ព័ត៌មាន

ពន្លឿនពាណិជ្ជកម្ម ជំរុញការនាំចេញនាំចូលរវាងវៀតណាម-កម្ពុជា

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស និងជាបន្តបន្ទាប់។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ congthuong.vn)

សន្និសីទពន្លឿនពាណិជ្ជកម្ម ជំរុញការនាំចេញនាំចូលតំបន់ភាគខាងត្បូងឆ្នាំ២០២៦ ដែលមានប្រធានបទ បង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍពាណិជ្ជកម្មព្រំដែនប្រកបដោយចីរភាពរវាងវៀតណាម និងកម្ពុជាត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ខេត្តដុងថាប។ សន្និសីទនេះបានប្រមូលផ្តុំអ្នកតំណាងប្រមាណ ២៥០នាក់ រួមទាំងថ្នាក់ដឹកនាំនៃភ្នាក់ងារគ្រប់គ្រង អង្គការជំរុញពាណិជ្ជកម្ម សមាគមឧស្សាហកម្ម និងសហគមន៍ធុរកិច្ចវៀតណាមនិងកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស និងជាបន្តបន្ទាប់។ នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីសរុបបានឈានដល់ប្រមាណ ១០,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នៅឆ្នាំ ២០២៥ ត្រូវបានព្យាករថា នឹងបន្តកើនឡើងដល់ជាង ១១ ពាន់លានដុល្លារអាមេរិក។ ទំនិញនាំចេញសំខាន់ៗរបស់វៀតណាមមកកាន់កម្ពុជារួមមាន វាយនភណ្ឌ ដែក និងដែកថែប ផលិតផលប្រេងកាត គ្រឿងចក្រ និងឧបករណ៍ សារធាតុគីមី និងអាហារកែច្នៃ...។ ទន្ទឹមនឹងនេះ វៀតណាមភាគច្រើននាំចូលគ្រាប់ស្វាយចន្ទី កៅស៊ូ ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ផលិតកម្មឧស្សាហកម្មពីកម្ពុជា។ ប្រទេសទាំងពីរមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។

លោក ឡេ ហ័ងតាយ អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖

វៀតណាម និងកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើនដូចគ្នា ក៏ដូចជានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង FTA ក្នុងតំបន់ជាច្រើនទៀត។ ខ្ញុំសង្ឃឹមថា អាជីវកម្មវៀតណាម និងកម្ពុជានឹងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។ ជាមួយគ្នានោះ ប្រទេសទាំងពីរក៏មានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ ជាពិសេសរវាងអាជីវកម្ម។ ឈរលើចំណុចនេះ អាជីវកម្មនៅក្នុងប្រទេសទាំងពីរក៏នឹងអភិវឌ្ឍទំនិញដែលសមស្របនឹងចំណង់ចំណូលចិត្តសកល និងស្តង់ដារអ្នកប្រើប្រាស់ផងដែរ

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានផ្តោតលើការពិភាក្សាអំពីបញ្ហាដូចជាយន្តការ និងគោលនយោបាយ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងវៀតណាម និងកម្ពុជា; ជំរុញកិច្ចសហប្រតិបត្តិការក្នុងផលិតកម្ម និងពាណិជ្ជកម្មនៅក្នុងតំបន់ដែលប្រទេសទាំងពីរមានប្រៀបខ្លាំង; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងច្រកទ្វារព្រំដែន; ជំរុញពាណិជ្ជកម្មអេឡិចត្រូនិក និងការទូទាត់ឌីជីថល...៕


top