ព័ត៌មាន

ពិភពលោកក្នុងឆ្នាំ ២០២៣៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម

ឆ្នាំ ២០២២ បានកន្លងផុតទៅជាមួយនឹងការផ្លាស់ប្តូរដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុន ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទិដ្ឋភាពជាច្រើននៃជីវភាពសង្គម ជាពិសេសវិស័យសេដ្ឋកិច្ច ថាមពល និងស្បៀងអាហាររបស់ប្រទេសជាច្រើន និងសហគមន៍ជុំវិញពិភព លោក។ ចូលដល់ឆ្នាំ ២០២៣ ពិភពលោកត្រូវបានព្យាករណ៍ថា នឹងបន្តជួបប្រទះនឹងការលំបាក បញ្ហាប្រឈមនិងក្ដីសង្ឃឹមជាច្រើនប្រទាក់ក្រឡាគ្នា។ កត្តាសំខាន់ៗមួយចំនួនដែលអាចកំណត់រូបរាងនៃស្ថានការណ៍ពិភពលោកនៅឆ្នាំ ២០២៣
  បញ្ហាប្រឈមចំនួន ៤ ចំពោះស្ថានភាពពិភពលោកក្នុងឆ្នាំ២០២៣។ (រូបថត៖ Reuters)  

បញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវបានសាធារណៈមតិអន្តរជាតិផ្ដោតការយកចិត្តទុកដាក់ច្រើនបំផុត នៅពេលដែលពិភពលោកឈានចូលឆ្នាំថ្មី ២០២៣ នោះគឺការវិវឌ្ឍន៍នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ជម្លោះបាននិងកំពុងប៉ះពាល់យ៉ាងជ្រាលជ្រៅទៅលើវិស័យជាច្រើន នៃជីវភាពសង្គមនៅក្នុងប្រទេសនិងសហគមន៍ជាច្រើនជុំវិញពិភពលោក។ ជាពិសេស ខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃទំនិញសំខាន់ៗត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យតម្លៃថាមពល និងស្បៀងអាហារហក់ឡើងខ្ពស់ បង្កើនអត្រាអតិផរណា ហើយបង្កឡើងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសជាច្រើន។ ការផ្ទុះឡើងនៃជម្លោះក៏បណ្តាលឱ្យមានការប្រែប្រួលយ៉ាងជ្រាលជ្រៅនៅក្នុងរចនាសម្ព័ន្ធទំនាក់ទំនងអន្តរជាតិផងដែរ។ សហរដ្ឋ អាមេរិក អឺរ៉ុប និងសម្ព័ន្ធមិត្ត បានដាក់បទហ៊ុំព័ទ្ធ និងទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី ដោយរុញឲ្យទំនាក់ទំនងរុស្ស៊ី-លោកខាងលិច ធ្លាក់ចូលក្នុងស្ថានការណ៍ប្រឈមមុខដាក់គ្នាដ៏តានតឹងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ក្រៅពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ស្ថានភាពពិភពលោកនៅឆ្នាំ ២០២៣ ក៏អាចរងផលប៉ះពាល់ ដោយហានិភ័យមួយចំនួនផងដែរ ជាពិសេសហានិភ័យនៃជម្លោះប្រដាប់អាវុធ និងអសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបទាំងមូល (លំហក្រោយសូវៀត) មជ្ឈិមបូព៌ា (ស៊ីរី អ៊ីរ៉ាក់ ប៉ាឡេស្ទីន-អ៊ីស្រាអែល.....,) អាហ្រ្វិក (លីប៊ី យេម៉ែន...) និងអាស៊ី (អាស៊ីខាងលិច អាស៊ីបូព៌ា...)។

លើសពីនេះ ការប្រកួតប្រជែងខាងភូមិសាស្ត្រយុទ្ធសាស្ត្ររវាងមហាអំណាចធំៗ ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ត្រូវបានគេព្យាករណ៍ថា នឹងបន្តប្រព្រឹត្តទៅយ៉ាងខ្លាំងនៅឆ្នាំ ២០២៣។ ទោះបីជាត្រូវបានចាត់ទុកថានៅតែស្ថិតក្រោមការគ្រប់គ្រង ហើយពិបាកផ្ទុះទៅជាវិបត្តិក៏ដោយ ក៏ការប្រកួតប្រជែងនេះនៅតែអាចជះឥទ្ធិពលក្នុងកម្រិតជាក់ស្ដែងមួយលើលំហូរវិនិយោគ សកម្មភាពពាណិជ្ជកម្មសកល រហូតដល់រចនាសម្ព័ន្ធទំនាក់ទំនងអន្តរជាតិ។

