ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ផ្តល់អាទិភាពរាល់កម្មវិធីបង្រៀនភាសា ខ្មែរ ភាសា ឡាវ នៅបណ្តាឃុំព្រំដេន

លោកឧបនាយករដ្ឋមន្ត្រី ឡេ ថាញ់ឡុង បានចុះហត្ថលេខាលើសេចក្តីសម្រេច លេខ 2732/QĐ-TTg ចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ អនុម័តគម្រោង "បង្កើនការបង្ហាត់បង្រៀន និងរៀនភាសាបរទេសក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៤៥"។

គោលបំណងនៃគម្រោងនេះសំដៅបង្កើនជំនាញប្រើភាសាបរទេសសម្រាប់អ្នករៀន បំពេញតម្រូវការ​រៀនសូត្រ ការទំនាក់ទំនង ការទទួលចំណេះដឹង វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សកល និងសមាហរណកម្ម​អន្តរជាតិ រួមចំណែកបង្កើនការប្រកួតប្រជែងនៃធនធានមនុស្សនៅលើទីផ្សារកម្លាំងពលកម្មក្នុងស្រុក និងអន្តរជាតិ កសាងជំនាន់យុវជនមួយមានជំនាញភាសាបរទេសល្អ បំពេញតម្រូវការនៃបរិវត្តកម្ម និងការ​អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។

ការដាក់បញ្ចូលសិក្សាភាសា ខ្មែរ ភាសា ឡាវ តាមបណ្តាឃុំជាប់ព្រំដែនប្រទេសនីមួយៗ ក្នុងគោលបំណងរឹតចំណងមិត្តភាពនិងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាង វៀតណាម ជាមួយប្រទេសជិតខាង។

គម្រោងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ កសាងនិងដំណើរការកម្មវិធីបង្ហាត់​បង្រៀនភាសារបស់ប្រទេសអាស៊ានមួយចំនួន ដោយផ្តល់អាទិភាពដល់កម្មវិធីបង្រៀនភាសា ឡាវ និងភាសា ខ្មែរ នៅតាម​គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលដែលមានតម្រូវការ និងបំពេញលក្ខខណ្ឌដំណើរការ ជាពិសេសនៅបណ្តាឃុំតំបន់ព្រំដែន។

កសាង ដំណើរការកម្មវិធីបង្រៀនភាសាបរទេសនៅក្នុងបណ្តាគ្រឹះស្ថានអប់រំវិជ្ជាជីវៈ គ្រឹះស្ថានអប់រំមហាវិទ្យាល័យ គ្រឹះ​ស្ថាន​អប់រំបន្ត តបតាមតម្រូវការរបស់អ្នករៀន សមស្របនឹងភាពជាក់ស្តែង។ កសាង ដាក់ដំណើរការសាកល្បងការ​ជ្រើសរើសភាសាសម្រាប់កុមារមត្តេយ្យសិក្សារៀនភាសា ចិន ជប៉ុន កូរ៉េ។ បន្តសាកល្បងកម្មវិធីជ្រើសរើសរៀនភាសា ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ ជប៉ុន និង កូរ៉េ ចំពោះសិស្សថ្នាក់ទី ១ ទី ២ កម្មវិធីបង្រៀនភាសា កូរ៉េ អាល្លឺម៉ង់ ក្នុងកម្មវិធីអប់រំចំណេះដឹងទូទៅ​នៅតាម​គ្រឹះស្ថានអប់រំដែលមានតម្រូវការ និងលក្ខខណ្ឌគ្រប់គ្រាន់ដំណើរការ។

ថ្នាក់បង្រៀនភាសា ខ្មែរ មួយនៅខេត្ត អានយ៉ាង ជាប់ព្រំដែន​ កម្ពុជា។

បង្កើនការបង្រៀនភាសាបរទេស រួមបញ្ចូលភាសាបរទេសនិងខ្លឹមសារសិក្សា បង្រៀនរាល់វិញ្ញាសានិងផ្នែក វិជ្ជាជីវៈជាភាសា​បរទេសនៅក្នុងប្រព័ន្ធអប់រំជាតិ រួមមានដូចជាភាសា ចិន ជប៉ុន កូរ៉េ បំពេញតម្រូវការរបស់អ្នករៀន និងសមស្របជាមួយនឹង​លក្ខខណ្ឌរបស់មូលដ្ឋាន និងបណ្តាគ្រឹះស្ថានអប់រំ។ បន្តរក្សានិងបង្កើនគុណភាពនៃការបង្ហាត់បង្រៀន និងរៀនភាសា រុស្ស៊ី បារាំង អាល្លឺម៉ង់ និងភាសាបរទេសផ្សេងទៀតក្នុងប្រព័ន្ធអប់រំជាតិ។

យោងតាមគម្រោង "បង្កើនការបង្ហាត់បង្រៀន និងរៀនភាសាបរទេសក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៤៥" បញ្ជាក់ថា ក្រៅពីភាសា ខ្មែរ និងភាសា ឡាវ មានកសាង និងដាក់ដំណើរការសាកល្បងឲ្យប្អូនៗ សិស្សសាលាមានសិទ្ធជ្រើសរើសរៀនភាសាបរទេសដូចជាភាសា អង់គ្លេស បារាំង រុស្ស៊ី ចិន អាល្លឺម៉ង់ ជប៉ុន និង កូរ៉េ។

ស្តីអំពីការកសាង និងដាក់ដំណើរការកម្មវិធីសិក្សា សៀវភៅសិក្សាគោល ឯកសារ សម្ភារៈបង្រៀន និងរៀនភាសាបរទេស គម្រោងនេះតម្រូវឱ្យមានការស្រាវជ្រាវ ការកសាង ដាក់ដំណើរការសាកល្បង ការបូកសរុប ការវាយតម្លៃ ការបោះពុម្ពផ្សាយ និង​ដំណើរការកម្មវិធី សៀវភៅសិក្សាគោល កម្មវិធីសិក្សា ឯកសារបង្រៀន និងរៀនភាសាបរទេស ការបង្រៀនភាសាបរទេសរួម​បញ្ចូលគ្នាក្នុងវិញ្ញាសាសិក្សាមួយចំនួន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីបណ្តុះបណ្តាល បំប៉នគ្រូបង្រៀនបង្រៀនភាសា​បរទេស។ បណ្តុះបណ្តាល បំប៉នគ្រូបង្រៀនបង្រៀនរាល់វិញ្ញាសាសិក្សា ជំនាញវិជ្ជាជីវៈជាភាសាបរទេសសម្រាប់គ្រប់កម្រិត​ភូមិសិក្សា កម្រិតបណ្តុះបណ្តាល។ល។ ផ្តល់អាទិភាពដំណើរការភាសារបស់ប្រទេសជិតខាងនៅក្នុងឃុំជាប់ព្រំដែនក្នុង​ទម្រង់រូបភាពផ្សេងៗ បំពេញតម្រូវការរបស់អ្នករៀន និងសមស្របជាមួយនឹងភាពជាក់ស្តែង៕


top