ព័ត៌មាន

ពង្រីកប្រតិបត្តិការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហ្វេ និងខេត្តហាទិញ

ដោយទទួលបានប្រភពព័ត៌មានថ្មីៗជាច្រើនពីសាក្សីនិងអតីតយុទ្ធជន កងកម្លាំងសមត្ថកិច្ចនៅទីក្រុងហ្វេ និងខេត្តហាតិញ កំពុងពង្រីកប្រតិបត្តិការស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី។

បញ្ជាការដ្ឋានយោធាទី​ក្រុងហ្វេ កំពុងកៀរគរកងកម្លាំង ព្រមទាំងអតីតយុទ្ធជន សាក្សី​ប្រវត្តិសាស្ត្រ និងប្រជាជនជាច្រើនឱ្យចូលរួម «យុទ្ធនាការ ៥០០ ថ្ងៃទាំង​យប់ ស្វែងរក ប្រមូលផ្ដុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី»។ បន្ទាប់ពីការអនុវត្តអស់រយៈពេលជាច្រើនថ្ងៃមក ក្រុម ១៩២ នៃបញ្ជាការដ្ឋានយោធា​ទី​ក្រុងហ្វេ បានរកឃើញ និងប្រមូលផ្តុំ​អដ្ឋិធាតុយុទ្ធជនពលីចំនួន ១ រូបបន្ថែមទៀត នៅតំបន់ស្ថានីយរថភ្លើងហឿងធុយ (Huong Thuy) ជាតំបន់ដែលធ្លាប់បានប្រមូលផ្ដុំអដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន ៨៣ រូប កាលពីជាង ៣០ ឆ្នាំមុន​។ លោក Nguyen Van Manh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហ្វេ ប្រធានគណៈកម្មការដឹកនាំ ៥១៥ នៃទីក្រុងហ្វេ បានមានឱ្យដឹងថា​៖ «​នៅតំបន់ស្ថានីយ៍រថភ្លើង Huong Thuy ក្រុមការងារបានរកឃើញអដ្ឋិធាតុយុទ្ធជនពលី​ម្នាក់​ទៀត​។ សាក្សីបន្តផ្តល់ព័ត៌មានសំខាន់ៗ​ជាច្រើន​។ មុននោះ យើងបាន​ប្រមូល​អដ្ឋិធាតុ​ចំនួន ៨៣ ហើយយោងតាមប្រភពព័ត៌មាននានា គឺ​នៅសល់​មួយ​ចំនួន​ធំ។ យើងបានកំណតើព្រំខ័ណ្ឌ និងប្រមូលផ្តុំធនធានជា​អតិបរមាដើម្បីបន្តការស្វែងរ​ក។ ដោយស្មារតីទទួលខុសត្រូវ សូម្បីតែព័ត៌មានតូច​បំផុតក៏ដោយ យើង​ក៏​ធ្វើការផ្ទៀងផ្ទាត់ និង​ស្វែងរក ដើម្បីនាំពួក​គាត់វិល​ត្រឡប់ទៅស្រុកកំណើតវិញ»​។

ក្នុង​ពេលនោះ បញ្ជាការដ្ឋាន​យោធាខេត្តហាទិញ សម្របសម្រួលជាមួយភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធ កំពុងប្រមូលសំណាក​ពីផ្នូររបស់​យុទ្ធជនពលីដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅទូទាំងខេត្ត។ រហូតមកដល់​ពេលនេះ បានជីក​កកាយផ្នូរយុទ្ធជនពលី​​ចំនួន ១៥៦ ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅ​ឈាបនដ្ឋានកាន់ឡុក ថាច់ហា ឌឹកថ និងហឿងខេ។

ផ្នូររបស់យុទ្ធជនពលីនីមួយ​ៗដែល​ត្រូវបាន​រក​ឃើញ រួមចំណែកជួយ​សម្រាលការឈឺចាប់ និងបំភ្លឺក្តីសង្ឃឹមសម្រាប់គ្រួសារ និងសាច់ញាតិរបស់​យុទ្ធជនពលី។ នេះមិនត្រឹមតែជា​ភារកិច្ចនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរនៃការដឹងគុណ ការទទួលខុសត្រូវ និងក្តីមេត្តាធម៌​ផងដែរ៕​


top