ឆ្នាំនេះ ផ្កាម៉ាក់ខៃ ដែលភាគច្រើនជាប្រភេទផ្កាម៉ាក់ខៃសាគូរ៉ា បានរីកស្គុះស្គាយលឿនជាងឆ្នាំ មុនៗ។ ភូមិជាច្រើននៅក្នុងខេត្ត Tuyen Quang (ខេត្ត Ha Giang មុនការរួមបញ្ចូល) មិនទាន់ចូលដល់និទាឃរដូវនៅឡើយ ប៉ុន្តែពណ៌ផ្កាឈូកបានគ្របដណ្ដប់ពាសពេញគ្រប់ទីកន្លែង។ ប្រជាជននៅមូលដ្ឋាន មានសេចក្ដីសោមនស្សរីករាយដោយបានគយគន់រដូវផ្ការីករយៈពេលវែងជាងធម្មតា ខណៈដែលភ្ញៀវទេសចរមកពីគ្រប់ទិសទី បាននាំគ្នាថតរូបដើម្បីឲ្យមានរូបថតអនុស្សាវរីយ៍ជាច្រើនអំពីរដូវផ្ការីកនៅតំបន់ខ្ពង់រាប។
ផ្កាម៉ាក់ខៃសាគូរ៉ារីកស្គុះស្គាយនៅក្នុងភូមិនានារបស់ជនជាតិ H'mong។ (រូបថត៖ Huyen Trang/VOV5)
លោក Shamika ភ្ញៀវទេសចរមកពីប្រទេសស្រីលង្កា។ (រូបថត៖ VOV5)
អ្នកស្រី Vang Thi Phan (ជនជាតិ Lo Lo) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ព្រោះក្រុមគ្រួសាររបស់គាត់ទទួលបានភ្ញៀវកាន់តែច្រើននៅពេលដែលផ្កាម៉ាក់ខៃសាគូរ៉ារីកស្គុះស្គាយ។ (រូបថត៖ Huyen Trang/VOV5)
ភូមិ Nậm
Piêu ឃុំ Nậm Dịch ជាតំបន់ស្នូលដែលដាំដើមតែ shan
tuyet នៅលើជួរភ្នំ Tay Con Linh ក្នុងខេត្ត Tuyen
Quang។ ទួលតែមានអាយុកាលរាប់រយឆ្នាំ ដែលគ្របដណ្តប់ដោយស្លែ ឥឡូវនេះត្រូវបានតុបតែងលម្អបន្ថែមដោយពណ៌ផ្កាឈូកនៃផ្កាម៉ាក់ខៃ
កំពុងរីកស្គុះស្គាយគ្រប់ទីកន្លែង។
ទេសភាពដ៏ស្ងប់ស្ងាត់ជាមួយនឹងពណ៌ខៀវស្រងាត់នៃស្លឹកតែ ឥឡូវនេះមានភាពរស់រវើកជាងមុន
ដើម្បីឲ្យប្រជាជននៅទីនោះ
ទទួលបានអារម្មណ៍យ៉ាងច្បាស់អំពីការផ្លាស់ប្តូរយឺតៗឆ្លងចូលក្នុងនិទាឃរដូវ។
នាពេលព្រឹកថ្ងៃមួយ
ដែលគ្រួសាររបស់លោក Hoàng Sành Vầy បានរីករាយទទួលមិត្តភក្តិម្នាក់មកពីភូមិជិតខាង
ដែលបាននាំយកតែ ក្រញ៉ាំនាគ (ជាតែបុរាណមួយប្រភេទនៅលើភ្នំ Tay Con Linh) មកចុងអញ្ជើញម្ចាស់ផ្ទះទទួលពិសារ។ នៅក្រោមរានហាលផ្ទះ
នៅក្បែរដើមផ្កាម៉ាក់ខៃដែលកំពុងរីកស្គុះស្គាយ ការសំណេះសំណាលធម្មតាដូចរៀងរាល់ថ្ងៃ
ប៉ុន្តែឥឡូវនេះបាននាំមកនូវបរិយាកាសបុណ្យតេត ដោយសារតែមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។
“នៅទីនេះ
ប្រភេទផ្កាម៉ាក់ខៃសាគូរ៉ារីកមុនគេ
ខណៈពេលដែលផ្កាម៉ាក់ខៃក្នុងស្រុកមិនទាន់រីកនៅឡើយទេ គឺវាទើបតែចេញពន្លក
ហើយទំនងជារីកចំឱកាសបុណ្យតេត។ ផ្ការីកតែរយៈពេលប្រហែលមួយខែ ឬយូរជាង
គឺអាស្រ័យលើអាកាសធាតុ។ ប្រសិនបើមានភ្លៀងធ្លាក់ច្រើន
ផ្ការីកបានតែរយៈពេលខ្លីប៉ុណ្ណោះ។ នៅឆ្នាំផ្សេងៗ ផ្កាម៉ាក់ខៃពីរប្រភេទនេះ
រីកតៗគ្នា។ ប្រភេទផ្កាម៉ាក់ខៃសាគូរ៉ារីកមុន ហើយដល់ផ្កាម៉ាក់ខៃរបស់យើង។
វាមានអារម្មណ៍ដូចជានិទាឃរដូវកំពុងមកដល់ ហើយយើងត្រៀមទទួលអំណរបុណ្យតេតអញ្ចឹង”។
នៅក្នុងខ្ពង់រាបថ្មនៃឃុំ
Mèo Vạc ប្រភេទផ្កាម៉ាក់ខៃសាគូរ៉ារីកស្គុះស្គាយ
ហាក់ដូចជាកំពុងបណ្ដេញភាពត្រជាក់នៃរដូវរងាដ៏វែងអន្លាយ។ នៅក្នុងភូមិ H’Mong ដែលស្ថិតនៅចន្លោះផ្ទះដីពណ៌ត្នោតប្រផេះ
