ផ្សារបណ្ដែតគឺជាសម្រស់វប្បធម៌ដ៏ពិសេសមួយ នៅភាគខាងលិចណាមបូ (Nam Bo) ដែលប្រដូចទៅនឹងរូបភាពរស់នៅយ៉ាងរវើកនៃជីវិត ក្នុងតំបន់ដីសណ្ដទន្លេគឺវឡុង (Cuu Long) ...
នៅម៉ោង៤ និង ០០នាទី ព្រឹកព្រលឹម ផ្សារអណ្ដែត ង៉ាណាំ (Nga Nam) (ទីរួមខេត្ត ង៉ាណាំ (Nga Nam) ខេត្ត សុកតាំង (Soc Trang)) កំពុងតែស្ថិតក្នុងភាពងងឹតដ៏ស្ងប់ស្ងាត់។ លោកស្រី ង្វៀន ធិហៅ (Nguyen Thi Hau) ក្រោកពីដំណែក អុជធូបដោតនៅក្បាលទូក។ ឃើញមានអ្នកមកដល់ លោកស្រី ហៅ (Hau) បានសួរយ៉ាងរហ័សថា៖ «តើអ្នកទិញម្នាស់ទេ? ផ្លែតូច ៣ពាន់ដុង ផ្លែធំ ៥ពាន់ដុង។ ទូកខ្ញុំនៅមានម្នាស់ជិតមួយពាន់ផ្លែ»។ ពេលដឹងថា ភ្ញៀវទេសចរចង់ស្វែងយល់ និងមកថតរូប លោកស្រី ហៅ (Hau) ដកដង្ហើមធំ៖ «តើនៅសល់អ្វីទៀតនូវទេសភាពផ្សារអណ្ដែតដែលធ្លាប់កុះករអ៊ូអរ ដើម្បីអ្នកថតរូប ពាណិជ្ជករគ្រប់គ្នាបានឡើង និងលក់នៅផ្សារលើគោកអស់ទៅហើយ»។
ក្នុងឆ្នាំ ២០១១ ផ្សារបណ្តែតទឹក កាយរ៉ាំង (Cai Rang) មានពាណិជ្ជករប្រមាណ ៥០០ ទៅ ៧០០ នាក់ នាំផលិតផលមកទិញ និងលក់ជាប្រចាំ។ រូបថត៖ ង្វៀនថាំង
ពេលព្រឹកព្រលឹម ពន្លឺមិនទាន់ភ្លឺច្បាស់ ដើម្បីមើលឃើញមុខមនុស្ស លោក ង្វៀន វ៉ាន់ហ៊ុង (Nguyen Van Hung) (ប្តីរបស់លោកស្រី ហៅ (Hau)) ក៏ក្រោកពីដំណេក។ ពេលឃើញមានភ្ញៀវកំពុងនិយាយ លោក ហ៊ុង (Hung) បានប្រាប់ថា៖ «កាលពីដប់ឆ្នាំមុន គ្រួសារខ្ញុំរស់នៅឃុំ ឡុងមី (Long My) ហើយយើងទៅលក់ នៅផ្សារអណ្ដែតបួនលើកក្នុងមួយខែ។ រាល់ពេលទៅផ្សារដោយទូក ទូករបស់យើងខ្ញុំដឹកផ្លែឈើចំនួន ៤-៥តោន យើងធ្វើដំណើរពីព្រែក ស្វាង (Xang) ទៅកាន់ផ្សារអណ្ដែត ង៉ាណាំ (Nga Nam) ង៉ាបៃ (Nga Bay) ក្នុងរយៈពេល ៤ - ៥ ថ្ងៃ ក៏លក់ដាច់ទាំងអស់»។
យោងតាមលោក ហ៊ុង (Hung) កាលនោះ ប្រជាជនទាំងមូលក្នុងស្រុក ឡុងមី (Long My) អ៊ឹកធឹកទៅផ្សារអណ្ដែត ង៉ាណាំ (Nga Nam)។ គ្រួសារក្រីក្រក៏ត្រូវទិញទូកតូចមួយ និងដំឡើងម៉ាស៊ីន ដើម្បីទៅផ្សារលក់ម្នាស់ និងទិញសម្ភារៈចាំបាច់សម្រាប់គ្រួសារ។
ប៉ុន្តែឥឡូវនេះ នៅក្នុងស្រុកឡុងមី (Long My) ទាំងមូល មានតែទូករបស់លោក ហ៊ុង (Hung) ទៅលក់ នៅផ្សារអណ្ដែត ង៉ាណាំ (Nga Nam) ក្នុងរយៈពេល ៥ ថ្ងៃ ហើយលក់បានត្រឹម ១/៣នៃម្នាស់ទាំងអស់ដែលយកមក។ ក្រឡេកមើលបណ្តាផ្លែម្នាស់ ដែលចាប់ផ្តើមប្រែពីពណ៌លឿងទៅពណ៌ខ្មៅជាំ លោក ហ៊ុង (Hung) ក៏ដកដង្ហើមធំ៖ "ខ្ញុំប្រហែលជាត្រូវឡើងលើគោក ហើយព្យួរផ្លាកលក់បញ្ចុះតម្លៃវិញមើល ក្រែងអាចលក់យកទុនដើមមកវិញបានឬអត់!"
