ការស្វែងយល់

ពន្ធនាគារ Con Dao៖ វីរចម្រៀងអំពីឆន្ទៈវៀតណាម

ស្ថិតនៅនាយសមុទ្រ ពន្ធនាគារ Con Dao (ឥឡូវចំណុះទីក្រុងហូជីមិញ) មិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ 

នោះគឺជាទឹកដីនៃការចងចាំ ជាទីកន្លែងមួយដែលឥដ្ឋមួយដុំៗ របារដែកនីមួយៗ សុទ្ធតែដាបដោយញើស ឈាម និងទឹកភ្នែករបស់វីរបុរសដែលបានពលីជីវិតដើម្បីឯករាជ្យរបស់ប្រជាជាតិវៀតណាម។

ទ្រុងខ្លានៅពន្ធនាគារ Con Dao ជាកន្លែងដែលឈ្លើយសឹកនយោបាយត្រូវឃុំខ្លួន និងធ្វើទារុណកម្ម។ រូបថត៖ VNA

 

ពន្ធនាគារ Con Dao ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨៦២ ដែលជាបណ្ដុំជំរុំឃុំឃាំងយុទ្ធជនបដិវត្តន៍វៀតណាម ជាមួយនឹងជំរុំជាច្រើនដូចជា៖ ជំរំ Phu Hai ជំរុំ Phu Son ជំរុំ Phu Tho ជំរុំ Phu Tuong... ក្នុងនោះ តំបន់ទ្រុងខ្លាគឺជាកន្លែងដ៏ឃោរឃៅព្រៃផ្សៃបំផុត។

ឈ្លើយសឹកត្រូវគេដាក់ហាលកំដៅថ្ងៃដោយអាក្រាតកាយ។ ត្រូវគេបង្អត់អាហារ។ ត្រូវគេវាយដំ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែក្នុងស្ថានភាពនោះ សតិអារម្មណ៍បដិវត្តន៍នៅតែពុះកញ្ជ្រោល និងរីករាលដាលក្នុងចំណោមយុទ្ធជនបដិវត្តន៍ផងដែរ។ ទីនេះបានក្លាយជាកន្លែងដែលឆន្ទៈដ៏មោះមុតនិងឧត្តមគតិបដិវត្តន៍ត្រូវបានចិញ្ចឹមបីបាច់និងលត់ដំ។ អ្នកស្រី Le Anh Tuyet មគ្គុទ្ទេសក៍ទេសចរណ៍នៅពន្ធនាគារ Con Dao បានចែករំលែកជាមួយភ្ញៀវទេសចរដោយក្ដីរំជួលចិត្តថា៖

រដ្ឋាភិបាលអាណានិគមបារាំងបានជ្រើសរើស Con Dao ជាទីតាំងសម្រាប់សាងសង់ពន្ធនាគារ ពីព្រោះវវានៅឆ្ងាយពីដីគោក ហើយឈ្លើយសឹកគ្មានផ្លូវរត់គេចខ្លួនទេ។ (រូបថត៖ The Hung/VOV5)

“នៅទីនេះ ខ្ញុំត្រូវពន្យល់ពីមូលហេតុដែលវាត្រូវបានគេហៅថា ទ្រុងខ្លា ពីព្រោះគុកនេះមិនខុសពីទ្រុងដែលដាក់សត្វព្រៃនោះទេ។ ការធ្វើទារុណកម្មឈ្លើយសឹកនៅទីនេះ គឺធ្វើឱ្យពួកគេទទួលបានអារម្មណ៍យ៉ាងច្បាស់លាស់អំពីខ្សែបន្ទាត់ដ៏ផុយស្រួយរវាងការស្លាប់និងការរស់។ បន្ទាប់មក គេរកគ្រប់វិធីដើម្បីធ្វើឲ្យឈ្លើយសឹកនៅតែរស់រានមានជីវិត ហើយចាប់បង្ខំពួកគេត្រូវតែជ្រើសរើស ប្រសិនបើពួកគេចង់រស់ ត្រូវតែបោះបង់ចោលឧត្តមគតិ។ ប្រសិនបើចង់ការពារឧត្តមគតិរបស់ខ្លួន ពួកគេត្រូវតែស្លាប់នៅក្នុងទ្រុងខ្លានេះ។ ដូច្នេះនៅពេលនោះ នៅតែមានឈ្លើយសឹកដែលហ៊ានស្លាប់ដើម្បីឧត្តមគតិបដិវត្តន៍របស់ខ្លួន ប៉ុន្តែធ្វើយ៉ាងណាដើម្បីនៅតែរស់និងការពារឧត្តមគតិបដិវត្តន៍ ពីក្រញ៉ាំរបស់ខ្មាំងសត្រូវទើបជាភារកិច្ចលំបាកជាងមួយរយពាន់ដង”។

