នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីកសាងក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតសកល។
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ ស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស និងដៃគូអន្តរជាតិជាច្រើន ថ្នាក់ដឹកនាំនៃប្រទេស និងអង្គការនានា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីកសាងក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតសកល។ ដៃគូអន្តរជាតិ អង្គការក្នុងតំបន់ និងអង្គការសហប្រជាជាតិបានវាយតម្លៃថា ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមិនត្រឹម តែជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិលើសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជាក់ពីឋានៈ កិត្យានុភាព និងសមត្ថភាព ភាពជាអ្នកដឹកនាំរបស់វៀតណាមលើ ឆាកអន្តរជាតិទៀតផង។
លោក Glen Prichard (គ្លេន ព្រីឆាដ) ប្រធានកម្មវិធីសកលស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៃការិយាល័យអង្គការសហប្រជាជាតិទទួលបណ្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឲ្យដឹងថា៖ “មិនមែនជារឿងចៃដន្យទេដែលសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិមានវត្តមាននៅទីក្រុងហាណូយ ដើម្បីចូលរួមខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ និងចូលរួមពិធីបើកការចុះហត្ថលេខាលើ អនុសញ្ញានេះ។ ការដែលអង្គការសហប្រជាជាតិបានជ្រើសរើសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីទំនុកចិត្ត និងភាពជាអ្នកដឹកនាំរបស់ប្រទេសវៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយម។ ការពិតដែលថា វៀតណាមបានដាក់ចេញអនុសាសន៍ ដឹកនាំ និងរៀបចំពិធីបើកការចុះហត្ថលេខាលើអនុសញ្ញានេះ គឺជាសក្ខីភាពនៃជំហរដ៏រឹងមាំរបស់ប្រទេសវៀតណាមនៅក្នុងឆាកអន្តរជាតិ។ យើងមានកិត្តិយសដែលបានសហការជាមួយប្រទេសវៀតណាមក្នុងវិស័យនេះ”។
តំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) លោកស្រី Le Hong Loan បានបញ្ជាក់ថា៖ “ប្រទេសវៀតណាមបានសកម្មយ៉ាងខ្លាំងក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីឆ្លើយតប និងរួមចំណែកដល់ខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិ។ យើងខ្ញូំវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ភាពសកម្មរបស់វៀតណាម និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធានាបរិយាកាសបណ្តាញដែលមានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ”។
ពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយបានទាក់ទាញចំណាប់អារម្មណ៍ពីគេហទំព័រ និងទីភ្នាក់ងារព័ត៌មានមួយចំនួនដូចជា Reuters (ចក្រភពអង់គ្លេស), Asia Financial (ហុងកុង), Straits Times (សិង្ហបុរី), DailyTimes (ប៉ាគីស្ថាន), The Japan Times (ជប៉ុន), Daily Times of Bangladesh, Modern Diplomacy (អឺរ៉ុប)។ គេហទំព័រព័ត៌មានទាំងអស់បានចាត់ទុកថា អនុសញ្ញានេះគឺជាក្របខ័ណ្ឌសកលដំបូងគេដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតគ្រប់ជ្រុងជ្រោយ។ ក្នុងពេលជាមួយគ្នានេះ ពិធីបើកការចុះហត្ថលេខានៅទីក្រុងហាណូយត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការតភ្ជាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគីសម្រាប់លំហអ៊ីនធឺណិតដែលមានសុវត្ថិភាព អាចជឿទុកចិត្ត និងប្រកបដោយចីរភាព៕