ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម នៅទីក្រុងហូជីមិញ (VIFC-HCMC) បានរំពឹងថានឹងបើកនូវលំហអភិវឌ្ឍន៍ថ្មីមួយ ដែលជាកន្លែងប្រមូលផ្តុំលំហូរទុន បច្ចេកវិទ្យាហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមនវានុវត្តន៍ជាសកល។
ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ចសកម្មមួយរបស់វៀតណាម ទីក្រុងហូជីមិញ កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងមហិច្ឆតាចង់ក្លាយជាចំណុចតភ្ជាប់ហិរញ្ញវត្ថុអន្តរជាតិនៅអាស៊ីអាគ្នេយ៍។ ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម នៅទីក្រុងហូជីមិញ (VIFC-HCMC) បានរំពឹងថានឹងបើកនូវលំហអភិវឌ្ឍន៍ថ្មីមួយ ដែលជាកន្លែងប្រមូលផ្តុំលំហូរទុន បច្ចេកវិទ្យាហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមនវានុវត្តន៍ជាសកល។
លំហហិរញ្ញវត្ថុថ្មី នៅតាមដងទន្លេសាយហ្គន
ដើរតួនាទីជាសសរស្តម្ភសេដ្ឋកិច្ចរបស់វៀតណាម បច្ចុប្បន្នទីក្រុងហូជីមិញ បានរួមចំណែកប្រហែល ២២ - ២៣% GDP និងជិត ២៧% នៃចំណូលថវិកាជាតិសរុប។ ទីក្រុងនេះក៏ជាកន្លែងប្រមូលផ្តុំភាគច្រើននៃស្ថាប័នហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនមូលបត្រ និងសហគ្រាសបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) របស់ប្រទេសទាំងមូលផងដែរ។
អគារហិរញ្ញវត្ថុ Bitexco (អគារខ្ពស់បំផុត) នៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន/VNP
នៅក្នុងបរិបទដែលលំហូរទុនអន្តរជាតិ កំពុងបម្លាស់ទីយ៉ាងខ្លាំងក្លាទៅកាន់តំបន់អាស៊ី និងមានការប្រកួតប្រជែង រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនានា កាន់តែកើនឡើង ទីក្រុងហូជីមិញ បានកំណត់គោលដៅ មិនត្រឹមតែរក្សាតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ នៅថែមទាំងឈានជើងចូលកាន់តែជ្រៅក្នុងបណ្តាញហិរញ្ញវត្ថុពិភពលោក ជាបណ្ដើរៗទៀតផង។
មើលពីទីខ្ពស់ តំបន់មជ្ឈមណ្ឌលកំពុងរំលេចនៅទីក្រុងហូជីមិញ និងតំបន់ទីក្រុងថ្មីធូធៀម (Thu Thiem) បង្កើតបានជាលំហអភិវឌ្ឍន៍ដ៏ទំនើបមួយ នៅក្បែរដងទន្លេសាយហ្គន។ បណ្តាអគារខ្ពស់ៗ ប្រព័ន្ធចរាចរណ៍ថ្មី រួមជាមួយនឹងខ្សែរថភ្លើង Metro លេខ១ បេនថាញ់ - ស៊ុយធៀន (Ben Thanh - Suoi Tien) កំពុងរួមចំណែកបង្កើតនូវមុខមាត់ថ្មី នៃទីក្រុងមួយ ដែលឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។
ក្នុងដំណាក់កាលឆ្នាំ២០២៥ - ២០២៦ គម្រោង VIFC-HCMC ឈានចូលដំណាក់កាលអនុវត្តន៍ដ៏សំខាន់ ជាមួយនឹងមូលដ្ឋានគតិយុត្ត ដែលបានបំពេញបន្ថែមនិងកែលម្អ តាមរយៈគោលនយោបាយថ្មីៗរបស់រដ្ឋ។ VIFC-HCMC ត្រូវបានតម្រង់ទិស ដើម្បីអភិវឌ្ឍទៅជាប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏ទំនើបមួយ តភ្ជាប់តំបន់មជ្ឈមណ្ឌលទីក្រុង ជាមួយតំបន់ ធូធៀម និងច្រករបៀងអភិវឌ្ឍន៍តាមបណ្តោយទន្លេសាយហ្គន។
ទីស្នាក់ការប្រតិបត្តិការមូលបត្រទីក្រុងហូជីមិញ – មជ្ឈមណ្ឌលជួញដូរមូលបត្រធំជាងគេបំផុត នៅវៀតណាម។ រូបថត៖ ហឿជុង/VNA
ប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្ម និងសេវាកម្មទំនើប គឺជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងជម្រុញកំណើនសេដ្ឋកិច្ច
និងការប្រើប្រាស់របស់ទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន/VNP