នៅផ្សារបណ្តែតទឹក នៅក្បាលទូក គេបានព្យួរកសិផល សម្រាប់អ្នកទិញងាយស្រួលសម្គាល់។ រូបថត៖ ង្វៀនថាំង
ទិដ្ឋភាពទិញ-លក់ដ៏មមាញឹក នៅផ្សារបណ្តែតទឹកង៉បៃ (Nga Bay) ក្នុងឆ្នាំ ២០១១។
រូបថត៖ ៖ ង្វៀនថាំង
កន្លែងប្រសព្វរវាងទន្លេទាំង ៥ បែកជាដៃទន្លេចំនួន ៥ ទៅកាន់ ខេត្ត កាម៉ៅ (Ca Mau), ស្រុក វិញគ្វើយ (Vinh Quoi) (ខេត្ត សុកតាំង (Soc Trang)), ស្រុក ឡុងមី (Long My) (ខេត្ត ហូវយ៉ាង (Hau Giang)), ស្រុក ថាញទ្រី (Thanh Tri) (ខេត្ត សុកតាំង (Soc Trang)), ស្រុក ភុងហៀប (Phung Hiep) (ខេត្ត ហូវយ៉ាង (Hau Giang)) មានទូកប្រមាណដប់គ្រឿងចតមកលក់ឪឡឹក ម្នាស់ និងដូង។
នៅក្បែរទូករបស់លោក ហ៊ុង (Hung) និងលោកស្រី ហៅ (Hau) គឺទូកលក់ឪឡឹករបស់លោក លេ វ៉ាន់ឌិញ (Le Van Dinh) ។ ពេលពន្លឺកំពុងចាំងលើផ្ទៃទឹកទន្លេ លោក ឌិញ (Dinh) ក៏ភ្ញាក់ពីដំណេក លោកបានអុជធូប ដោតលើក្បាលទូក ហើយជ្រើសរើសផ្លែឪឡឹកដែលមិនស្រស់ទម្លាក់ចុះទៅក្នុងទឹក ធ្វើចំណីឲ្យត្រី។
លោក ឌិញ (Dinh) ក៏បានធ្វើដំណើរពីវិញគ្វើយ(Vinh Quoi) មកកាន់ ង៉ាណាំ (Nga Nam) ដើម្បីចត មកលក់ដូរ ក្នុងរយៈពេល ៣ ថ្ងៃ។ ព្រឹកនេះមានតែភោជនីយដ្ឋានពីរប៉ុណ្ណោះ ដែលមក និងទិញឪឡឹករបស់គាត់ចំនួន ២០ ផ្លែ ដើម្បីបម្រើអតិថិជនក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់ពីលក់ឪឡឹកមួយចំនួនតូចដល់អ្នកធ្វើដំណើររួច លោក ឌិញ (Dinh) បានឆុងតែ ហើយអញ្ជើញយើងខ្ញុំឡើងទូកគាត់ពិសារតែ។ គាត់ដកដង្ហើមធំ ហើយនិយាយថា៖ «អ្នកគិតទៅ ឥឡូវនេះ ផ្លូវថ្នល់មានការអភិវឌ្ឍ ម៉ូតូ និងឡានអាចធ្វើដំណើរបានយ៉ាងស្រួល ប្រជាជនទៅផ្សារលើគោក ពាណិជ្ជករទៅទិញទំនិញផ្ទាល់នៅចម្ការ គេនៅមករកផ្សារអណ្ដែតធ្វើអីទៀត។ ម៉្យាងវិញទៀត សព្វថ្ងៃភាគខាងលិចណាមបូ (Nam Bo) ក៏មិនមានរដូវទឹកជាន់ដែរ អត់មានទឹក ទូកពិបាកធ្វើដំណើរ អ្នកណាចង់ទៅផ្សារអណ្ដែតទៀត?»។