មានផ្កាកុលាបច្រើនគុម្ភដែលកំពុងបង្អួតសម្រស់ដ៏អស្ចារ្យ។ ឆ្នាំនេះ
ផ្កាម៉ាក់ខៃបានរីកស្គុះស្គាយ
ស្របពេលដែលប្រជាពលរដ្ឋនៅតាមភូមិមួយចំនួនកំពុងអំណរបុណ្យតេត
តាមទំនៀមទំលាប់របស់ជនជាតិខ្លួន។ អ្នកស្រី Thào Thị Phương បាននិយាយថា៖
“ផ្កាម៉ាក់ខៃរីកច្រើនណាស់។
នៅពេលដែលផ្កាម៉ាក់ខៃទាំងនេះរីក មានតែថ្មនិងផ្កាប៉ុណ្ណោះ ដូច្នេះវាស្រស់ស្អាតខ្លាំងណាស់។
នៅទីនេះ ភូមិខ្លះបានប្រារព្ធអំណរបុណ្យតេតហើយ រួចពួកគេត្រឡប់ទៅធ្វើស្រែចំការ។
នៅពេលដែលផ្កាម៉ាក់ខៃរីក គឺបរិយាកាសនិទាឃរដូវចាប់ផ្តើមមកដល់”។
នៅឃុំ Lung
Cu ជាកន្លែងដែលផ្កាម៉ាក់ខៃកំពុងរីកស្គុះស្គាយ
ភ្ញៀវទេសចរជាច្រើនមកពីគ្រប់ទិសទី កំពុងប្រមូលផ្ដុំនៅទីនេះ
ដើម្បីគយគន់ទេសភាពនៃឃុំភ្នំព្រំដែន នៅពេលវេលាដ៏ស្រស់ស្អាតបំផុតក្នុងមួយឆ្នាំ។ លោក Shamika
ជាភ្ញៀវទេសចរម្នាក់មកពីប្រទេស ស្រីលង្កា បាននិយាយថា៖
"នេះជាលើកទីមួយដែលខ្ញុំបានឃើញភ្នំយ៉ាងច្រើនបែបនេះ
ហើយមានទេសភាពដ៏ស្រស់ស្អាតជាច្រើន នៅកន្លែងដែលខ្ញុំបានឆ្លងកាត់។
ខ្ញុំធ្លាប់បានទស្សនាផ្កាសាគូរ៉ានៅប្រទេសជប៉ុនពីមុនហើយ។
ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំបានឃើញផ្កាម៉ាក់ខៃនៅទីនេះ។ នៅកន្លែងដែលយើងទៅដល់
ខ្ញុំគិតថាមានដើមផ្កាប្រហែល ១០ ឬ ២០ ដើម។ មិនច្រើនពេកទេ ប៉ុន្តែស្រស់ស្អាតណាស់។
មានមនុស្សជាច្រើនមកទីនេះដើម្បីថតរូប"។
នៅពេលនេះ គ្រួសារដែលធ្វើទេសចរណ៍ដូចជាគ្រួសារ
អ្នកស្រី Vàng Thị Phấn នៅភូមិ Lo Lo Chai ដែលទើបតែទទួលបានកិត្តិនាមជា "ភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោក"
កំពុងមមាញឹកស្វាគមន៍ភ្ញៀវទេសចរ។
ក្រៅពីភាពរីករាយដោយបានឃើញភូមិរបស់ខ្លួនកាន់តែស្រស់ស្អាត
អ្នកស្រីក៏មានក្ដីសោមនស្សរីករាយ ដោយសារតែបន្ទប់ស្នាក់នៅត្រូវបានកក់ពេញក្នុងអំឡុងពេលថ្ងៃបុណ្យតេត
ហើយភូមិទាំងមូលកំពុងមមាញឹកទទួលស្វាគមន៍ភ្ញៀវទេសចរដែលស្លៀកពាក់សម្លៀកបំពាក់ស្អាតៗ
ដើម្បីថតរូបនៅក្បែរដើមផ្កាម៉ាក់ខៃ។
"ឥឡូវនេះមានផ្កាម៉ាក់ខៃស្អាតណាស់។
ប៉ុន្តែវាមិនទាន់រីកទាំងអស់នៅឡើយទេ។ នៅនិទាឃរដូវ មានផ្កា rapeseed និងផ្កាសាគូរ៉ា។ នៅខែកុម្ភៈ មានផ្កាម៉ាក់ខៃ និងផ្កាពែរ។ ផ្កាពែរមានពណ៌ស
ហើយផ្កាម៉ាក់ខៃមានពណ៌ក្រហម។ មើលទៅស្រស់ស្អាតណាស់។ ផ្ការីកពាសពេញភូមិ
ហើយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ និទាឃរដូវនេះ
ខ្ញុំពិតជាមានអារម្មណ៍រីករាយ"។
ផ្កាម៉ាក់ខៃរីកស្គុះស្គាយ
បានក្លាយជាលក្ខណៈស្រស់ស្អាតនៃភូមិខ្ពង់រាបនៅខេត្ត Tuyen Quang នៅពេលដែលនិទាឃរដូវខិតជិតមកដល់។
ក្រៅពីការបង្កើតទេសភាពដ៏ស្រស់បំព្រងនៅតំបន់ភ្នំថ្ម
ផ្កាម៉ាក់ខៃក៏ភ្ជាប់ជាមួយនឹងជីវភាពខាងស្មារតីរបស់ប្រជាជនក្នុងតំបន់ទៀតផង៕