ព័ត៌មាន

ពិធីបុណ្យតាមដងវិថី Hue ពោរពេញដោយលក្ខណៈវប្បធម៌ចម្រុះពណ៌

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ ពិធីបុណ្យតាមដងវិថី ជាមួយប្រធានបទ "ពណ៌ចម្រុះនៃវប្បធម៌" បានបើកនារសៀលថ្ងៃទី ២៦ ខែមិថុនា។
 
  បរិយាកាសនៃមហោស្រពតាមដងវិថី "ពណ៌ចម្រុះនៃវប្បធម៌" នៅតាមដងផ្លូវនៃទីក្រុង Hue 

ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា មហោស្រពតាមដងផ្លូវឆ្នាំនេះបានបង្ហាញជូនសាធារណជននូវលក្ខណៈពិសេស តាមរយៈកម្មវិធីតន្ត្រី និងក្បូរក្បាច់រាំរបស់ក្រុមសិល្បៈមកពីតំបន់នានាក្នុងប្រទេសនិងអន្តរជាតិ។

ថ្លែងមតិក្នុងពិធីបើកមហោស្រព អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំពិមហោស្រព Hue ឆ្នាំ ២០២២ លោក Huynh Tien Dat បានឲ្យដឹងថា ពិធីបុណ្យតាមដងវិថីគឺជាព្រឹត្តិការណ៍សំខាន់មួយដែលត្រូវបានសាធារណជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារ រួមចំណែកដល់លក្ខណៈពិសេសរបស់មហោស្រព Hue រួមចំណែកអះអាងនិងលើកតម្កើងតម្លៃវប្បធម៌របស់វៀតណាមនិងប្រទេសជុំវិញពិភពលោក។

សិល្បករសៀកនាំមកនូវបរិយាកាសសប្បាយរីករាយ នៅតាមដងផ្លូវនៃទីក្រុង Hue 

“មហោស្រពតាមដងវិថីចែកចេញជាច្រើនថ្ងៃ ក្នុងមួយថ្ងៃៗមានសកម្មភាពផ្សេងៗគ្នា។ ថ្ងៃខ្លះយើងផ្សព្វផ្សាយក្រុមសិល្បៈ ថ្ងៃខ្លះយើងលើកយកការសម្តែងប្រជាប្រិយ និងពិធីបុណ្យប្រជាប្រិយ។ យើងក៏មានការសម្តែងរបាំព្រះរាជទ្រព្យរឿង "បន្ទរបុរាណមួយពាន់ឆ្នាំ"។ លើសពីនេះ ក៏មានការសម្តែងលក្ខណៈវប្បធម៌ពិសេសមួយចំនួនរបស់ Hue ដូចជា ខ្លែង Hue និងអាវផាយ Hue ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសិល្បៈដ៏ល្អនៅក្នុងរាជវាំង និងក្នុងរឿងព្រេងនិទាន។ ទាំងអស់នោះនឹងបង្កើតភាពវិសេសវិសាលថ្មីសម្រាប់មហោស្រពតាមដងវិថីឆ្នាំនេះ”។

ការសម្តែងពីក្រុមតន្រ្តី Gute Gute (អ៊ីស្រាអែល) ក្រុមតន្រ្តី Viet Bambas (ប្រេស៊ីល) និងក្រុមសិល្បៈក្នុងស្រុកដូចជា រោងមហោស្រពសិល្បៈរាជវាំង Hue   ក្រុមតន្រ្តី Charm ក្រុមរបាំ Lyricist  សិល្បករ Mai Dinh Toi ក្រុម Guitar Hue Academy of Music និងតន្ត្រីនិងរបាំ Dak Lak ដែលក្រុមសិល្បៈទាំងនេះបានបង្កើតភាពទាក់ទាញមួយសម្រាប់ សប្តាហ៍កំពូលនៃមហោស្រព Hue ឆ្នាំ ២០២២។  ការសម្តែងសិល្បៈដ៏វិសេសវិសាលនេះ ជួយឲ្យទស្សនិកជនមិនត្រឹមតែស្គាល់កាន់តែច្រើនអំពីភាពចម្រុះប៉ុណ្ណោះទេ ថែមទាំងស្គាល់ដល់លក្ខណៈស្រស់ស្អាតនៃវប្បធម៌ប្រទេសនានាជុំវិញពិភពលោកទៀតផងដែរ៕


top