ព័ត៌មាន

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ី

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅមុខទីលានក្រហមនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ីបានប្រារព្ធពិធីបើកមហោស្រពវប្បធម៌វៀតណាម ដោយប្រធានបទ “វៀតណាម - ពណ៌ពីតំបន់ត្រូពិច”។
លោកស្រី ង៉ូ ភឿង លី និងគណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅមុខរូបថតបណ្តាជនជាតិវៀតណាម (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ី។ លោកស្រីង៉ូ ភឿង លី (Ngo Phuong Ly) ភរិយាអគ្គលេខាបក្សលោក តូ ឡឹម បានអញ្ជើញចូលរួម និងកាត់ខ្សែបូសម្ពោធពិធីបុណ្យ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកស្រី ង៉ូ ភឿង លី បានអះអាងថា ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាដំណើរដ៏វែងឆ្ងាយដែលកសាងឡើងដោយភក្តីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងបណ្តោយប្រវត្តិសាស្ត្រ វប្បធម៌តែងតែដើរតួនាទីជាស្ពានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជនវៀតណាមនិងរុស្ស៊ី។ “វៀតណាម - ពណ៌ពីតំបន់ត្រូពិច” ជាមួយនឹងភាពចម្រុះ និងពណ៌វប្បធម៌ឆ្នើមរបស់វៀតណាម គឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការវប្បធម៌ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ក្នុងមហោស្រពវប្បធម៌វៀតណាម ភ្ញៀវទេសចរអាចរីករាយនឹងការសម្តែងអាយ៉ងលើទឹក ភ្លក់ម្ហូបប្រពៃណីវៀតណាម ចូលរួមក្នុងថ្នាក់ធ្វើម្ហូប ទស្សនាការបង្ហាញម៉ូដអាវផាយ រីករាយជាមួយតន្ត្រីប្រពៃណី ស្វែងយល់អំពីសិប្បកម្មនិងគ្រឿងអលង្ការរបស់វៀតណាម ទស្សនាការតាំងពិព័រណ៍រូបថត “វៀតណាម ប្រទេសជាតិ ប្រជាជន”។ល។ មហោស្រពវប្បធម៌វៀត ណាមបានអូសបន្លាយពីថ្ងៃទី ២៥ខែកក្កដា ដល់ថ្ងៃទី ៣ខែសីហា ឆ្នាំ ២០២៥៕


top