គិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈ មានប្រទេសនិងតំបន់ដែនដីចំនួន ១៤ ដែលបានយល់ព្រមទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម។
ទទួលស្វាគមន៍ភ្ញៀវមកកាន់អាកាសយានដ្ឋានអន្តរជាតិ Da Nang (រូបថតឯកសារ៖ TTXVN)
នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស ធ្វើការចែករំលែកព័ត៌មានជាមួយអ្នកសារព័ត៌មានអំពីគោលនយោបាយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសចូលមកវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលបានចាត់តាំងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលខ្លឹមសារនៃបទប្បញ្ញត្តិស្តីពីការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ បង្ហើយផែនការបើកសកម្មភាពទេសចរណ៍ឡើងវិញ ព្រមទាំងជួបធ្វើការជាមួយក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើរបាយការណ៍លម្អិតជូនរដ្ឋាភិ បាល និងនាយករដ្ឋមន្ត្រីស្តីពីគោលនយោបាយទិដ្ឋាការដែលបានអនុវត្តន៍ចំពោះភ្ញៀវអន្តរជាតិដែលចូលមកប្រទេសវៀតណាម។
ទាក់ទិននឹងស្ថានភាពនៃប្រទេសនិងតំបន់ដែនដីដែលទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំង របស់វៀតណាម អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈ មានប្រទេសនិងតំបន់ដែនដីចំនួន ១៤ ដែលបានយល់ព្រមទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម រួមមាន៖ ប្រទេស ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស កម្ពុជា ហ្វីលីពីន ប៉ាឡេស្ទីន ម៉ាល់ឌីវ នូវែលសេឡង់ ស្រីលង្កា អេហ្ស៊ីប និងទួរគី។ ដៃគូមួយចំនួនផ្សេងទៀតក៏កំពុងពិចារណានិងផ្លាស់ប្តូរយ៉ាងសកម្មនូវព័ត៌មានលម្អិតបច្ចេកទេសបន្ថែមទៀត ហើយនឹងបញ្ជាក់ក្នុងពេលឆាប់ៗនេះជាមួយវៀត ណាម។
បច្ចុប្បន្ន ប្រទេសវៀតណាមកំពុងទទួលស្គាល់ទម្រង់នៃវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំង ឬហៅម្យ៉ាងទៀតថា លិខិតឆ្លងដែនវ៉ាក់សាំង មកពីប្រទេស និងតំបន់ដែនដីចំនួន ៧៩៕