នៅផ្សារអណ្ដែត ង៉ាណាំ (Nga Nam) ក្រៅពីលោក ហ៊ុង (Hung) និងលោក ឌិញ (Dinh) នៅសេសសល់ពាណិជ្ជករប្រមាណ ១០នាក់ទៀត ដែលកំពុងចតទូកលក់ដូរនៅផ្សារអណ្ដែត។ តាមសំដីរបស់លោក ហ៊ុង (Hung) ៖ «លក់ដូរនៅផ្សារអណ្ដែត តាមទូកបែបនេះ មិនចំណេញទេ យើងគ្រាន់តែបណ្តែតតាមដងទន្លេពេញមួយជីវិត យើងធ្លាប់រស់នៅលើទូក ខ្លាចការផ្លាស់ប្តូរ ប៉ុន្តែពេលយើងខ្ញុំចាស់ រហូតដល់ជំនាន់កូនចៅរបស់ខ្ញុំ ប្រហែលជាគេមិនស្គាល់ថា ផ្សារបណ្តែតនោះជាអ្វីឡើយ!»។
ហូបទឹកតែមួយពែងជាមួយ លោក ហ៊ុង (Hung) រួចហើយ យើងខ្ញុំត្រលប់ទៅកន្លែង ង៉ាណាំ (Nga Nam) ឡើងលើអង់តែនទូរស័ព្ទចល័ត ដើម្បីសង្កេតមើល ដៃទន្លេមួយហូរចាក់ទៅខេត្ត កាម៉ៅ (Ca Mau) ត្រូវបានគ្របដណ្តប់ដោយផ្កាកំប្លោក។ បន្ទាប់ពីជំងឺរាតត្បាត Covid- ១៩ មក មិនមានទូកធ្វើដំណើរទៅមកនៅទីនោះឡើយ។
មុនឆ្នាំ២០១៩ តំបន់ង៉ាបៃ (Nga Bay) ទន្លេប្រសព្វគ្នា និងជាកន្លែងប្រមូលផ្ដុំផ្សារបណ្តែត ង៉ាបៃ (Nga Bay) ឥឡូវនេះស្ងាត់អ្នកលក់ដូរ។ រូបថត៖ ង្វៀនថាំង
យើងខ្ញុំបានបន្តធ្វើដំណើរពីព្រែក ស្វាងសាណ (Xang Sa No) ទៅកាន់ផ្សារបណ្ដែត ង៉ាបៃ (Nga Bay) (ក្នុងសង្កាត់ ង៉ាបៃ (Nga Bay) ទីរួមខេត្ត ង៉ាបៃ (Nga Bay) ខេត្ត ហូវយ៉ាង (Hau Giang))។ យោងតាមព័ត៌មានពីគណៈកម្មាធិការប្រជាជនខេត្ត ហូវយ៉ាង (Hau Giang) ផ្សារបណ្ដែត ង៉ាបៃ (Nga Bay) ត្រូវបានគេស្គាល់ថាជាផ្សារបណ្ដែត ភុងហៀប (Phung Hiep) មានភាពល្បីល្បាញជាយូរយារណាស់មកហើយ ភ្ជាប់ជាមួយប្រវត្តិសាស្ត្រជាងមួយរយឆ្នាំ និងបរិយាកាសលក់ដូរដ៏មមាញឹកបំផុតនៅតំបន់ដីសណ្ដទន្លេគឺវឡុង (Cuu Long) ។ ផ្សារនេះ ត្រូវបានបង្កើតឡើង នៅប្រហែលឆ្នាំ១៩១៥ ដែលមានទីតាំងប្រសព្វរវាងទន្លេទាំង៧ គឺ កាយកូន (Cai Con) ម៉ាងកា (Mang Ca) ប៊ូងតាវ(Bung Tau) សុកត្រាំង (Soc Trang) ស្វែវម៉ូន (Xeo Mon) ឡាយហៀវ (Lai Hieu) ស្វែវវ៉ុង (Xeo Vong)។
