លោកអគ្គលេខាបក្ស To Lam ថ្លែងសុន្ទរកថា បើកពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) នៅក្នុងពិធីនេះ។ រូបថត៖ VNA ពិធីក្បួនព្យុហយាត្រាថ្នាក់ជាតិ អបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) បានប្រព្រឹត្តទៅយ៉ាងឱឡារិកនាព្រឹកថ្ងៃទី ៣០ មេសា នៅទីក្រុងហូជីមិញ |
ពិធីនេះត្រូវបានគណៈកម្មាធិការប្រតិបត្តិមជ្ឈិម បក្សកុម្មុយនិស្តវៀត ណាម; រដ្ឋសភា; ប្រធានរដ្ឋ; រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម; គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំឡើងយ៉ាងឱឡារិក។
អញ្ជើញចូលរួមមានវត្តមានអគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកតូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភា លោកត្រិន ថាញ់មិន; អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ; អ្នកបដិវត្តន៍ជើងចាស់ វីរៈអ្នកម្តាយវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈបុរសពលកម្ម នាយឧត្តមសេនីយ តំណាងអង្គការនយោបាយ សហជីព និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍។
ខាងភ្ញៀវអន្តរជាតិមានអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោកថងលូន ស៊ីស៊ូលីត; ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន; អនុប្រធានាធិបតីគុយបា Salvador Valdes Mesa; អនុប្រធានDuma ជាតិនៃសាធារណរដ្ឋបេឡារុស្ស Ipatau Vadzim; រដ្ឋមន្ត្រីក្រសួងកិច្ចការបុគ្គលិកយោធានៃប្រទេសចិន; តំណាងគណបក្សនយោបាយនៃប្រទេសជាច្រើន ឯកអគ្គរដ្ឋទូត ប្រធានទីភ្នាក់ងារតំណាង អង្គការអន្តរជាតិ; មិត្តភក្តិអន្តរជាតិជាច្រើនធ្លាប់គាំទ្រប្រជាជន វៀតណា មក្នុងការតស៊ូរំដោះជាតិ និងកសាងប្រទេសជាតិ។
មុនពេលប្រារព្ធពិធី គឺកម្មវិធីសិល្បៈមានការសម្ដែងពិសេសៗជាច្រើន។ ការសម្តែងស្គរជាមួយប្រធានបទ “បទចម្រៀងវីរភាពនៃជ័យជំនះទាំងស្រុង” សម្តែងដោយបណ្ឌិត្យសភាប៉ូលីសប្រជាជន ដែលមានស្គរជាង ៨០០ គ្រប់ប្រភេទ; ការសម្តែងរួមមានរបាំកាំភ្លើង ក្រោមប្រធានបទ “ប្រទេសជាតិពោរពេញដោយភាពរីករាយ” សិល្បៈសម្តែងដោយក្រុមពិធីការយោធា និងការសម្តែងសិល្បៈដោយសិល្បករមកពីទីក្រុងហូជីមិញ។
នៅវេលាម៉ោង ៧:០០ ព្រឹក កម្មវិធីអបអរសាទរជាផ្លូវការបានចាប់ផ្តើមជាមួយនឹងពិធីគោរពទង់ជាតិ។
កងវរសេនាតូចទ័ពអាកាសប្រជាជនវៀតណាមដ៏វីរភាពជាមួយនឹងការសម្តែងលើកទង់ជាតិ និងយន្តហោះចម្បាំងទម្លាក់អន្ទាក់កំដៅនៅលើមេឃ (រូបថត៖ Le Linh) |
ក្នុងពេលជាមួយគ្នានោះ នៅកំពង់ផែ Bach Dang កាំភ្លើងធំបានបាញ់ ២១ គ្រាប់ អមដោយសម្លេងភ្លេងជាតិវៀតណាម។ បន្ទាប់មក អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។
លោកអគ្គលេខាបក្សបានអះអាងថា ការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ គឺជាព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សវិសេសវិសាលក្នុងប្រវត្តិសាស្រ្តនៃការកសាង និងការពារជាតិ ដែលជាការបញ្ចប់ដ៏រុងរឿងនៃការតស៊ូដណ្តើមឯករាជ្យ សេរីភាព និងការបង្រួបបង្រួមជាតិ ដែលបញ្ចប់ជាងពាក់កណ្តាលសតវត្សនៃការគ្រប់គ្រងដោយអាណានិគមនិយមចាស់ និងថ្មី។
