូបថត៖ TTXVN)
នៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្របដិវត្តន៍ គោលដៅនៃ "ឯករាជ្យ - សេរីភាព - សុភមង្គល" ត្រូវតែបានពង្រឹងជាបន្តបន្ទាប់នៅក្នុងខ្លឹមសារ ពង្រីកវិសាលភាព និងអត្ថន័យ រឹងមាំនៅក្នុងតម្លៃដែលមិនផ្លាស់ប្តូរ និងអាចបត់បែនបាននៅក្នុងជំហាននិមួយៗ និងដំណាក់កាលនីមួយៗដើម្បីឱ្យសមស្របទៅនឹងលក្ខខណ្ឌ និងកាលៈទេសៈជាក់ស្តែង។ ដូចដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា៖ ឯករាជ្យត្រូវតែធានាដោយកម្លាំងជាតិ និងសមត្ថភាពខ្លួនទីពឹងខ្លួន និងការសម្រេចចិត្តដោយខ្លួនឯង; សេរីភាពត្រូវតែត្រូវបានការពារដោយច្បាប់ វិន័យ និងសិទ្ធិជាម្ចាស់របស់ប្រជាជន។ សុភមង្គលត្រូវតែមាននៅក្នុងការងារ ប្រាក់ចំណូល ការសិក្សា ការថែទាំសុខភាព សុវត្ថិភាព និងឱកាសអភិវឌ្ឍន៍សម្រាប់បុគ្គលម្នាក់ៗ។ ប្រជាជនទុកចិត្ត តាមដាន និងត្រួតពិនិត្យ លើបក្សដឹកនាំប្រកបដោយសុច្ចរិតនិងមានសមត្ថភាព ដែលអាចបំពេញបេសកកម្មរបស់ខ្លួនក្នុងការដឹកនាំប្រទេសជាតិ។ ប្រទេសកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏មហិមារ ឆ្ពោះទៅការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។
ទិដ្ឋភាពនៃជ្រុងមួយរបស់ទីក្រុងហាណូយ មើលពីខាងលើ។ (រូបថត៖ VNA)
ក្នុងពេលជាមួយគ្នានោះ អត្ថបទ "សេចក្តីប្រកាសឯករាជ្យឆ្នាំ ១៩៤៥ និងសម្បថការពារមាតុភូមិ" របស់ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន វ៉ាន សៅ អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រការពារជាតិវៀតណាម ដែលបានចុះផ្សាយនៅក្នុងកាសែតកងទ័ពប្រជាជននៅថ្ងៃនេះ បានបញ្ជាក់ថា ប្រសិនបើនៅឆ្នាំ ១៩៤៥ ប្រជាជាតិទាំងមូលបានក្រោកឡើងតស៊ូដើម្បីសិទ្ធិរស់នៅរបស់ខ្លួននោះ គឺនៅថ្ងៃនេះ ប្រជាជាតិទាំងមូលត្រូវតែធ្វើការរួមគ្នាដើម្បីធ្វើឱ្យសិទ្ធិក្នុងការរស់នៅកាន់តែពេញលេញជាង៖ ជាប្រជាជាតិឯករាជ្យ មានអធិបតេយ្យភាព វិបុលភាព និងខ្លួនទីពឹងខ្លួន ប្រជាជនរីករាយនឹងជីវភាពសុខសាន្តត្រាន សេរីភាព សុភមង្គល និងមានឋានៈសក្តិសមនៅក្នុងសហគមន៍អន្តរជាតិ។
ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដី គឺជាផលប្រយោជន៍ស្នូល និងមិនអាចផ្លាស់ប្តូរបានរបស់ប្រទេសជាតិ។ ប្រជាជាតិដែលចង់រក្សាឯករាជ្យ និងសេរីភាពរបស់ខ្លួន ត្រូវតែមានកម្លាំងដើម្បីការពារសមិទ្ធផលនៃបដិវត្តន៍ ការពារអធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងជីវភាពដ៏សុខសាន្តរបស់ប្រជាជន។ ឯករាជ្យគឺពិសិដ្ឋ; មាតុភូមិជាចម្បង; ហើយការការពារមាតុភូមិមិនមែនគ្រាន់តែជាភារកិច្ចរបស់មនុស្សមួយជំនាន់នោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់ប្រជាជាតិវៀតណាមជានិច្ចចិរកាល៕