មិនត្រឹមតែជាកន្លែងប្រមូលផ្តុំ នៃការកំណត់របបហិរញ្ញវត្ថុបែបប្រពៃណីប៉ុណ្ណោះទេ មជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីនេះ នៅឆ្ពោះទៅរកទម្រង់ផ្សារភ្ជាប់ រវាងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងនវានុវត្តន៍។ វិស័យនានាដូចជា Fintech Blockchain ហិរញ្ញវត្ថុបៃតង (Green finance) ទិន្នន័យធំ (Big data) និងការទូទាត់ឌីជីថល បានកំណត់ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងដំណើរការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ នាពេលអនាគត។
ចក្ខុវិស័យយុទ្ធសាស្ត្រ - តំណភ្ជាប់ពិភពលោក
ដើម្បីកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ ដែលមានសមត្ថភាពប្រកួតប្រជែងថ្នាក់អន្តរជាតិ ទីក្រុងហូជីមិញ កំពុងផ្តោតលើការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានូវកត្តាផ្សេងៗដូចជា៖ ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធានមនុស្ស និងបច្ចេកវិទ្យា។ យន្តការសាកល្បងដែលមានការគ្រប់គ្រង (Sandbox) គំរូអាជ្ញាកណ្តាលអន្តរជាតិ និងដំណោះស្រាយលើកកម្ពស់បរិស្ថានវិនិយោគ កំពុងបានសិក្សាស្រាវជ្រាវ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សកម្មភាពហិរញ្ញវត្ថុថ្មីៗ។
ពិធីវាយគងបើកសម្ពោធការជួញដូរមូលបត្រ ដើមនិទាឃរដូវ នៃប្រតិបត្តិការមូលបត្រទីក្រុងហូជីមិញ។
រូបថត៖ ហឿជុង/VNA
អតិថិជនតាមដានការប្រែប្រួលតម្លៃភាគហ៊ុន ដែលបានចុះបញ្ជីនៅលើប្រតិបត្តិការមូលបត្រទីក្រុងហូជីមិញ។ រូបថត៖ ហឿជុង/VNA
ទន្ទឹមនឹងនោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍កំពុងបានពង្រីក ដោយមានខ្សែរថភ្លើង Metro លេខ១ ដែលបានដាក់ឱ្យដំណើរការ ខ្សែផ្លូវក្រវាត់ក្រុង ផ្លូវល្បឿនលឿនតភ្ជាប់តំបន់ និងព្រលានយន្តហោះអន្តរជាតិឡុងថាញ់ (Long Thanh) នាពេលអនាគត រួមចំណែកលើកកម្ពស់សមត្ថភាពតភ្ជាប់របស់ទីក្រុង ជាមួយតំបន់ និងពិភពលោក។
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល ការទូទាត់មិនប្រើសាច់ប្រាក់ និងទីផ្សារទុន ក៏កំពុងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ដំណើរការផ្លាស់ប្តូរនេះផងដែរ។ ទាំងនេះ គឺជាគុណសម្បត្តិដែលជួយឱ្យទីក្រុងហូជីមិញ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង នៅក្នុងតំបន់ជាជំហានៗ។
ប្រជាជន និងភ្ញៀវទេសចរដើរទិញទំនិញ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ
នៃទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន/VNP
ទោះបីជាត្រូវប្រឈមមុខនឹងការប្រកួតប្រជែង ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗ ដូចជា សិង្ហបុរី ឬហុងកុង (ចិន) ក៏ដោយ ទីក្រុងហូជីមិញនូវតែមានគុណសម្បត្តិដោយឡែករបស់ខ្លួន៖ សេដ្ឋកិច្ចប្រកបដោយថាមវន្តសកម្ម សហគមន៍សហគ្រាសធំ ប្រភពធនធានមនុស្សវ័យក្មេង និងសមត្ថភាពបន្ស៊ាំខ្លួនទៅនឹងនិន្នាការថ្មីៗយ៉ាងឆាប់រហ័ស។
ការកសាង VIFC-HCMC មិនត្រឹមតែជាជំហានអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់វៀតណាម លើកកម្ពស់ឋានៈរបស់ខ្លួន នៅក្នុងបណ្តាញហិរញ្ញវត្ថុពិភពលោក ឆ្ពោះទៅរកសេដ្ឋកិច្ចសមាហរណកម្ម នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ ទ្រុងខាញ់ - រូបថត៖ ង្វៀនឡឹន/VNP VNA
ប្រែសម្រួល៖ រីកើង