លោកអគ្គលេខាបក្ស តូ ឡឹម បានថ្លែងអំណរគុណចំពោះគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញ ហើយចងចាំជារៀងរហូត និងដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់ថ្នាក់ដឹកនាំបដិវត្តន៍មុនៗ យុទ្ធជន ពលី វីរៈអ្នកម្តាយវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនរងរបួស គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ ព្រមទាំងកម្លាំងប្រដាប់អាវុធប្រជាជននិងប្រជាជនទូទាំងប្រទេស ក៏ដូចជាជនវៀតណាមនៅក្រៅប្រទេស ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ។ លោកអគ្គលេខាបក្សក៏បានថ្លែងអំណរគុណ ចំពោះមិត្តអន្តរជាតិ កម្លាំងរីកចម្រើន និងប្រជាជនស្រឡាញ់សន្តិភាពនៅជុំវិញពិភពលោក ដែលបានជួយឧបត្ថម្ភ និងជំនួយដ៏ធំធេងចំពោះបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិរបស់ប្រជាជនវៀតណាម។ លោកអគ្គលេខាបក្សតូ ឡឹមបានបញ្ជាក់ថា៖ “ពេលវេលានឹងកន្លងផុតទៅ ប៉ុន្តែជ័យជំនះរបស់ប្រជាជន វៀតណាមនឹងត្រូវបានកត់ត្រាជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ជានិមិត្តរូបដ៏ភ្លឺស្វាងនៃវីរភាពបដិវត្តន៍ ជ័យជំនះនៃយុត្តិធម៍ ជ័យ ជំនះនៃបញ្ញារបស់វៀតណាម និងសេចក្តីស្រឡាញ់ប្រទេសជាតិមាតុភូមិ; សេចក្តីប្រាថ្នាដណ្តើមឯករាជ្យ សេរីភាព និងការបង្រួបបង្រួមជាតិ ដោយសច្ចៈភាពថា វៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ គឺជាព្រឹត្តិការមួយដែលបញ្ជាក់ថាបក្ស ប្រជាជន និងកងទ័ពវៀតណាមទាំងមូលសម្រេចបានបំណងប្រាថ្នា និងសេចក្តីផ្តាំផ្ញើរដ៏ស្មោះស្ម័គ្របំផុតរបស់លោកប្រធានហូជីមិញគឺបំពេញបុព្វហេតុរំដោះភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសឡើងវិញ និងនាំខាងជើង និងខាងត្បូងរួមគ្នាជាមហាគ្រួសារតែមួយ"។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើកត្តាសំខាន់ៗ ដែលរួមចំណែកដល់ជ័យជំនះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ និងមេរៀនដែលទទួលបានពីជ័យជំនះនោះ ក្នុងនោះមានតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងស្មារតីមហាសាមគ្គីជនជាតិទាំងមូល។
ក្នុងយុគសម័យបច្ចុប្បន្ន លោកអគ្គលេខាបក្សបានអះអាងថា ក្រោយរយៈពេល ៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ និងរយៈពេលជិត ៤០ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ប្តូរថ្មី ប្រទេសជាតិបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធផលដ៏ធំធេងដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងបានបង្កើតមូលដ្ឋានគ្រឹះ សក្តានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ។
មានមោទនភាពចំពោះប្រពៃណីប្រវត្តិសាស្ត្រដ៏រុងរឿង របស់ប្រទេសជាតិ ជាមួយនឹងការដឹងគុណឥតកោះត្រើយចំពោះការលះបង់ ដ៏ធំធេងរបស់យុទ្ធជន និងជនរួមជាតិនៅទូទាំងប្រទេស លោកអគ្គលេខាបក្សបានអះអាងថា ជំនាន់បច្ចុប្បន្នកាន់តែយល់ដឹងអំពីការទទួលខុសត្រូវអនុវត្តការណែនាំរបស់លោកប្រធានហូជីមិញមុនពេលលោកលាចាកលោក៖ បក្សត្រូវមានផែនការល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ បំពេញតម្រូវការសម្ភារៈ និងស្មារតីនៃតំបន់ដាច់ស្រយាល មូលដ្ឋានបដិវត្តន៍។
