ការស្វែងយល់

ពិសេសភាពនៃទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅរបស់ស្ត្រីជនជាតិឡាវ

យោងតាមទស្សនៈរបស់ជនជាតិឡាវ (ស្រុក តាមយឿង (Tam Duong) ខេត្ត ឡាយ​ចូវ (Lai Chau)) ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅមិនត្រឹមតែនាំមកនូវភាពស្រស់ស្អាត ភាពទាក់ទាញ និងភាពល្អិត​ល្អន់របស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យជាច្រើននៃភព្វសំណាងទៀតផង។


យោងតាមទស្សនៈរបស់ជនជាតិឡាវ (ស្រុក តាមយឿង (Tam Duong) ខេត្ត ឡាយ​ចូវ (Lai Chau)) ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅមិនត្រឹមតែនាំមកនូវភាពស្រស់ស្អាត ភាពទាក់ទាញ និងភាពល្អិត​ល្អន់របស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យជាច្រើននៃភព្វសំណាងទៀតផង។

ជនជាតិឡាវនៅស្រុក តាម​ដឿង (Tam Duong) គឺជាសហគមន៍មួយ ដែលមានចំនួនប្រជាជនមិនសូវច្រើនទេ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ពួកគេនៅតែអភិរក្ស និងរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើនរបស់ពួកគេ។ លក្ខណៈវប្បធម៌ពិសេសមួយក្នុងចំណោមបណ្តាលក្ខណៈវប្បធម៌ពិសេសនោះ គឺទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅរបស់ស្ត្រី។

ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅ គឺជាទំនៀមទម្លាប់បុរាណមួយរបស់ជនជាតិឡាវ។ កាលពីមុន ស្ត្រីដែលមាន​ធ្មេញខ្មៅភ្លឺរលោងស្អាត មានសារៈសំខាន់ប្រៀបដូចជាស្ត្រីមានសក់វែងភ្លឺរលោង។ ការជ្រលក់ពណ៌ធ្មេញក៏គូសចំណាំនៃដំណាក់កាលពេញវ័យរបស់ស្ត្រីដែរ។ កញ្ញា​ណាជ្រលក់ធ្មេញពណ៌ខ្មៅនឹងទាក់ទាញចំណាប់អារម្មណ៍ពីបុរសជាច្រើន។ ម៉្យាងទៀត កញ្ញាមួយរូបដែលមានធ្មេញពណ៌ខ្មៅក៏បង្ហាញពីការឧស្សាហ៍ព្យាយាម ភាពប៉ិនប្រសប់ និងការហ្មត់ចត់ផងដែរ។ 

ស្ត្រីជនជាតិ​ឡាវជ្រលក់ធ្មេញ​ពណ៌ខ្មៅឡើង​វិញ។

ស្ត្រីជនជាតិ​ឡាវជ្រលក់ពណ៌ធ្មេញ​ដោយ​ខ្លួន​ឯង។ ប្រជាជនឡាវចូលព្រៃ និងកាប់ឈើមួយ​ប្រភេទដែល​មានជ័រច្រើន។ ពេលយកឈើនេះមកផ្ទះ គេបកសំបកចេញ និង​ហាលដើមឈើឱ្យស្ងួត រួចទុកលើដំបូលផ្ទះដោយប្រុងប្រយ័ត្ន។ ជំហានដំបូង មុនពេល​ដែល​ពួកគេជ្រលក់ពណ៌ធ្មេញ គេ​ត្រូវសម្អាតធ្មេញឱ្យស​ស្អាត។ ពេលជ្រលក់ពណ៌ធ្មេញ ប្រជាជន​ឡាវដុតគល់ដើមឈើប្រភេទនោះ  ដើម្បីប្រមូលយកផ្សែង។ ពេលអុសកំពុងឆេះ ត្រូវប្រើបន្ទះដែកស្មិតចាប់ផ្សែង។ បន្ទាប់មក គេប្រើចុងម្រាមដៃចង្អុលរឹត​លើ​ផ្ទៃមុខបន្ទះដែកស្មិត​នេះពីរបីដង រួចរឹតលើធ្មេញ រហូតដល់ពេល​ណាគេឃើញថាធ្មេញខ្មៅរលោង។ ធ្វើ​ដូច​អញ្ចឹងជាបន្តបន្ទាប់ ក្នុងរយៈពេល ១សប្តាហ៍ ពួកគេចំណាយពេល ១ ម៉ោងក្នុងមួយថ្ងៃ ដើម្បីជ្រលក់​ម្តងហើយម្តងទៀត។


 

