ព័ត៌មាន

ពិធីបើកព្រឹត្តិការណ៍ World Cup​ឆ្នាំ ២០២៦៖ ពណ៌ទាំង​បី​នៃ​អាមេរិកខាងជើង

ពិធីបើកព្រឹត្តិការណ៍ FIFA ​World Cup ឆ្នាំ ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក ជាលើកដំបូងដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសចំនួនបី (ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក) ជាមួយនឹងពិធីបើកដាច់ដោយឡែកចំនួនបីនៅក្នុងប្រទេសនីមួយៗ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី។

ពិធីបើកព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ លើកដំបូងបាន​ប្រព្រឹត្តទៅ នៅថ្ងៃត្រង់ ថ្ងៃទី ១១ ខែមិថុនា (ព្រឹកព្រលឹមថ្ងៃទី ១២ ខែមិថុនា តាម​ម៉ោងនៅទីក្រុងហាណូយ) នៅឯពហុ​កីឡដ្ឋាន Azteca ក្នុងទីក្រុងម៉ិកស៊ិក (ម៉ិកស៊ិក)។ ពិធីបើកនេះ មិនត្រឹមតែបានចាប់ផ្តើមការប្រកួតរវាងក្រុមបាល់ទាត់​ជម្រើសជាតិចំនួន ៤៨ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈរបៀបដែលម៉ិកស៊ិករៀបរាប់រឿងរ៉ាវអំពីប្រទេសខ្លួន តាមរយៈតន្ត្រី សិល្បៈ និងតម្លៃវប្បធម៌ប្រពៃណី នៅក្នុងបរិយាកាសពិធីបុណ្យដែលពោរពេញទៅដោយសំឡេង ពណ៌សម្បុរ និងចំណាប់​អារម្មណ៍។ ការសម្តែងដែលរួមបញ្ចូលគ្នារវាងសិល្បៈប្រជាប្រិយ លក្ខណៈវប្បធម៌ជនជាតិដើមភាគតិច និងបច្ចេកវិទ្យាសម្តែងទំនើប បានបង្ហាញពីរូបភាពនៃប្រទេសម៉ិកស៊ិកមួយ ដែលទាំងអភិរក្សប្រពៃណីផង​ និងឆ្ពោះទៅរកអនាគតផង។​

ពិធីបើកWorld Cup ២០២៦ នៅពហុកីឡាដ្ឋាន BMO Field ក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ថ្ងៃទី ១២ មិថុនា ២០២៦។ រូបថត៖ THX/VNA

បន្ទាប់ពីពិធីបើកនៅទីក្រុងម៉ិកស៊ិក នៅថ្ងៃទី១៣ ខែមិថុនា ប្រទេសកាណាដាបានរៀបចំពិធីបើកបន្ទាប់នៅពហុកីឡាដ្ឋាន BMO Field ក្នុង​ទីក្រុងតូរ៉ុនតូ​។ កាណាដាបានជ្រើសរើសប្រធានបទ "ដំណើរពហុវប្បធម៌ពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយទៀត" ក្នុងគោលបំណងបង្ហាញឡើងវិញនូវ "ដំណើរឆ្លងកាត់ប្រទេសកាណាដា" ដែលឆ្លុះបញ្ចាំងពីឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយទាំង៣ និងផ្ទាំងគំនូរពហុជាតិសាសន៍របស់ប្រទេសនេះ។

ជាចុងក្រោយ ពិធីបើកនៅសហរដ្ឋអាមេរិកបានធ្វើឡើងនៅឯពហុ​កីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles (រដ្ឋកាលីហ្វ័រញ៉ា) មុនពេលការប្រកួតរបស់ក្រុមបាល់ទាត់សហរដ្ឋអាមេរិកទល់នឹងក្រុមប៉ារ៉ាហ្គាយក្នុងពូល D នៅម៉ោង ៨:០០ ព្រឹក ថ្ងៃទី១៣ ខែមិថុនា។ ពិធីបើកនៅសហរដ្ឋអាមេរិកមានប្រធានបទ៖ មហោស្រពតន្ត្រី និងពន្លឺបែប Hollywood។ ពហុកីឡដ្ឋាន SoFi ត្រូវបានបំភ្លឺឡើង​ដោយបច្ចេកវិទ្យាបង្ហាញរូបភាពទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក។ ពិធីបើក​នេះត្រូវបានពិពណ៌នាថា "ភ្លឺ និងអស្ចារ្យ" អមដោយការ​សម្តែងរបស់តារាចម្រៀងប៉ុប និងហ៊ីបហបលំដាប់ពិភពលោក។​

ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ប្រព្រឹត្តទៅក្នុង​រយៈពេលជាងមួយខែ មុនពេលបញ្ចប់ដោយការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រនៅទីក្រុងញូវយ៉ក - រដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែកក្កដា៕


top