ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយទីភ្នាក់ងារសារព័ត៌មាន នានារបស់កម្ពុជា

នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលវិទ្យុជាតិលេខ ៥៨ វិថី Quan Su ទីក្រុងហាណូយ អគ្គនាយកវិទ្យុជាតិវៀតណាម លោក Do Tien Sy បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក លី វ៉ាន់ហុង បេសកជនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជា ជាប្រធានគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
  អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា (រូបថត៖ Ba Thi/VOV5)  

ក្នុងជំនួបនេះ អគ្គនាយកលោក Do Tien Sy បានអះអាងថា ក្នុងនាមស្ថាប័នសារព័ត៌មាន ពហុប្រព័ន្ធផ្សព្វផ្សាយ ពហុភាសារបស់វៀតណាម វិទ្យុសម្លេងវៀតណាមមានបំណងចង់បន្តជំរុញឲ្យបានខ្លាំងថែមទៀតនូវលទ្ធផល នៃកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាននានារបស់កម្ពុជា។ ជាមួយគ្នានោះ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមចំណែកក្នុងការបង្រួបបង្រួម និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ អគ្គនាយកលោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ “ប្រជាជាតិយើងទាំងពីរមានលក្ខណៈស្រដៀងគ្នាជាច្រើន។ ទំនាក់ទំនងរវាងវិទ្យុសម្លេងវៀតណាមនិងក្រសួងព័ត៌មានកម្ពុជានឹងកាន់តែមានភាពល្អប្រសើរ កាន់តែស៊ីជម្រៅ និងទូលំទូលាយជាង  ដែលរួមចំណែកដល់ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងមានកម្មវិធីកិច្ចសហប្រតិបត្តិការច្រើនថែមទៀត ក្រៅពីការផ្លាស់ប្តូរអំពីវប្បធម៌ យើងអាចធ្វើការផ្លាស់ប្តូរលើការអភិវឌ្ឍសេដ្ឋកិច្ច ការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងខ្លឹមសារជាច្រើនទៀត ដើម្បីបង្កើតការស្រុះចិត្តគំនិត តភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងរួមចំណែកដើម្បីប្រជាជាតិយើងទាំងពីរ កាន់តែយល់ចិត្តគ្នាទៅវិញទៅមកកាន់តែប្រសើរ ហើយយើងនឹងរួមគ្នាអភិវឌ្ឍន៍ ក្នុងពិភពនៃការរួបរួមគ្នា”។

ចំណែកខ្លួនវិញ លោក លី វ៉ាន់ហុង បេសកជនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មានកម្ពុជា តាងនាមរដ្ឋមន្ត្រី និងភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាមជារួម និងវិទ្យុសម្លេងវៀតណាមនិយាយដោយឡែកចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃ មានប្រសិទ្ធភាព និងប្រកបដោយអត្ថន័យ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅ ដែលរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាពសង្គម និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ បេសកជនពិសេសលោក លី វ៉ាន់ហុង បានសម្តែងនូវគោលបំណងចង់បន្តទទួលបានការគាំទ្រ និងជំនួយជាក់ស្តែង មានប្រសិទ្ធភាពពីវិទ្យុសម្លេងវៀតណាមនាពេលខាងមុខ ហើយនៅចំពោះមុខគឺការផ្សព្វផ្សាយអំពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពបន្តអនុវត្តន៍ខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើននាពេលខាងមុខ ដូចជា៖ ការបង្កើនពេលវេលាផ្សាយកម្មវិធីវិទ្យុលើរលកវិទ្យុជាតិកម្ពុជាជាភាសាវៀតណាម និងជាភាសាខ្មែរ ដែលជាកម្មវិធីផលិតដោយគណៈកម្មាធិការផ្សាយសម្លេងជាភាសាបរទេស (វិទ្យុសម្លេងវៀតណាម); បន្តអនុវត្តន៍គម្រោង "ពង្រឹងសមត្ថភាពផលិតកម្ម ការផ្ទុក និងការផ្សាយសម្រាប់ទូរទស្សន៍ជាតិកម្ពុជានិងវិទ្យុជាតិកម្ពុជា”; ចង់ក្រងសេចក្តីព្រាងដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល និងផ្លាស់ប្តូរអ្នកសារព័ត៌មាន នាពេលខាងមុខ ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)៕


top