មើលពី flycam ទីប្រសព្វនៃដៃទន្លេទាំង៧ មានតែទូក និងនាវាធ្វើដំណើរទៅមក ផ្ទះសម្បែងជាច្រើនស្ថិតនៅទាំងសងខាង ហើយជាពិសេសគឺគ្មានស្លាកស្នាមនៃផ្សារបណ្ដែតដ៏ល្បីល្បាញនោះទេ។ ឈប់សម្រាកនៅហាងកាហ្វេតាមដងផ្លូវ យើងខ្ញុំសាកសួរម្ចាស់ហាងនេះ គាត់គ្រាន់តែផ្តល់ព័ត៌មានខ្លីមួយប៉ុណ្ណោះថា ៖ មុនពេល Covid-១៩ ផ្សារបណ្ដែតនៅប្រព្រឹត្តិទៅជាធម្មតានៅកន្លែងនេះ ប៉ុន្តែចាប់តាំងពីពេលនោះមក មិនដែលឃើញនរណាម្នាក់ទៅផ្សារបណ្ដែតទៀតឡើយ។
យើងខ្ញុំទៅកាន់ខេត្ត កឹនធើ (Can Tho) ដើរជុំវិញកំពង់ផែ និញគៀវ (Ninh Kieu) ដែលមានសេវាកម្មដឹកភ្ញៀវទេសចរទៅលេងផ្សារអណ្តែត កាយរ៉ាំង (Cai Rang) ហើយត្រូវបានម្ចាស់ទូកទេសចរណ៍ប្រាប់ថា ផ្សារបណ្ដែតនៅតែមាន ប៉ុន្តែទូកមិនកកកុញដូចពីមុនទេ ព្រោះពាណិជ្ជករបានមក និងលក់ដូរកាន់តែថយចុះជាបណ្តើរៗ។
ផ្សារបណ្តែត កាយរ៉ាំង (Cai Rang) (ទីក្រុង កឹនធើ (Can Tho)) មានភាពអ៊ូអរ ដោយសេវាកម្មដឹកភ្ញៀវទេសចរទៅទស្សនា ពីម៉ោង ៥ និង ០០ នាទី ដល់ម៉ោង ៨ និង ០០ នាទី ព្រឹក។ រូបថត៖ ថុងធៀន
នៅម៉ោង៥ និង០០នាទីព្រឹក យើងខ្ញុំបានជួលទូកទេសចរណ៍មួយគ្រឿង ធ្វើដំណើរពីកំពង់ផែ និញគៀវ (Ninh Kieu) ទៅផ្សារបណ្ដែត កាយរ៉ាំង (Cai Rang)។ ព្រះអាទិត្យមិនទាន់រះនៅឡើយទេ ប៉ុន្តែនៅទន្លេកឹនធើ (Can Tho) កំពុងមានកប៉ាល់ទេសចរណ៍ដឹកភ្ញៀវទេសចរទៅលេងផ្សារបណ្ដែត។ ម្ចាស់ទូកដែលយើងខ្ញុំជួល មានឈ្មោះថា ង្វៀនយឿក (Nguyen Duoc) ដែលប្រកបមុខរបរដឹកភ្ញៀវទេសចធ្វើដំណើរជុំវិញផ្សារបណ្ដែត ជាង ២០ឆ្នាំមកហើយ ។ អង្គុយលើទូក លោក យឿក (Duoc) បាននិយាយថា “ផ្សារបណ្ដែតថ្ងៃនេះ ខុសប្លែកពីអតីតកាលណាស់។ កាលពីមុន ពេលមមាញឹកបំផុតនៃផ្សារបណ្ដែត គឺចាប់ពីព្រឹកព្រលឹមស្រាងៗរហូតដល់ល្ងាច នាវានិងទូកដឹកផ្លែឈើ បន្លែ មកចតពេញកំណាត់ទន្លេមួយ។ ឥឡូវនេះ ការលក់ដូរលើគោកមានភាពងាយស្រួល ដូច្នេះពាណិជ្ជករជាច្រើន បានឡើងលើដីគោក ដើម្បីរកស៊ីហើយ។"
