ព័ត៌មាន

ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំប្រការបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ។
ថ្នាក់ដឹក​នាំនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកព្រឹត្តិការណ៍ Seagames 32។ រូបថត៖ AKP

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានគូសបញ្ជាក់ថា « កីឡារស់ក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។

ការសម្តែង​សិល្បៈក្នុង​ពិធីនេះ។ រូប​ថត៖ AKP

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ របស់ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែសំដៅលើការរៀបចំព្រឹត្តិការណ៍កីឡាមួយប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញទស្សនីយភាពជាប្រវត្តិសាស្ត្រ ដ៏មានការទាក់ទាញ និងភាពអស្ចារ្យដែលជាលក្ខណៈពិសេសមួយនៃវប្បធម៌ខ្មែរ និងជាអត្តសញ្ញាណជាតិ ដើម្បីផ្សព្វផ្សាយដល់ពិភពលោក។

ជាមួយគ្នានេះ គឺធ្វើការផ្លាស់ប្ដូរវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ចសង្គម និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានចូលរួមបង្កើនឱកាសទំនាក់ទំនងគ្នា កាន់តែជិតស្និទ្ធនិងស៊ីជម្រៅបន្ថែមទៀត ក្នុងការពង្រឹងវិស័យកីឡា។

ការសម្តែង​សិល្បៈក្នុង​ពិធីនេះ។ រូប​ថត៖ AKP

សម្ដេចពិជ័យសេនាបន្តថា ប្រទេសកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ សម្រាប់ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍នាពេលនេះ បានយកក្ដីស្រមៃឱ្យក្លាយទៅជាការពិត។ ប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាមានសេចក្ដីរំភើបរីករាយ មិនអាចបំភ្លេចបាននូវព្រឹត្តិការណ៍នេះ ហើយសូមឱ្យយើងទាំងអស់គ្នា រួមសាមគ្គីជាធ្លុងមួយ ជាកម្លាំដ៏អស្ចារ្យ ពោពេញទៅដោយសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈការអភិវឌ្ឍវិស័យកីឡា។

 

សម្ដេចពិជ័យសេនាក៏បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កីឡារស់ក្នុងសន្តិភាព បានទទួលប្រតិភូកីឡាអាស៊ីអាគ្នេយ៍១១ប្រទេសចូលរួម ជាអាទិ៍ ប្រទេស ព្រុយណេ ដារូសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម៕


top