រាល់ពេលដែលប្រជាជន​ឡាវ​ជ្រលក់ពណ៌ធ្មេញ ដែលនឹងរក្សាទុក​ក្នុងអំឡុង​ពេលប្រហែល ២ខែ។ បើអ្នកណាចង់ឱ្យធ្មេញខ្មៅភ្លឺរលោង ប្រហែល១ឆ្នាំ គេជ្រលក់ឡើងវិញម្ដង។ ក្នុងអំឡុងពេលនៃការជ្រលក់ពណ៌ធ្មេញ ពួកគេមិនត្រូវបរិភោគអាហារ ទឹកក្ដៅ ឬបរិភោគអាហាររឹង​ពេក ទើបអាចរក្សាភាពធន់នៃពណ៌ធ្មេញ។

សម្រាប់អ្នកចូល​ចិត្ត​ភាព​ស្អាត ពួកគេមិនជ្រលក់​​ធ្មេញ​ពណ៌ខ្មៅទាំងមូលទេ ពួកគេនឹងស្រោប​ធ្មេញ​មាសពីរឬបីជាចម្រុះគ្នា និង​មានភាពភ្លឺនៅថ្គាមខាងលើ បង្កើតឱ្យមានសម្រស់ប្លែកពីគេ។

ស្ត្រីជនជាតិឡាវ និងជនជាតិ លឺ (Lu) នៅស្រុក​​ តាម​ដឿង (Tam Duong) នៅតែរក្សាទំនៀមទម្លាប់ជ្រលក់ពណ៌ធ្មេញ។

ស្ត្រីជាច្រើននៅទីនេះចែករំលែកថា ប្រសិនបើស្ត្រីរៀបការហើយ ពួកគេអាចភ្លេច​អ្វីៗបាន ប៉ុន្តែពួកគេ​ពិតប្រាកដជាមិនអាចបំភ្លេចទម្លាប់ និងវិធីជ្រលក់ពណ៌ធ្មេញរបស់ពួកគេឡើយ។ ព្រោះការ​ជ្រលក់ធ្មេញពណ៌ខ្មៅបាន​ធ្វើជាបន្តបន្ទាប់។ ពួកគេជ្រលក់ពណ៌ធ្មេញអស់មួយជីវិត មិនមែនជ្រលក់ត្រឹមតែក្នុងរយៈពេលខ្លីនោះទេ។

ការជ្រលក់ពណ៌ធ្មេញបានក្លាយជា «ពិធីការ» មួយ ដើម្បីវាយ​តំលៃស្ត្រីល្អម្នាក់។ ស្ត្រីណាដែលធ្វេសប្រហែសក្នុងការជ្រលក់ពណ៌ធ្មេញ ​បាន​គេចាត់ទុកថាជាមនុស្សខ្ជិល ហើយបើស្អាត ក៏មិនគ្រប់លក្ខ ទាំងឫកពា ព្រមទាំងស្ដង់ដារសោភណ្ឌភាពរបស់ស្ត្រីក៏ដូច្នោះដែរ។

ជនជាតិឡាវ និងជនជាតិ លឺ (Lu) នៅស្រុក​​ តាម​ដឿង (Tam Duong) ជាជនជាតិទាំងពីរដែលនៅរក្សាបានទំនៀមទម្លាប់ជ្រលក់ពណ៌ធ្មេញ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេស ជីវភាពរស់នៅរបស់ប្រជាជននៅ​តំបន់​ភ្នំខ្ពង់និយាយរួម ជាពិសេសគឺខេត្ត ឡាយ​ចូវ (Lai Chau) មួយថ្ងៃកាន់តែបានលើកកម្ពស់។ ការអភិវឌ្ឍដ៏គួរឲ្យ​កត់​សម្គាល់នេះតភ្ជាប់ជាមួយនឹងបញ្ហាប្រឈមក្នុងការរក្សាទំនៀមទម្លាប់ប្រពៃណីផងដែរ។ ទំនៀមទម្លាប់ជ្រលក់ធ្មេញ​ពណ៌ខ្មៅក៏មិនលើកលែងដែរ ជាមួយនឹងការផ្លាស់ប្តូរស្មារតីក្នុងសហគមន៍ជនជាតិឡាវ។ ដោយមានការយកចិត្តទុកដាក់ ពីអាជ្ញាធរ និងសហគមន៍ ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅរបស់ជនជាតិឡាវ និងជនជាតិ លឺ (Lu) នៅតែបានរក្សា និងបានលើកតម្កើង។ អ្នកស្រលាញ់វប្បធម៌ ចង់រក្សាទំនៀមទម្លាប់ដ៏ស្រស់ស្អាត និងប្លែកពីគេរបស់ជនជាតិ លឺ (Lu) និងជនជាតិឡាវនៅ ស្រុក​ តាម​ដឿង (Tam Duong)./.

 

អត្ថបទ៖ ថាវ វី/កាសែតរូបភាពវៀតណាម

រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 


top