កត្តាគួរឱ្យកត់សម្គាល់មួយទៀតគឺហានិភ័យនៃការផ្ទុះឡើងវិញនៃជំងឺរាតត្បាតកូវីដ ១៩ ជាមួយ នឹងលទ្ធភាពកើតមានវ៉ារ្យ៉ង់ថ្មីនៃមេរោគកូរ៉ូណា ក្នុងឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងអត្រាគ្របដណ្តប់ដោយវ៉ាក់សាំងខ្ពស់លើទូទាំងពិភពលោក រួមជាមួយនឹងការស្តារឡើងវិញយ៉ាងល្អនូវប្រព័ន្ធសុខាភិបាលនៃប្រទេសនានា ប្រសិនបើជំងឺរាតត្បាតផ្ទុះឡើងវិញ ផលប៉ះពាល់របស់វាត្រូវបានចាត់ទុកថា មិនគួរឱ្យព្រួយបារម្ភដូចរយៈពេលកន្លងមកនោះទេ។

ជាពិសេស ស្ថានភាពនៃការប្រែប្រួលអាកាសធាតុលើពិភពលោក ដូចជាបាតុភូតអាកាសធាតុជ្រុល ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត កំដៅមិនធម្មតា ជាដើម ត្រូវបានព្យាករណ៍ថា នឹងបន្តកើតមានដោយពិបាកទាយទុកជាមុននៅឆ្នាំ ២០២៣ ដែលអាចបង្កឡើងការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ទៀតផង។

ដំណោះស្រាយនិងក្តីសង្ឃឹម

ប្រឈមមុខនឹងសេណារីយ៉ូដ៏លំបាកនោះ ប្រទេសនានា ជាពិសេសប្រទេសនិងសហគមន៍ដែលងាយរងគ្រោះ ត្រូវបានផ្តល់អនុសាសន៍ឱ្យបង្កើនធនធាន ហើយដាក់ឲ្យដំណើរការដំណោះស្រាយសមស្របដើម្បីរាំងស្ទប់និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលភូមិសាស្ត្រនយោបាយ-សង្គមក្នុងតំបន់ និងជុំវិញពិភពលោក។ គោលដៅអាទិភាពចម្បងនៃដំណោះស្រាយឆ្លើយតប គឺការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ច; ធានាការផ្គត់ផ្គង់ថាមពលសម្រាប់សកម្មភាពផលិតកម្ម និងស្ថិរភាពសង្គម។ ទន្ទឹមនឹងនោះ បណ្តាប្រទេសនានាក៏ត្រូវមានការត្រៀមរៀបចំចាំបាច់ ដើម្បីទប់ស្កាត់ហានិភ័យនៃការផ្ទះឡើងជាថ្មីនៃរលកជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាលទ្ធភាពនៃការផ្ទុះឡើងជំងឺរាតត្បាតថ្មី; បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ និងការខូចខាតពីបាតុភូតអាកាសធាតុជ្រុលនិយម និងគ្រោះមហន្តរាយធម្មជាតិ; ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ ផងដែរ។

ដោយសារតែបញ្ហាប្រឈមទាំងនេះ តម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់និងទូទាំងពិភពលោក កាន់តែមានភាពបន្ទាន់ថែមទៀត ហើយត្រូវបានជំរុញយ៉ាងខ្លាំងពីប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍យឺតយ៉ាវ។ តួនាទីរបស់អង្គការ និងស្ថាប័នពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ត្រូវបានរំពឹងថា នឹងពង្រឹងនិងពង្រីកកាន់តែប្រសើរជាង រួមចំណែកកាន់តែច្បាស់ និងមានប្រសិទ្ធភាពចំពោះដំណើរការដោះស្រាយវិបត្តិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើពិភពលោក។ ក្នុងនោះ សាធារណៈមតិ រំពឹងយ៉ាងខ្លាំងថា ការចរចាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរុស្ស៊ីនិងអ៊ុយក្រែននឹងត្រូវបានផ្តល់អាទិភាព។

ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី២០២៣ ជំនឿជាក់លើអនាគតដ៏ភ្លឺស្វាងមួយសម្រាប់ពិភពលោក ទទួលបានកម្លាំងចលករដ៏សំខាន់មួយ នៅពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សម្ដេចបាប Francis និងមេដឹកនាំពិភពលោកជាច្រើន បានបញ្ចេញសារស្វាគមន៍ឆ្នាំថ្មីជាបន្តបន្ទាប់ជាមួយនឹងស្មារតីលេចធ្លោគឺ៖ ប្តេជ្ញាចិត្តដើម្បីស្តារសន្តិភាព ជំរុញវិបុលភាពរួមសម្រាប់ប្រទេសទាំងអស់ជុំវិញពិភពលោកក្នុងឆ្នាំ២០២៣ដ៏ពិសេសនេះ៕


top