ការស្វែងយល់

ពិធីសែនដូនតារបស់ប្រជាជនឡូឡូ (Lo Lo)

ទំនៀម​ទម្លាប់​សែន​ដូនតា​របស់​ជនជាតិឡូឡូ (Lo Lo)មាន​ តាំងពី​យូរយារ​ណាស់​មក​ហើយ​។ វា​ជា​ទំនៀម​ទម្លាប់​ដ៏​ស្រស់​ស្អាត សម្បូរ​ទៅ​ដោយ​អត្តសញ្ញាណ​ដែល​មាន​លក្ខណៈ​អប់រំ​ជា​ប្រពៃណី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ 

 

ដូចក្រុមជនជាតិដទៃទៀតដែរ ជនជាតិ ឡូឡូ (Lo Lo) ជឿថា អ្វីៗទាំងអស់សុទ្ធតែមានព្រលឹង ហើយពួកគេមានជំនឿលើអត្ថិភាពនៃព្រលឹង និងទំនាក់ទំនងរវាងអ្នកស្លាប់ និងអ្នករស់ក្នុងត្រកូលនាមមួយ។ ទន្ទឹម​នឹងនេះ ​ការ​គោរព​ដល់​ឫស​គល់​របស់​ជនជាតិ ឡូឡូ (Lo Lo) ក៏​រួម​ចំណែក​ក្នុង​ការ​បង្កើត​ជំនឿសែនដូនតាផង​ដែរ។

ជនជាតិឡូឡូ (Lo Lo) មានជំនឿថា ដូនតា ជីដូនជីតា ឪពុកម្ដាយ ជាដើម ជាអ្នកបង្កើតពួកគេដែលមានគុណបំណាច់ក្នុងការបង្កើតជីវិតបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ ដូនតាក៏មានគុណបំណាច់ ក្នុងការពារភូមិ ជួយឲ្យភូមិមានជីវភាពធូរធារ និងសប្បាយរីករាយ។

តាមទំនៀមទម្លាប់ ពេលដែលសមាជិកក្នុងគ្រួសារស្លាប់ពី ៣ ទៅ ៤ ឆ្នាំ កូនប្រុសច្បងក្នុងគ្រួសារនឹងរៀបចំទីសក្ការៈបូជាដូនតា ហើយអញ្ជើញព្រលឹងមកទីសក្ការៈបូជានេះ ដោយការដំឡើងបន្ទះឈើដែលមានរូបរាងមនុស្សសម្រាប់បូជា។ ទីសក្ការៈបូជាដូនតា​ត្រូវ​ដាក់​នៅ​ជាប់​នឹង​ជញ្ជាំង​នៅកណ្តាលផ្ទះនិង និងទល់មុខ​ទ្វារ​ធំ។ លើទីសក្ការៈបូជា មាន​រូបសំណាក់ធ្វើអំពី​ឈើ​ដែល​ជា​តំណាង​ឲ្យ​វិញ្ញាណ​ដូនតា។ ជារៀងរាល់ឆ្នាំ ប្រជាជន ឡូឡូ (Lo Lo) តែងតែរៀបចំពីធីសែដូនតារបស់ពួកគេ ក្នុងខែទី ១២ (តាមប្រតិទិនចន្ទគតិ)។ ពួកគេអាចរៀបចំពីធីសែននៅផ្ទះក្នុងគ្រួសារ។ រីឯនៅពេលរៀបចំពិធីសែននៅអារាម​ភូមិ គ្រួសារ​ទាំង​អស់​ក្នុង​ភូមិ​នឹង​រួមវិភាគទាន​​ ហើយ​រៀប​ចំ​វា​ជាមួយ​គ្នា។

គ្រូសែន​ លោក ឡ​ស៊ី​ប៉ាវ (Lo Si Pao) និង​បងប្អូន​​ជនជាតិ ឡូឡូ (Lo Lo) នៅ​ភូមិ សាង ប៉ាអា (Sang Pa A) ទីរួម​ស្រុក ម៉ែវវ៉ាក់ (Meo Vac) ស្រុក ម៉ែវវ៉ាក់ (Meo Vac) ខេត្ត ហាយ៉ាង (Ha Giang) រៀបចំ​ពិធី​សែន​ដូន​តាមួយ។
គ្រូសែន​រៀបចំគ្រឿង​សំណែន​ ដែល​ថ្វាយជូន​ដូនតា​ មុន​ពេលអនុវត្ត​​ពិធី​បូជា។


គ្រូសែន​ លោក ឡ​ស៊ី​ប៉ាវ (Lo Si Pao) ក្នុងនាមអ្នកភូមិ អុជធូប រំលឹកគុណដូនតា និង​អ្នក​ដែល​មានគុណ​សម្រាប់​ប្រជាជន ឡូឡូ (Lo Lo) ក្នុង​ពិធី​បុណ្យ​រំលឹក។
ស្គរ​សំរឹទ្ធ​របស់​ជនជាតិ​ឡូ​ឡូ (Lo Lo)  ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ឱកាស​សំខាន់​ៗ​ពិសេស ។
ក្បួនរចនាប្លែកៗនៅលើស្គរលង្ហិនរបស់ប្រជាជន ឡូឡូ ( Lo Lo)។
ប្រជាជន ឡូឡូ ( Lo Lo)​ ពាក់ស្លៀកសំលៀកបំពាក់ដ៏ស្រស់ស្អាតបំផុតនៅពិធីបុណ្យ​សំខាន់ៗនេះ។
គ្រប់​គ្នា​ក្នុង​ភូមិ​ឈរ​នៅ​មុខ​ទីសក្ការៈបូជា​ដូនតា​ ដើម្បី​គ្រូសែនអនុវត្តពិធី​ដូនតា។
បន្ទាប់​ពី​ពិធីសែន​ដូនតា​នៅ​មុខទីសក្ការៈ​បូជារបស់ដូនតា អ្នក​ភូមិ​នឹង​ការ​រាំ និង​ចម្រៀង​បទចម្រៀង​របស់​ជនជាតិ ឡូឡូ (Lo Lo)។