ពេលទៅទស្សនាតំបន់ទ្រុងខ្លា គ្មាននរណាម្នាក់លេងសើចទេ។ មនុស្សគ្រប់គ្នានៅស្ងៀមស្ងាត់។ អ្នកស្រី Phan Thi Vinh ជាភ្ញៀវទេសចរម្នាក់មកពីខេត្ត Nghe An បានចែករំលែកថា៖

“ខ្ញុំធ្លាប់បានអានសៀវភៅ និងមើលភាពយន្តឯកសារហើយ ប៉ុន្តែនៅពេលបានឃើញទ្រុងខ្លានិងគុកងងឹតដោយផ្ទាល់ភ្នែក ខ្ញុំមានអារម្មណ៍ហាក់ដូចជាមាននរណាម្នាក់កំពុងច្របាច់ទ្រូងរបស់ខ្ញុំអញ្ចឹង។ ខ្ញុំយល់កាន់តែច្បាស់អំពីតម្លៃនៃឯករាជ្យ និងសេរីភាព… ហើយមានអារម្មណ៍ដឹងគុណចំពោះវីរបុរស និងយុទ្ធជនដែលបានពលីជីវិតនៅទីនេះ”។

លោកស្រី Vu Thi Tham អតីតយុទ្ធជនម្នាក់ បានសម្តែងថា៖“ខ្ញុំកោតសរសើរចំពោះស្មារតីប្រយុទ្ធ និងភាពអង់អាចក្លាហានរបស់យុទ្ធជនដែលត្រូវគេឃុំឃាំងក្នុងពន្ធនាគារ Con Dao។ ទោះបីជាពេលនោះ ពួកគេជួបការលំបាកលំបិនបែបនេះក៏ដោយ ប៉ុន្តែនៅតែរក្សាបាននូវឫទ្ធានុភាពនយោបាយឆន្ទៈដ៏មុតមាំនិងការប្ដេជ្ញាចិត្តដណ្ដើមឯករាជ្យ”។

ដើមឈើបេតិកភណ្ឌនៅក្នុងបរិវេណនៃពន្ធនាគារ Con Dao។ រូបថត៖ VNA

ពន្ធនាគារ Con Dao មិនត្រឹមតែរក្សាបាននូវស្លាកស្នាមដ៏ឃោរឃៅព្រៃផ្សៃនៃអាណានិគមនិយម និងចក្រពត្តិនិយមកាលពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីមិនចុះញ៉ម របស់ជនកុម្មុយនិស្តទៀតផង។ សម្រាប់យុវជនជាច្រើន ការទៅទស្សនាពន្ធនាគារ Con Dao បានធ្វើឱ្យពួកគេមានអារម្មណ៍ដែលមិនអាចពិពណ៌នាបាន។ អ្នកស្រី Anh Vu ភ្ញៀវទេសចរមកពីទីក្រុងហាណូយ បាននិយាយដោយសំឡេងខ្សឹកខ្សួលអួលអាក់ថា៖

“មានតែពេលខ្ញុំមកទីនេះទេ ទើបខ្ញុំបានមើលឃើញពីការលះបង់ដ៏ធំធេងរបស់ដូនតាយើង។ ក្នុងស្ថានភាពដ៏លំបាកបែបនេះ ស៊ូទ្រាំនឹងទារុណកម្មដ៏ឃោរឃៅបែបនេះ ប៉ុន្តែឆន្ទៈប្រយុទ្ធនៅតែខ្ពស់ត្រដែត ស្មារតីបដិវត្តន៍នៅតែឆេះយ៉ាងសន្ធោសន្ធៅ ហើយមិនព្រមចុះញ៉មឡើយ។ ខ្ញុំពិតជាកោតសរសើរណាស់”

សព្វថ្ងៃនេះ ពន្ធនាគារ Con Dao គឺជាកេរ្តិ៍ដំណែលជាតិពិសេស។ ប៉ុន្តែភាពពិសេសនោះមិនមែនស្ថិតនៅក្នុងស្ថាបត្យកម្មទេ។ វាស្ថិតនៅក្នុងតម្លៃនៃការចងចាំវិញ។ នៅទីនេះ ឥដ្ឋនីមួយៗ របារដែកនីមួយៗ សុទ្ធតែត្រូវបានស្រោប ដោយឈាមនិងញើសរបស់ឈ្លើយសឹកកុម្មុយនិស្តដ៏ស្មោះត្រង់។

ពេលចាកចេញពីកន្លែងនេះ ភ្ញៀវទេសចរវៀតណាមម្នាក់ៗ សុទ្ធតែសន្យាជាមួយខ្លួនឯងថា ត្រូវរស់នៅឲ្យបានសក្តិសមនឹងពលីកម្មដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនជំនាន់មុនៗ៕


top