ព័ត៌មាន

ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន - ឱកាសសម្រាប់កសិផល វៀតណាម ជ្រៀតចូលទីផ្សារ EU

នាបច្ចុប្បន្ន ថ្វីត្បិតតែបរិមាណនៃការជួញដូរពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) នៅតែមិនទាន់បានខ្ពស់ក៏ដោយ ប៉ុន្តែនារយៈពេលកន្លងទៅ បណ្ដាសហគ្រាសវៀតណាមទទួលបានជោគជ័យនៅពេលចាប់ផ្តើមបង្កើតគំរូធ្វើអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លង ដែនរបស់ខ្លួននៅលើទីផ្សារនេះ។

ដោយមានគុណប្រយោជន៍តភ្ជាប់ផ្ទាល់ពីអ្នកលក់ទៅកាន់អតិថិជននោះ ពាណិជ្ជកម្មអេឡិច ត្រូនិកឆ្លងដែននឹងពង្រីកវិសាលភាពនៃក្រុមមុខទំនិញ ផលិតផល និងមុខសញ្ញាអ្នកលក់ជាងមុន។ នារយៈពេលកន្លងទៅ ផ្លែគូលេន Bac Giang ចំនួន ៤ តោនដើមដំបូងរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Voso ។ នេះគឺជាកម្មវិធីសហប្រតិបត្តិការរវាងនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) ជាមួយទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Voso និងអគ្គក្រុមហ៊ុនប្រៃសណីយ៍ Viettel (Viettel Post) ដើម្បីអភិវឌ្ឍន៍កម្មវិធី ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនសម្រាប់សហគ្រាសនាំចេញរបស់វៀតណាមជាបណ្តើរ ៗ។ ជាមួយនឹងលក្ខណៈនៃពាណិជ្ជកម្មអេឡិចត្រូនិកនោះ បណ្ដាទម្រង់ផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយពហុមធ្យោបាយបានបង្កើតកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លាចំពោះផ្លែគូលេន Bac Giang នៅទូទាំងប្រទេស និងនៅលើទីផ្សារអន្តរជាតិ ក្នុងនោះមានទីផ្សារ EU។ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា៖ “ការដែលខេត្ត Bac Giang ក៏ដូចជាខេត្ត ក្រុងមួយចំនួនទៀត មានផលិតផលកសិកម្មប្រចាំតំបន់របស់ខ្លួន បានរួមសហការនិងអនុវត្តន៍របៀបធ្វើអាជីវកម្ម ដោយផ្អែកលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យាថ្មីគឺជាទិសដៅដ៏ត្រឹមត្រូវ ហើយជាការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត សមស្រប និងប្រសិទ្ធភាពក្នុងបរិបទជំងឺកូវីដ ១៩។ យើងខ្ញុំសង្ឈឹមថា ផ្លែគូលេន Bac Giang នឹងដល់ដៃអតិថិជនតាមរយៈបណ្ដាញពាណិជ្ជកម្មអេឡិចត្រូនិក។ ទន្ទឹមនឹងនេះ រួមចំណែក ពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្ដាប្រទេស នឹងតំបន់ដែនដីផងដែរ”។

 

ផ្លែគូលេនវៀតណាមត្រូវបាននាំចេញជាលើកដំបូងទៅកាន់ប្រទេសអាល្លឺម៉ង់  (រូបថត៖ phutuonline.com.vn)
 
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien (រូបថត៖ nld.com.vn)


តាមការព្យាករណ៍បានឲ្យដឹងថា ប្រាក់ចំណូលពីពណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននៃបណ្ដាប្រទេសជាសមាជិក EU ទាំង ១៦ នឹងសម្រេចបាន ២២០ ពាន់លានអឺរ៉ូ ពោលគឺកើនប្រមាណទ្វេដង បើប្រៀបធៀបនឹងប្រាក់ចំណូលក្នុងឆ្នាំ ២០១៩ (១០៨ ពាន់លានអឺរ៉ូ)។ សហគ្រាស វៀតណាមអាចសំឡឹងមើលឃើញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកំពុងជាឱកាស ដែលកាន់តែ កើនឡើងនៅអឺរ៉ុប ហើយឱកាសទទួលបានជោគជ័យនៅទីផ្សារនេះគឺធំធេងណាស់ ប្រសិនបើ សហគ្រាសវៀតណាមរៀបចំយុទ្ធសាស្ត្រសមស្របក្នុងរយៈពេលយូរ។ លោក Nguyen Hai Minh អនុប្រធានសម្ព័ន្ធសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនបានបើកចេញឱកាសនាំចេញសម្រាប់កសិផលនិយាយរួម និងផលិតផលដទៃទៀតរបស់វៀតណាម ជាពិសេសគឺនៅពេលដែលកិច្ចព្រមព្រៀងព្រៀងពាណិជ្ជកម្មសេរី (EVFTA) បានចូលជាធរមានជាផ្លូវការ។ លោកបានឲ្យដឹងថា៖“យើងខ្ញុំសង្ឈឹមថា ខេត្ត ក្រុងនានានឹងរៀបចំកម្មវិធី សកម្មភាពជាក់ស្ដែង ដើម្បីផ្សព្វផ្សាយ និងជួយឧបត្ថម្ភដល់សហគ្រាសខ្មាតតូច និងមធ្យម អំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀង និងផែនការកាត់បន្ថយពន្ធ ជាពិសេសគឺស្តង់ដារគុណភាពរបស់ភាគីអឺរ៉ុប។ ម៉្យាងវិញទៀត ជួយសហគ្រាសនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប ក៏ដូចជាលើកកម្ពស់ស្តង់ដារ ដើម្បីផលប្រយោជន៍របស់សហគ្រាសនាំចេញ និងអតិថិជនវៀតណាមផងដែរ”។

ដើម្បីជំរុញខ្លាំងការនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននោះ ក្រសួងឧស្សា ហកម្មនិងពាណិជ្ជកម្មបានស្នើឲ្យនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលរួមសហការជាមួយទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Voso និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដូចជា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ជួយសម្រួលការបំពេញបែបបទនាំចេញ និងបែបបទភូតគាមអនាម័យ និងពិនិត្យគុណភាពសម្រាប់ទំនិញ ដើម្បីឆ្លើយតបនឹងតម្រូវការដ៏តឹងរឹងរបស់ប្រទេសសាមី។ នាបច្ចុប្បន្ននេះ  នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល បានជួយឧបត្ថម្ភទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Voso កសាងសំណេរជាភាសាវៀតណាម និងអង់គ្លេស ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាអាណិតជនវៀតណាមនៅអឺរ៉ុប ក៏ដូចជាអតិថិជនអឺរ៉ុបដែលមានតម្រូវការប្រើប្រាស់កសិផលវៀតណាម។ សំណេរទាំងពីរនេះនៅតែកំពុងធ្វើបច្ចុប្បន្នភាព និងសុក្រិតមុខងារនានាដូចជាការបញ្ជាទិញ ការទូទាត់អន្តរជាតិ ការធ្វើបច្ចុប្បន្នភាពការបញ្ជាទិញ ពិនិត្យប្រភព និងព័ត៌មានរបស់អ្នកផ្គត់ផ្គង់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top