រួមជាមួយនឹងស្គរសំរិទ្ធ របាំ សំលៀកបំពាក់ ... សុទ្ធតែមានលក្ខណៈពិសេស និងពោរពេញដោយលក្ខណៈសិល្បៈរបស់ជនជាតិ ឡូឡូ (Lo Lo) ស្រុក ម៉ែវ​វ៉ាក់ (Meo Vac) ខេត្ត ហា​យ៉ាង (Ha Giang) ដែលមិនអាចរកឃើញ​នៅកន្លែងណាបានឡើយ។

ជាធម្មតា ពិធីសែនដូនតារបស់ជនជាតិឡូឡូ (Lo Lo) មាន ៣ ផ្នែកធំៗគឺ ពិធីបូជា ពិធីរំលឹក និងពិធីជូនដំណើរដូនតា។ ក្នុង​ពិធីសែន គ្រូសែន​នឹង​ធ្វើ​ពិធី​បូជា​ ហើយ​អានអត្ថបទបួងសួង នៅ​ចំពោះមុខ​មនុស្សគ្រប់​គ្នា​ក្នុង​គ្រួសារ និង​សហគមន៍​ ដើម្បី​អញ្ជើញ​ដូនមក​ចូលរួម​ក្នុង​ពិធីនេះ ​ ។ បន្ទាប់មក ជនរួមជាតិ ឡូឡូ (Lo Lo) នឹងវាយស្គរសំរិទ្ធ ដើម្បីឲ្យគ្រប់គ្នារាំតាមសម្លេងស្គរ រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅមុខទីសក្ការៈបូជាដូនតា។ នៅចុងបញ្ចប់នៃពិធីសែននេះ ប្រជាជន ឡូឡូ (Lo Lo) នឹងធ្វើពិធីជូនដំណើរដូនតា។ ជនជាតិ ឡូឡូ (Lo Lo) ក៏វាយស្គរសំរិទ្ធ បន្ទាប់មកពួកគេដុតភ្លើងនៅកណ្តាលទីធ្លា ដើម្បីឲ្យគ្រូសែនអានអត្ថបទបួងសួងជម្រាបជូនដូនតាអំពីការដែលម្ចាស់ផ្ទះ បញ្ជូនគ្រឿងសំណែននិងជូនដំណើរដូនតាទៅកាន់ឋានសួគ៌។ ក្នុងអត្ថបទបួងសួង​ក៏​មាន​ការ​សុំ​ដូនតា​ឲ្យ​ទទួល​អំណោយ និង​សុំ​ឲ្យ​ដូនតា​ផ្តល់សេចក្តីសុខ​​ដល់​កូនចៅ​នៅ​លើ​ផែនដី។ បន្ទាប់​មក​គេ​ដុតក្រដាសសែន​ ហើយ​ពិធី​នឹង​បញ្ចប់​នៅ​ព្រឹក​ព្រលឹម។

ក្រោយ​ពី​ពិធី​នេះ​ហើយ គ្រួសារ​ម្ចាស់​ផ្ទះ​នឹង​អញ្ជើញ​អ្នកដែល​ចូល​រួម​ក្នុង​ពិធី​នេះទទួល​ទានបាយនិង​ស្រា​ជាមួយ​ក្រុម​គ្រួសារ។ គ្រឿងសំណែនទាំងអស់នឹងបានបែងចែកស្មើៗគ្នា ដើម្បីសម្តែងការដឹងគុណពីម្ចាស់ដល់អ្នកទាំងអស់គ្នាដែលបានមកជួយគ្រួសារក្នុងពិធីនេះ។

ក្រៅ​ពី​យក​អត្ថន័យ​នៃ​ការ​អប់រំ​សហគមន៍​រំលឹកនឹកដល់​ឫស​គល់ និង​ដឹង​គុណ​ដូនតា អប់រំ​អំពី​សីលធម៌​នៃ​ការ​ផឹក​ទឹក នឹក​ដល់​ប្រភព ពិធី​សែន​ដូនតា​ក៏​បាន​ភ្ជាប់​សហគមន៍ គ្រួសារ ត្រកូលនាម និង​ភូមិ​ផង​ដែរ។ ដោយរបៀបអនុវត្តជំនឿដ៏វិសេសវិសាល ជាមួយនឹងតម្លៃវប្បធម៌ប្រជាប្រិយពិសេស ជនជាតិឡូឡូ (Lo Lo) បានរួមចំណែកក្នុងការធ្វើឲ្យវប្បធម៌វៀតណាមកាន់តែសម្បូរបែប និងប្លែកពីគេ៕


top