ព្រឹកមិញថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងទីក្រុងហាណូយ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានរៀបចំសន្និសីទទូទាំងប្រទេស ដើម្បីដាក់ពង្រាយការងារបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត សម្រាប់អាណត្តិ ២០២៦- ២០៣១។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
អញ្ជើញអ្នកចូលរួមសន្និសីទរួមមាន អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋលោក លឿង គឿង; អចិន្ត្រៃយ៍លេខាធិការដ្ឋាន លោក ត្រឹន កាំទូ; ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានធ្វើជាអធិបតីក្នុងសន្និសីទនេះ។
នៅក្នុងសុន្ទរកថាបើក លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតលើកនេះ កាលបរិច្ឆេទបោះឆ្នោត (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦) គឺលឿនជាងការបោះឆ្នោតមុនៗ ២ខែ។ ពេលវេលានៅក្នុងជំហាននៃដំណើរការបោះឆ្នោតត្រូវបានកាត់បន្ថយ៖ ពីចុងបញ្ចប់នៃការដាក់ឯកសារបេក្ខជន រហូតដល់ថ្ងៃបោះឆ្នោត ពី ៧០ថ្ងៃ ចុះមកត្រឹម ៤២ថ្ងៃ; ពេលវេលាសម្រាប់ការពិគ្រោះយោបល់ ការប្រកាសបញ្ជីបេក្ខជន និងការដោះស្រាយពាក្យបណ្តឹង តវ៉ាបណ្តឹងបរិហារ ក៏ត្រូវបានកែសម្រួលតាមនោះដែរ ដោយធានាបាននូវភាពស៊ីសង្វាក់គ្នា និងភាពសមស្របទៅនឹងស្ថានភាពជាក់ស្តែង។
“ការបោះឆ្នោតនីមួយៗ មានបរិបទថ្មីៗ គុណសម្បត្តិ និងការលំបាកថ្មីៗ ហើយស្ថានភាពថ្មីៗ អាចកើតឡើង ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ និងការដឹកនាំយ៉ាងដិតដល់របស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន ហើយដឹកនាំដោយផ្ទាល់ពីអគ្គលេខាបក្ស លោក តូ ឡឹម ការងាររៀបចំការបោះឆ្នោតគឺជាកត្តាសំខាន់បំផុតដើម្បីធានាបាននូវជ័យជម្នះនៃការបោះឆ្នោត។ រួមជាមួយនឹងនោះ គឺការប្តេជ្ញាចិត្ត សកម្ម ភាពច្នៃប្រឌិត ភាពបត់បែន ភាពជិតស្និទ្ធទៅនឹងស្ថានភាពជាក់ស្តែង និងលក្ខខណ្ឌភូមិសាស្ត្រនៃតំបន់នីមួយៗ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន។
អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើឲ្យត្រូវជ្រើសរើស និងណែនាំកម្មាភិបាលដែលពិតជាគំរូល្អទាក់ទងនឹងគុណសម្បត្តិ និងសមត្ថភាព។
“យើងត្រូវផ្តល់អាទិភាពដល់ការណែនាំកម្មាភិបាលដែលមានគំនិតច្នៃប្រឌិត ដែលហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ មានចក្ខុវិស័យ និងសមត្ថភាពក្នុងការចូលរួមក្នុងការបង្កើតគោលនយោបាយដើម្បីបង្កើតការអភិវឌ្ឍសម្រាប់តំបន់ និងប្រទេសជាតិក្នុងសម័យកាលថ្មី។ ចាំបាច់ត្រូវត្រួតពិនិត្យដោយប្រុងប្រយ័ត្ន និងលុបបំបាត់ចោលយ៉ាងម៉ឺងម៉ាត់តាំងពីដំបូងចំពោះអ្នកដែលបង្ហាញសញ្ញានៃឱកាសនិយមនយោបាយ មហិច្ឆតាអំណាច អភិរក្សនិយម បក្សពួកនិយម និងមូលដ្ឋាននិយម”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
លោកអគ្គលេខាបក្សបានស្នើរៀបចំការពិគ្រោះយោបល់ ការជ្រើសរើស និងការណែនាំបេក្ខជនឱ្យបានល្អ ដោយលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាជនពេញមួយដំណើរការបោះឆ្នោត។ ត្រូវតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រជាពលរដ្ឋទាំងអស់បានអនុវត្តសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោតស្របតាមច្បាប់ ហើយមិនអនុញ្ញាតឱ្យមានការរារាំងខុសច្បាប់ណាមួយរំលោភលើសិទ្ធិជាម្ចាស់របស់ប្រជាជនឡើយ៕