ព័ត៌មាន

ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជានៅទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងជួយជ្រោមជ្រែងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២ នាយប់ថ្ងៃទី ១៦ មិថុនា នៅវត្តចន្ទរង្សី (សង្កាត់លេខ៣ ទីក្រុងហូជីមិញ) សមាគមមិត្តភាព​វៀតណាម-កម្ពុជា ទីក្រុងហូជីមិញ បានរៀបចំជំនួបសំណេះសំណាលជាមួយសិស្សកម្ពុជាដែលកំពុងសិក្សានៅទីក្រុង។
  ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជានៅទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)  

លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាជននៃទីក្រុង​ហូជីមិញដែលបានយកចិត្តទុកដាក់ និងជួយដល់សិស្សកម្ពុជាដែលកំពុងសិក្សានៅទីក្រុងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោក សុខ ដារ៉េត សង្ឃឹមថា តាមរយៈកម្មវិធីថែទាំសិស្សកម្ពុជា ទំនាក់ទំនងជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ នាពេលខាងមុខនេះ។

ក្នុងជំនួបនេះដែរ សមាគមមិត្តភាពវៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញ បានប្រគល់អាហារូបករណ៍ចំនួន ៥០០ លានដុង តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញដើម្បីជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុង និងផ្តល់អំណោយជាច្រើនដល់ក្រុមគ្រួសារជួបការលំបាកក្នុងសង្កាត់លេខ៣។

ទន្ទឹមនឹងនោះ វត្តចន្ទរង្សី ក៏បានផ្តល់អាហារូបករណ៍ ដោយមានតម្លៃ ១ លានដុង ដល់និស្សិតកម្ពុជា ១០០ នាក់នៅក្នុងទីក្រុងផងដែរ៕


top