ដោយបានយល់យ៉ាងស៊ីជម្រៅអំពីកម្លាំងដ៏មហិមារបស់ប្រជាជន និង ផែនមហាសាមគ្គីជនជាតិទាំងមូល និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវទស្សនៈដែលប្រជាជនជាឫសគល់ ប្រជាជនជាមជ្ឈមណ្ឌល ប្រជាជនជាម្ចាស់កម្មវត្ថុ និងគោលដៅនៃបុព្វហេតុអភិវឌ្ឍន៍ និងការពារជាតិ។ ប្រជាជនវៀត ណាមទាំងអស់សុទ្ធតែជាពលរដ្ឋវៀតណាម មានសិទ្ធិរស់នៅ ធ្វើការ មានសេរីភាពក្នុងការស្វែងរកសុភមង្គល និងក្តីស្រឡាញ់លើមាតុភូមិ មានសិទ្ធិនិងការទទួលខុសត្រូវក្នុងការរួមចំណែកកសាងប្រទេស។ ជាមួយនឹង គោលនយោបាយបិទអតីតកាល គោរពភាពខុសប្លែកគ្នា និងឆ្ពោះទៅអនាគត បក្ស ប្រជាជន និងកងទ័ពវៀតណាមទាំងមូលបានរួមគ្នាខិតខំកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព សុភមង្គល វិបុលភាព និងអភិវឌ្ឍន៍។
អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមគឺជាប្រជាជាតិមួយដែលបានឆ្លងកាត់ការឈឺចាប់ និងការបាត់បង់រាប់មិនអស់ ដោយសារសង្គ្រាមនាពេលអតីតកាល ហើយក៏ជាប្រជាជាតិមួយដែលទទួលបានផលប្រយោជន៍យ៉ាងធំធេងពីសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
“វៀតណាមមានបំណងរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងអនាគតសន្តិភាព វិបុលភាព សាមគ្គីភាព និងអភិវឌ្ឍន៍។ យើងនឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជុំវិញពិភពលោក; ជំរុញការអនុវត្តបាវចនាថា “វៀត ណាមជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
លោកអគ្គលេខាជឿជាក់ថា ជាមួយនឹងភាពវៃឆ្លាត និងកម្លាំងវៀតណាម ប្រជាជនវៀតណាមសម្រេចបានមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១០៧៥ ហើយប្រាកដជានឹងបន្តទទួលបានសមិទ្ធិផលកាន់តែច្រើន បង្កើតអព្ភូតហេតុក្នុងយុគសម័យថ្មី យុគសម័យសម្បូររៀងរឿង អរិយធម៌ វិបុលភាព និងអភិវឌ្ឍន៍ប្រទេសជាតិ កសាងប្រទេសជាតិឱ្យកាន់តែ "ថ្លៃថ្នូរ និងស្រស់ស្អាត" ប្រកៀកស្មាជាមួយមហាអំណាចពិភពលោកដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ និងបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូល។
មនុស្សរាប់ម៉ឺននាក់បានឈរនៅសងខាងផ្លូវតាមដងផ្លូវក្បួនព្យុហយាត្រាដើម្បីស្វាគមន៍យុទ្ធជននិងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះ (រូបថត៖ VNP) |
ក្រុមក្បួនកាន់ទង់បក្ស និងទង់ជាតិក្នុងរង្វង់ដៃរបស់ប្រជាជន។ រូបថត៖ Le Linh |
ម៉ោង ៨ ព្រឹក៖ កម្មវិធីក្បួនព្យុហយាត្រាចាប់ផ្តើមជាផ្លូវការជាមួយនឹងការសម្តែងដោយក្រុមឧទ្ធម្ភាគចក្រដែលកាន់ទង់បក្ស ទង់ជាតិ និងកងយន្តហោះចម្បាំងរបស់កងទ័ពប្រជាជនវៀតណាមនៅលើផ្ទៃមេឃពីលើកណ្តាលទីក្រុងហូជីមិញ។
ក្បួនព្យុហយាត្រា មានអ្នកចូលរួមប្រមាណ ១៣.០០០នាក់ ដោយចែកចេញជាជាង ៥០ ប្លុក ដោយចាប់ផ្តើមពីផ្លូវ Le Duan បន្ទាប់មកចែកចេញជា ៤ ទិស កាត់តាមដងផ្លូវជាច្រើននៃទីក្រុងហូជីមិញ ទៅកាន់ចំណុចជួបជុំ។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានឈរនៅសងខាងផ្លូវ តាមដងផ្លូវក្បួនព្យុហយាត្រា ដើម្បីស្វាគមន៍យុទ្ធជន និងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធី៕