ទូទាំងតំបន់ស្រុកជីឡាំង (Chi Lang) សម្បូរភ្នំថ្ម គ្របដណ្តប់ទៅដោយពណ៌បៃតងនៃដើមទៀប។ ដើមទៀបតាមដំណើរជនជាតិតៃ (Tay) ជនជាតិណុង (Nung) លូតលាស់បង្អួតខ្លួននៅលើខ្នងជ្រលងភ្នំ អូសបន្លាយឆ្ងាយដាច់កន្ទុយភ្នែក។ ជាមួយនឹងផ្ទៃដីជាង១៥ពាន់ហិតតា ដើមទៀបជាប្រៀបខ្លាំងមួយសម្រាប់ខេត្តឡាងសើន (Lang Son) បង្កើតទៅជាតំបន់ផលិតទំនិញធំបំផុតរបស់ខេត្ត។
ស្តុក “រ៉កដឹកផ្លែទៀប”
ចេញពីក្រុងហាណូយ ត្រឡប់ទៅកាន់ផ្លូវជាតិលេខ១អេ ទៅដល់ស្ពានជីឡាំង (Chi Lang) ចំណុះទីរួមស្រុកដុងម៉រ (Dong Mo) (ស្រុកជីឡាំង (Chi Lang)) ឃើញនៅក្បែរផ្លូវមានទិដ្ឋភាពមមាញឹកខុសប្លែកពីប្រក្រតី។ ក្រុមមនុស្សរែកលីកញ្ឆេផ្លែទៀបប្រហែល៣០គីឡូក្រាម ចេញពីរ៉កនៅក្បែរផ្លូវចុះទៅកាន់ដេប៉ូចែកចាយ រួចបំបែកទៅតាមផ្សារដុងបាញ (Dong Banh) លក់ទៅឱ្យឈ្មួញ។ បងហ្វាង វ៉ាន់ភូ (Hoang Van Phu) ជនជាតិតៃ នៅទីរួមស្រុកជីឡាំង (Chi Lang) ខ្លួនទទឹកជោកទៅដោយញើស ទ្រកញ្ឆេចេញពីរ៉ក ដែលនាំចុះមកពីភ្នំខ្ពស់ រួចជ្រើសយកផ្លែទុំជាងគេ ឆ្ងាញ់ជាងគេ អញ្ជើញភ្ញៀវពិសា។ នៅកណ្តាលថ្ងៃ នារដូវប្រាំង រសជាតិផ្អែមឆ្ងាញ់នៃផ្លែទៀប ដូចជាជ្រោតជ្រាបចូលរាល់កោសិកាស្បែក ធ្វើឱ្យយើងគ្រប់គ្នាភ្លេចអស់នូវភាពណឿយហត់ បន្ទាប់ពីធ្វើដំណើរផ្លូវឆ្ងាយ។
បងហ្វាង វ៉ាន់ភូ (Hoang Van Phu) មានមោទនភាពបរិយាយអំពី ប្រព័ន្ធរ៉កដឹកជញ្ជូនផ្លែទៀបរបស់ស្រុកកំណើត។ ទូទាំងតំបន់ស្រុកជីឡាំង (Chi Lang) នេះ មានរ៉កដឹកជញ្ជូនផ្លែទៀបរាប់រយគ្រឿងឯណោះ។ តាមធម្មតា ដំណាំដើមទៀបនៅលើភ្នំ តែងបានមាមីងបងប្អូនប្រមូលផល រួចខ្ចប់ដាក់ទៅនឹងកញ្ឆេ ពាក់ទៅលើរ៉ក ដើម្បីដឹកជញ្ជូនចុះមកជើងភ្នំ។ បងភូ (Phu) ឱ្យដឹងថា៖ “រយៈកាលមុននេះ១៥ឆ្នាំ ពេលមាមីងមិនទាន់កែច្នៃបានរ៉កដើម្បីដឹកជញ្ជូន ដល់រដូវប្រមូលផលផ្លែទៀប ពិតជាលំបាកខ្លាំងណាស់។ យើងខ្ញុំចំណាយពេលពេញមួយថ្ងៃ ដើម្បីរែកលីនូវកញ្ឆេទៀបចុះពីភ្នំ មិនត្រឹមតែផ្លែទៀបត្រូវរលាត់ជាំខ្ទាំខូចខាត នៅទាំងអ្នកដឹកជញ្ជូនចុះក៏មានការគ្រោះថ្នាក់ណាស់ណាដែរ។ មានករណីគួរឱ្យសោកស្តាយជាច្រើន ពេលដឹកជញ្ជូនផ្លែទៀបចុះមកក្រោម ភ្លាត់ជើងធ្លាក់ពីភ្នំចុះ”។