យើងខ្ញុំសង្កេតឃើញថា ផ្សារបណ្ដែត កាយរ៉ាំង (Cai Rang) មានតែទូកធំៗ ប្រមាណ ២០គ្រឿងប៉ុណ្ណោះ ដែលលក់ដូរកសិផល។ លោក ដាំង វ៉ាន់ណាម (Dang Van Nam) ពាណិជ្ជករម្នាក់នៅផ្សារបណ្ដែត បានឲ្យដឹងថា ទូករបស់ពាណិជ្ជករនៅទីនេះ លក់តែកសិផលបានទុក ក្នុងអំឡុងពេលយូរថ្ងៃ ដូចជា ឃ្លោក ល្ពៅ ផ្លែដូង…នៅសល់ជាទូកតូចៗ ដែលធ្វើដំណើរទៅមកទៅវិញ លក់ផ្លែឈើជូនភ្ញៀវទេសចរ។ លោក ណាម Nam) លោក ហ៊ុង (Hung) និងលោក ហ៊្វីញ (Hinh) បានលក់ដូរនៅផ្សារបណ្ដែត ង៉ាណាំ (Nga Nam) ធ្លាប់ជាពាណិជ្ជករនៅផ្សារនេះ។ ពួកគេបានចាត់ទុកថា ទូកជាផ្ទះរបស់ពួកគេ ទន្លេ កឹនថើ (Can Tho) ជាស្រុកកំណើតរបស់ពួកគេ ដូច្នេះហើយ ពួកគេមិនចង់ផ្លាស់ទីលំនៅពីទឹកឡើងដីគោក។ "ថ្ងៃណាមួយ ពួកយើងនឹងបោះចោលទូក ហើយឡើងដីគោក ដើម្បីរកការងារថ្មីចិញ្ចឹមជីវិត។ សព្វថ្ងៃនេះការលក់ដូរ នៅផ្សារបណ្ដែតយឺតណាស់!" - លោក ណាម (Nam) ដកដង្ហើមធំ។
ភ្ញៀវទេសចរហូបគុយទាវ នៅផ្សារបណ្តែត កាយរ៉ាំង (Cai Rang)។ រូបថត៖ ឡេមិញ
ភ្ញៀវទេសចរទិញផ្លែឈើនៅផ្សារបណ្តែត កាយរ៉ាំង (Cai Rang) ។ រូបថត៖ ឡេមិញ
យើងខ្ញុំចូលឈប់សម្រាកនៅទូករបស់លោកស្រី ង្វៀន ធីគីមជឿង (Nguyen Thi Kim Chuong) ជាហាងលក់ភេសជ្ជៈនៅផ្សារបណ្ដែត កាយរ៉ាំង (Cai Rang)។ លោកស្រី ជឿង (Chuong) បន្តថា បើកាលពីមុន មានទូកលក់ដូរកសិផលយ៉ាងច្រើនកុះករ តែឥឡូវនេះជំនួសដោយកប៉ាល់ដឹកភ្ញៀវទេសចរ។ រៀងរាល់ថ្ងៃ ទូករបស់គាត់លក់កាហ្វេ តែ ទឹកសណ្តែតសៀង ជូនភ្ញៀវទេសចររាប់សិបនាក់។ ទោះមិនច្រើនក៏គ្រប់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃដែរ ។
បើយោងតាមគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ (Can Tho) បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ មក ទីក្រុងបានអនុវត្តគម្រោង “អភិរក្ស និងអភិវឌ្ឍផ្សារបណ្ដែត កាយរ៉ាំង (Cai Rang)”។ ឆ្នាំ២០២៤ វិស័យទេសចរណ៍បន្តផ្តល់យោបល់លើគម្រោងអភិរក្សផ្សារបណ្ដែត កាយរ៉ាំង (Cai Rang); កសាង “សេចក្តីសម្រេចចិត្តគោលនយោបាយគាំទ្រការអភិវឌ្ឍទេសចរណ៍ នៅទីក្រុង កឹនធើ (Can Tho)រហូតដល់ឆ្នាំ ២០៣០” ផ្តោតលើការអភិវឌ្ឍទេសចរណ៍ផ្សារអណ្ដែត កាយរ៉ាំង (Cai Rang)។ មកដល់ពេលនេះ ទីក្រុង កឹនធើ (Can Tho) បានរៀបចំពិធីបុណ្យទេសចរណ៍វប្បធម៌ផ្សារបណ្ដែត កាយរ៉ាំង (Cai Rang) លើកទី៧ ដើម្បីផ្សព្វផ្សាយ និងជំរុញទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរជាច្រើននាក់ បាននិយាយថា ផ្សារបណ្ដែត កាយរ៉ាំង (Cai Rang) និងសេវាកម្មទេសចរណ៍នៅតែមានលក្ខណៈសាមញ្ញ និងគួរឱ្យធុញទ្រាន់។ “យើងខ្ញុំបានទៅផ្សារបណ្ដែត ដើម្បីញ៉ាំអាហារពេលព្រឹក និងកាហ្វេ រួចរាល់ក៏ត្រឡប់ទៅផ្ទះវិញ។ យើងខ្ញុំមិនបានទិញផ្លែឈើ ព្រោះតម្លៃថ្លៃជាងនៅផ្សារលើគោក ៤-៥ ដង»។ នេះបើតាមការរៀបរាប់របស់ លោក ឡេ វ៉ាន់មិញ (Le Van Minh) - ភ្ញៀវទេសចរម្នាក់រស់នៅទីក្រុងហូជីមិញ។
អ្នកស្រាវជ្រាវវប្បធម៌ជាច្រើន បានសន្និដ្ឋានថា "ព្រលឹងនៃផ្សារបណ្ដែតគឺជាពាណិជ្ជករ" ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិច និងផ្លូវគោក ពាណិជ្ជករនៅផ្សារបណ្ដែតកំពុងតែថយចុះជាបណ្តើរៗ។ នេះបើតាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ (Can Tho) កាលពីមុនជំងឺរាតត្បាត Covid - ១៩ ផ្សារបណ្ដែត កាយរ៉ាំង (Cai Rang) មានពាណិជ្ជករប្រមាណ ៥០០ - ៧០០នាក់ ដែលប្រើទូកទៅលក់ដូរ ប៉ុន្តែឥឡូវនេះមានពាណិជ្ជករប្រហែល ៣០ - ៥០នាក់ប៉ុណ្ណោះ។ លោកបណ្ឌិត តឹន ហ៊ឹវហៀប (Tran Huu Hiep) អនុប្រធានសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ គឺវឡុង (Cuu Long) បានស្នើថា "ប្រសិនបើ យើងរៀបចំផ្សារបណ្ដែតជាមួយសកម្មភាពលក់ដូរតាមទូក និងផ្សារភ្ជាប់វាជាមួយនឹងទេសចរណ៍ទស្សនា និងរៀបចំសកម្មភាពឱ្យបានល្អនោះ តម្លៃលក់នៅផ្សារបណ្ដែតនឹងនៅដដែល ហើយនឹងកាន់តែលើកកម្ពស់បន្ថែមទៀត"។
អត្ថបទ៖ ថុងធៀន - រូបថត៖ ង្វៀនថាំង, ឡេមិញ, ថុងធៀន / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង